ឡានលុចស៊ីស បុកឡានសាំយ៉ុង តែរងរបួសម្ចាស់ម៉ូតូទៅវិញ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី១១ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 13, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ឡានមួយសាំយ៉ុងមួយគ្រឿង រងការខូចខាតផ្នែកខាងមុខ ស្ទើទាំងស្រុង ដោយសារឡានឡុចស៊ីសមួយគ្រឿង បានបើកបុកចំពីរមុខ។ មិនត្រឹមតែភាគីទាំងសងខាង ជាអ្នកខូចខាតទេ នៅមានម៉ូតូមួយគ្រឿងទៀត ក៏បានរងគ្រោះ ក្នុងហេតុការណ៍នេះដែរ បណ្តាលឲ្យអ្នកបើកម៉ូតូ រងរបួសជើងខាងស្តាំ យ៉ាងធ្ងន់ធ្ងរ។ ដំណោះស្រាយចុងក្រោយ ភាគីទាំងពីរ (រថយន្ដសាំយ៉ុង និងម៉ូតូ) ត្រួវបានម្ចាស់រថយន្តលុចស៊ីស ចេញថ្លៃខូចខាត។
ករណីនេះ បានបង្ករការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុច ទល់មុខក្រសួងកាងារ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបង្ករឡើង ដោយរថយន្តលុចស៊ីសមួយគ្រឿង បុករថយន្តសាំយ៉ុងចំពីមុខ បណ្តាលឲ្យឡានទាំងពីរគ្រឿង រងការខូចខាត រួមទាំងម្ចាស់ម៉ូតូមួយគ្រឿងទៀត រងបួសជើង។
ប្រភពត័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា គេមិនបានស្គាល់ពីអត្តសញ្ញាណ ជនបង្ក ដែលជាម្ចាស់ឡានលុចស៊ិស OX ៣០០ ពណ៍ពាក់ស្លាកលេខភ្នំពេញ ២AB-១១៣១ នោះទេ គ្រាន់តែដឹងថា ជាជនជាតិជប៉ុន។ ចំណែកឯជនរងគ្រោះ ឈ្មោះ គង់ ផល អាយុ៤៥ឆ្នាំ រស់នៅភូមិឬស្សីសាញ់ ឃុំស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បើកបរឡានសាំយ៉ុងពណ៍ស្លែ ពាក់ស្លាកលេខ ភ្នំពេញ ២K-០៥៨០ រងការខូចខាតរថយន្ដរបស់ខ្លួន ផ្នែកខាងមុខ។ រីជនរងគ្រោះម្នាក់ទៀត ដែលរងរបួសក្នុងហេតុការណ៍នេះដែរ ជាស្ត្រី បើកបរម៉ូតូ បានបាក់ជើងខាងស្តាំ និងត្រូវបានបញ្ជូន ទៅមន្ទីពេទ្យ។
សាក្សីបានឲ្យដឹងថា ស្ត្រីរងគ្រោះ ដែលត្រូវបានបញ្ជូនទៅមន្ទីពេទ្យ ឈ្មោះ លីវ ចន្រ្ទា ជិះម៉ូតូម៉ាកវេវ ពណ៍ក្រហមស្លាកលេខ ភ្នំពេញ 1BD-៣៨៤៨ ស្របផ្លូវគ្នា ជាមួយឡានសាំយ៉ុង ស្រាប់តែមកដល់កន្លែងកើតហេតុ ឡានលុចស៊ីសបានបុកឡានសាំយ៉ុងចំពីមុខ ហើយជ្រុលចង្កូត ទៅប៉ះម៉ូតូរបស់នាង ដែលនៅជិះក្បែរនោះ បណ្តាលឲ្យនាងរងរបួសជើងខាងស្តាំ។ បន្ទាប់ពីការចុះវាស់វែង របស់សមត្ថកិច្ចចររាចរណ៍ ខណ្ឌទួលគោក បានឲ្យដឹងថា ម្ចាស់រថយន្តលុចស៊ីសជាអ្នកខុស ភ្លាមៗនោះ ជនបង្ករបានយល់ព្រម ចេញសងថ្លៃខូចខាតទាំងអស់ ទៅកាន់ជនរងគ្រោះទាំងពីរ។
យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹង ពីមូលហេតុពិតប្រាកដណាមួយ ដែលបណ្តាលឲ្យឡានលុចស៊ីស បើកបុកចំពីមុខឡានសាំយ៉ុងបែបនេះទេ ព្រោះម្ចាស់ឡាន មិនចេះនិយាយភាសាខ្មែរ។ បន្ទាប់ពីបញ្ជូនស្រ្តីរងគ្រោះ ទៅមន្ទីពេទ្យ ម្ចាស់ឡានសាំយ៉ុង បានយកឡានរបស់ខ្លួនទៅជុសជុល ក្រោមការចំណាយ របស់ភាគីបង្ករទាំងអស់៕