ខួប​ទី​១៧ នៃ​ថ្ងៃ​​៥-៦ កក្កដា (ឆ្នាំ​១៩៩៧​-​២០១៤) តើ​នរណា​ធ្វើ​អ្វី​ខ្លះ?

ខួបទី១៧ឆ្នាំនៃ ព្រឹត្តិការណ៍វាយប្រហារប្រដាប់អាវុធ កាលពីថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ កណ្តាលរាជធានីភ្នំពេញ រវាងកងកម្លាំងគាំទ្រគណបក្សប្រជាជនកម្ពុជា ទល់នឹងកងកម្លាំងគាំទ្រគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលកាលនោះ​ស្ថិត​ក្រោមបញ្ជារបស់ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ និងសម្តេចក្រុម ព្រះនរោត្តម រណឫទ្ធិ នាយក​រដ្ឋមន្ត្រី​ទី១ បាន​នឹងប្រព្រឹត្តិទៅក្នុងឆ្នាំនេះ ក្នុងពេលដែលស្ថានភាពនយោបាយ នៅបន្តជាប់គាំងនៅឡើយ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី0៤ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 04, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វិបត្តិនយោបាយ - គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៣ ខែកក្កដា ម្សិល​ម៉ិញនេះ បានបង្ហាញឆន្ទះរបស់ខ្លួន ក្នុងការប្រារព្វគោរព​វិញ្ញាណក្ខន្ធ អ្នកដែល​បាន​បាត់​បង់​ជីវិត ក្នុងព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ​១៩៩៧។ ដោយ​ឡែក​គណបក្ស​ហ្វុនស៊ីនប៉ិច ដែលមាន​អ្នក​ជិតស្និត​របស់ខ្លួន ស្លាប់​ក្នុងព្រឹត្តិការណ៍នេះ នៅ​មិន​ទាន់បង្ហាញឆន្ទៈ ពីការរៀបចំប្រារព្វពិធីនេះនៅឡើយទេ។

ក្នុងបរិយាកាសបែបនេះ ប្រាកដជាមានអ្នកសួរថា តើថ្ងៃទី៥ ទី៦ ខែកក្កដា ឆ្នាំ១៩៩៧ ជាថ្ងៃអ្វី?

សម្រាប់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងថ្ងៃទី៤ ខែកក្កដាឆ្នាំ២០១៤នេះ បានចាត់ទុកថា ព្រឹត្តិការណ៏៥-៦ កក្កដា ១៩៩៧ ជា​ព្រឹត្ដិការណ៏​មួយ ដែលបានធ្វើឲ្យឈាមខ្មែរអ្នកស្នេហាជាតិ​ហូរដោយ​អយុត្តិធម៌ ហើយក៏ជាព្រឹត្តិការណ៏​មួយ ដែល​សម្លាប់​ពន្លក​ប្រជាធិបតេយ្យនៅកម្ពុជា។ លោកបានសរសេរ តាម​បណ្តាញសង្គម​ហ្វេសប៊ូក​ថា៖ «ឥឡូវ ឈាម​ខ្មែរ នៅ​តែ​ហូរ​ដោយអំពើអយុត្តិធម៌ ស្ថានភាពប្រជាធិបតេយ្យ ត្រូវ​បានជាន់ពន្លិចដោយ​​ពួក​ជន​ផ្តាច់​ការ។ យើង​ត្រូវ​ការ​យុត្តិធម៌... ដើម្បីសង្គ្រោះជាតិយើង !»។

ព្រោះសម្ដេចក្រុមព្រះ នាំខ្មែរក្រហម ចូលភ្នំពេញ ...?

លោក ហ៊ុន សែន កាលពីព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១២ ក្នុងពិធីប្រគល់សញ្ញាប័ត្រ ដល់និស្សិតនៃបណ្ឌិត​សភា​នគរបាលកម្ពុជា ស្រុកកៀនស្វាយ ខេត្តកណ្តាល បានចាត់ទុកថា ព្រឹត្តិការណ៍វាយប្រហារបង្ហូរឈាម​​ដោយ​អាវុធ រវាងកងទ័ពក្នុងជួររដ្ឋាភិបាល ដឹកនំាដោយគណបក្សប្រជាជនកម្ពុជា ជាមួយនឹងកងទ័ព​របស់​​គណបក្ស​ហ្វុនស៊ីនប៉ិច កាលពីថ្ងៃទី៥ និងទី៦ ខែកក្កដា ឆ្នាំ១៩៩៧ វាមិនមែនជាការធ្វើរដ្ឋប្រហារ ទម្លាក់​សម្ដេច​ក្រុម​​ព្រះ​នរោត្តមរណឬទ្ធិ ពីនាយយករដ្ឋមន្រ្តីទី១ទេ។

លោកនាយករដ្ឋមន្រ្តី បានធ្វើការពន្យល់ថា ការសម្រេចចិត្តរបស់លោក វាយបកលើកងកម្លាំងគណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែលមានសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ជាប្រធាន ព្រោះបាននាំកងទ័ពខ្មែរក្រហមពីសំឡូត និងតាសាញ់ចូលមក​ភ្នំពេញ។ នៅដំណាក់សម្តេចក្រុមព្រះផ្លូវសម្តេចប៉ាន និងនៅទីស្នាក់ការគណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជិតគល់ស្ពានជ្រោយ​ចង្វារ ក្នុងរាជធានីភ្នំពេញ មានកងទ័ពខ្មែរក្រហមប្រមាណ ២៧០នាក់។ មានកងទ័ពខ្មែរក្រហមនៅជាមួយ លោក ញឹក ប៊ុនឆៃ និងនៅកន្លែងដទៃជាច្រើនទៀត។

ឯលោក ញឹក ប៊ុនឆៃ បច្ចុប្បន្នជាអគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១២ ក្នុង​សន្និសីទសារព័ត៌មាន ក៏បានបដិសេធថា ថ្ងៃទី៥-៦ ខែកក្តដា ឆ្នាំ១៩៩៧ មិនមែនជា«រដ្ឋប្រហារ»នោះដែរ។ លោក​បានធ្វើការពន្យល់ថា វាកើតចេញពីរឿងមិនទុកចិត្តគ្នា។ កាលនោះការលើកយុទ្ធសាស្ដ្រ របស់​សម្ដេច​ក្រុមព្រះ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ធ្វើតុល្យភាពកម្លាំងប្រដាប់អាវុធ ជាមួយនឹងគណបក្សប្រជាជន នាំ​ឲ្យ​មានមន្ទិល​សង្ស័យថា យកកម្លាំងខ្លែរក្រហមចូលមកដើម្បីបង្កើនកម្លាំង និងធ្វើតុល្យភាពជាមួយកម្លាំង​ប្រដាប់​អាវុធ គណបក្ស​ប្រជាជនកម្ពុជា។ ការមិនទុកចិត្តគ្នានេះហើយ ទើបកើតមានព្រឹត្តិការណ៍ថ្ងៃ៥-៦ កក្កដា ឆ្នាំ​១៩៩៧។

ចំពោះសមាជិកសមាជិកាគណបក្ស ហ្វុនស៊ីនប៉ិច ដែលបានស្លាប់ក្នុងពេលនោះ ត្រូវបានលោក ញឺក ប៊ុនឆៃ បញ្ជាក់​ថាត្រូវយកថ្ងៃទី១ នៃពិធិបុណ្យភ្ជុំបិណ្ឌ ជាថ្ងៃឧទ្ទិសកុសលជូនដល់អ្នក ដែលបានពលីជីវិតទាំងនោះ។ ផ្ទុយទៅវិញ​លោកក៏បានចាត់ទុកថា អ្នកនយោបាយណាមួយ ដែលយកថ្ងៃទី៥-៦ ខែកក្កដានេះ ជាថ្ងៃរំលឹក​អ្នកដែលបាន​ស្លាប់​នោះ ជាការកេងចង់បានចំណេញផ្នែកនយោបាយប៉ុណ្ណោះ។

ក្នុងឆ្នាំ២០១១ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាល ក៏ធ្លាប់បានចេញនូវ​សេចក្តីណែនាំ កាលពីថ្ងៃទី៦កក្កដា ឆ្នាំ២០១១ សរសេរទៅកាន់អ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ​ទាំងអស់​នៅ​កម្ពុជា ឲ្យបញ្ឈប់ការប្រើពាក្យព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ ថាជា«រដ្ឋប្រហារ»។ កាលនោះលោក​បាន​ធ្វើការ​ពន្យល់ថា មានបណ្ថាញសារព័ត៌មានមួយចំនួន បានធ្វើការផ្សព្វផ្សាយពាក់ព័ន្ធ នឹងព្រឹត្តិការណ៍​ថ្ងៃទី៥-៦កក្កដា ឆ្នាំ១៩៩៧ ដោយប្រើពាក្យថា«រដ្ឋប្រហារ» ដែលការប្រើពាក្យនេះ អាចនឹងធ្វើឲ្យសាធារណជន​ទូទៅ មានការយល់​ច្រឡំ ចំពោះព្រឹត្តិការណ៍ថ្ងៃ៥-៦កក្កដា ឆ្នាំ១៩៩៧នោះ។

ផ្ទុយនិងការលើកឡើងខាងលើ យោងតាមឯកសារឯករាជ្យជាច្រើន បានចាត់ទុកថាព្រឹត្តិការណ៏ថ្ងៃទី៥-៦ កក្កដា ឆ្នាំ១៩៩៧ ថាជា«រដ្ឋប្រហារ» បណ្ដេញព្រះអង្គម្ចាស់នរោត្ដម រណឫទ្ធិ ពីតំណែងនាយករដ្ឋមន្ត្រីទី១ ជាប់ឆ្នោត​ស្រប​ច្បាប់កាលពីឆ្នាំ១៩៩៣ ដោយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ ដែលចាញ់ឆ្នោត តែនៅ​ក្រាញមិនចុះពីអំណាច នៅឆ្នាំបោះឆ្នោតដដែលនោះ។ ឯកសារមួយរបស់ វីគីប៉េឌៀ បានបញ្ជាក់ដូច្នេះថា៖ «រដ្ឋប្រហារ១៩៩៧ បានផ្ទេរ​អំណាចទៅឱ្យលោកហ៊ុន-សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា  និង​គណបក្សប្រជាជនកម្ពុជា ឱ្យស្ថិតនៅ​ក្នុង​អំណាច មកទល់ឆ្នាំ២០១៤​សព្វថ្ងៃនេះ។»

សូមរំលឹកថា ការផ្ទុះអាវុធកណ្តាលរាជធានីភ្នំពេញ នាថ្ងៃទី៥-៦ កក្កដា ឆ្នាំ១៩៩៧ នេះ បានធ្វើឲ្យ ប្រជាជនខ្មែរ​ដែល​រស់នៅរាជធានីភ្នំពេញ ជាច្រើនសិបនាក់ បានជម្លៀសខ្លួនចេញពីរាជធានី ទៅទីជនបទ ហើយបាន​បណ្ដាល​ឲ្យមាន​មនុស្សស្លាប់របួសជាច្រើននាក់ និងខូចខាតទ្រព្យសម្បត្តិ៍ជាច្រើន ទាំងរបស់ឯកជន ទាំង​ផ្លូវ​ថ្នល់ អាគារសាធារណៈ។

១៧ឆ្នាំមកនេះ នៅមិនទាន់មានអ្នកនយោបាយជាន់ខ្ពស់ណា ធ្វើការពន្យល់ហេតុផលឲ្យត្រឹមត្រូវ និងប្រភព​ដើមពិត​ប្រាកដ នៃជម្លោះនោះយ៉ាងណានៅឡើយ។ ឯជនរងគ្រោះនៅក្នុងព្រឹត្តិការណ៍នេះ និងក្រុមគ្រួសារ​របស់ពួកគេ ជា​ច្រើននាក់ ក៏នៅមិនទាន់ទទួលបាន យុត្តិធម៌ថាយ៉ាងណានោះដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...