ហ៊ុន សែន៖ ខ្ញុំគ្មាន... អា«ពូជឡប់»នេះទេ
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៨ សីហា ២០១៦
- កែប្រែចុងក្រោយ: August 08, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងការថ្លែងជាងមួយម៉ោង នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះ ក្នុងពិធីតភ្ជាប់ស្ពានកោះធំ ខេត្តកណ្តាល នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន មិនបានភ្លេចឡើយ ពីការលើកឡើងបន្តិច ទាក់ទងនឹងពូជអម្បូររបស់លោក ដែលលោកអះអាងថា មិនមែនជា«ពូជឡប់»។
ហើយបើគេធៀប ទៅនឹងព្រឹត្តិការណ៍កើតឡើងថ្មីៗបង្អស់ លោក ហ៊ុន សែន ទំនងជាចង់ឆ្លើយតប ទៅនឹងការថ្លែងរបស់លោក ប្រ៊េដ អាដាម (Braid Adams) នាយកប្រតិបត្តិប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (ហៅជាភាសាអង់គ្លេស «Human Rights Watch») ដែលបានគិតថា លោក ហ៊ុន សែន មាន«សតិមិននឹងន»។
លោក ហ៊ុន សែន បានយកឱកាសនេះ ថ្លែងពីពូជអម្បូរ«មិនឡប់»របស់លោក បន្ទាប់ពីលោកបានប្រតិកម្ម តបទៅនឹងការលើកឡើង របស់អ្នកប្រើប្រាស់បណ្ដាញសង្គម តាំងពីជាង២ឆ្នាំមុន ដែលនិយាយថា លោកនាយករដ្ឋមន្ត្រី បានដាច់សរសៃឈាមខួរក្បាល ហើយត្រូវបានបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យមួយ ក្នុងប្រទេសសិង្ហបូរី។
នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជាបានថ្លែងថា៖ «សុំផ្តាំទៅវិញទៅក្មួយ (អ្នកបង្ហោះព័ត៌មាន) នេះជាអំពើបាប ជាការប្រមាថ។ សូមក្មួយយកចិត្តទុកដាក់ អំពីសុខភាពខ្លួនឯង យកចិត្តទុកដាក់ អំពីសុខភាពម្តាយ ជីដូនជីតាខ្លួនឯងទៅ គ្រប់គ្រាន់ហើយ មិនបាច់យកចិត្តទុកដាក់ ដល់ថ្នាក់ហ្នឹងពេក អំពីសុខទុក្ខនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះទេ។»។
បន្ទាប់មកលោក ហ៊ុន សែន បានថ្លែងឡើងថា៖ «ខ្ញុំគ្មានពូជដាច់សរសៃឈាមខួរក្បាលទេ ហើយអាពូជឡប់នេះ ក៏អត់មានដែរ បើសិនជាអស់លោកឡប់ ក៏ឡប់គ្នាឯងចុះ កុំនាំខ្ញុំឡប់ ហើយកុំបំភ័យប្រជាពលរដ្ឋ»។
កាលពីចុងសប្ដាហ៍មុន លោក ប៊្រេដ អាដាម បានពន្យល់ពីមូលហេតុ នៃការរលើកឡើងផ្ទួនៗ ដែលបង្ហាញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឬមន្ត្រីនៅក្រោមបង្គាប់លោក គឺជាអ្នកទទួលខុសត្រូវ នៅក្នុងការវាយបង្ក្រាប រហូតដល់មានមនុស្សស្លាប់ ឬការចាប់ចងដាក់ឃុំ ទៅលើមនុស្សដែលមិនស្របនឹងលោក ហ៊ុន សែន នារយៈពេលចុងក្រោយបំផុតនេះ ថាទំនងមកពីលោក មាន«សតិមិននឹងន»។
ថ្លែងក្នុងកិច្ចសម្ភាសមួយ ជាមួយនឹងវិទ្យុអាស៊ីសេរី លោក ប្រ៊េដ អាដាម បានឲ្យដឹងថា៖ «ខ្ញុំបាននិយាយ ជាមួយមន្ត្រីរដ្ឋាភិបាលមួយចំនួន ហើយអ្នកទាំងនោះជឿថា លោក ហ៊ុន សែន បានប្រព្រឹត្តិអំពើទាំងនេះ ដោយសារគាត់ (លោក ហ៊ុន សែន) ធ្លាប់មានប្រវត្តិធ្វើដូច្នេះ កាលពីមុន។ ប៉ុន្តែអ្វីដែលខ្ញុំឆ្ងល់ និងចង់សួរនោះ គឺថា ហេតុអ្វីបានជាចាំបាច់ធ្វើ (ការចាប់ចង ឬការបង្ក្រាបនានា) នៅពេលនេះ? ហេតុអ្វីបានជាគាត់ ចាំបាច់បង្កវិបត្តិដូច្នេះ?»។
នាយកប្រតិបត្តិអង្គការឃ្លាំមើលសិទ្ធិមនុស្ស ទទួលបន្ទុកកិច្ចការតំបន់អាស៊ីរូបនេះ បានពន្យល់បន្តថា៖ «បើនិយាយពីគណបក្ស សង្គ្រោះជាតិវិញ គឺគ្មានលទ្ធភាពទាល់តែសោះ ក្នុងការធ្វើបដិវត្តន៍ពណ៌ ដូចអ្វីដែលពួកគេធ្លាប់និយាយនោះ។ អញ្ចឹងអ្វី ដែលខ្ញុំអាចសន្និដ្ឋានបាន នៅពេលនេះ គឺថា លោក ហ៊ុន សែន មានសតិអារម្មណ៍មិននឹងន ឬក៏លោកកំពុងបាត់បង់ភាពម្ចាស់ការ លើខ្លួនឯង។ សូម្បីតែមនុស្សនៅក្នុងគណបក្សរបស់គាត់ ក៏និយាយអញ្ចឹងដែរ។»
» អានអត្ថបទដែលទាក់ទង៖ ប្រ៊េដ អាដាម ថា ហ៊ុន សែន មាន«សតិមិននឹងន»
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានច្រានចោលការលើកឡើងខាងលើ និងបានពន្យល់បកវិញថា គឺលោក ប្រ៊េដ អាដាម ទៅវិញទេ ដែលកំពុងមានជំងឺក្នុងការរិះគន់ ឬវាយប្រហារទៅលើលោក ហ៊ុន សែន មិនឈប់ឈរ៕