ការប្រកាសលទ្ធផល នៃការបោះឆ្នោត មានភាពយឺតយ៉ាវ?
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: June 05, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការបោះឆ្នោតឃុំសង្កាត់អណត្តិទី៣ ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃអាទិត្យ ទី៣មិថុនាកន្លងទៅ បានប្រមូលប្រជាពលរដ្ខ អ្នកទៅបោះឆ្នោតប្រមាណតែជា ៥១,២៣ ភាគរយប៉ុណ្ណោះ។ តែអ្វីដែលគេបានកត់សម្គាល់ ក្រោយពីការបោះឆ្នោតនេះ គឺលទ្ធផលនៃបោះឆ្នោត ទោះជាមិនផ្លូវការ ហើយជាលក្ខណៈបណ្ដោះអាសន្ននោះក៏ដោយ ក៏មិនត្រូវបានគេបញ្ចេញឲ្យដឹងនៅឡើយទេ រហូតមកដល់ថ្ងៃទី៦ មិថុនា នេះ។ សំនួរបានចោទសួរថា ហេតុអ្វីក៏ការរាប់សន្លឹកឆ្នោត រៀបចំចាត់ចែងដោយ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. នៅប្រទេសកម្ពុជាមានលក្ខណៈយឺតយ៉ាវម្លេះ?
ការបោះឆ្នោត បានប្រព្រឹត្តទៅនៅថ្ងៃអាទិត្យកន្លងទៅ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៣រសៀល។ ក្រោយពីបិទការិយាល័យបោះឆ្នោត នៅម៉ោង៣រសៀលនេះ ការរាប់សន្លឹកឆ្នោតនឹងចាប់ផ្តើមនៅនឹងកន្លែងតែម្តង។ លទ្ធផលបោះឆ្នោត នឹងត្រូវគេដឹងជាបណ្តើៗ ចាប់ពីល្ងាចថ្ងៃអាទិត្យតទៅ បន្ទាប់ពីការរាប់សន្លឹកឆ្នោតចប់។ តែរហូតមកទល់ដល់ថ្ងៃពុធ ទី៦ ខែមិថុនា ម៉ោងនេះហើយក៏ដោយ ក៍លទ្ធផលនៃការបោះឆ្នោតបណ្ដោះអាសន្ន នៅមិនទាន់អោយដឹងជាតួលេខច្បាស់លាស់ នៅឡើយ។ បណ្ដាញគេហទំព័រ របស់ គ.ជ.ប. បានផ្សាយពីលទ្ធផល ដែលទទួលបាន ពីខាងខេត្តក្រុង ចំនូន ១៨ខេត្តក្រុង តែនៅមានខេត្តក្រុងចំនួន ៦ទៀតដែលលទ្ធផលនៅមិនទាន់ បញ្ចេញផ្សាយនៅឡើយ។ គេបានដឹងលទ្ធផល ជាតួលេខ សរុបខ្លះៗ ដែលវិទ្យុអាស៊ីសេរី ជាខេមរភាសា បានផ្សាយនៅលើគេហទំព័ររបស់ខ្លួន តែក៏នៅមានចន្លោះគណបក្សមួយ ចំនួនធំ ដែលគេនៅមិនទាន់ដឹងថា ទទួលបានសំលេងប៉ុន្មាន ឬអសនៈប៉ុន្មាននោះ។
តើការយឺតយ៉ាវ នេះបណ្ដាលមកពីអ្វី បើគេបានដើរមកដល់ សម័យពត៌មានវិជ្ជាដ៏ទំនើប ទៅហើយនេះ ?
នៅក្នុងការបោះឆ្នោតរបស់ប្រទេសជាច្រើន នៅលើពិភពលោក ដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យ ការប្រកាសលទ្ធផល នៃការបោះឆ្នោត ទោះបីមានត្រឹមជាលក្ខណៈបណ្ដោះអសន្នក៏ដោយ ក៏គេត្រូវធ្វើការប្រកាសនេះយ៉ាងយូបំផុត តែមួយថ្ងៃ ក្រោយការបោះឆ្នោតប៉ុណ្ណោះ។ រាល់អ្នកទៅបោះឆ្នោត គេនឹងអាចដឹងពីលទ្វផល ជាតួលេខសរុប តាំងតែពីមួយម៉ោង ក្រោយពេលការបោះឆ្នោតបានបញ្ចប់មកម្លេះ។
នៅប្រទេសបារាំង លទ្ធផលជាបណ្ដោះអាសន្ននៃការបោះឆ្នោត ត្រូវគេប្រកាសអោយដឹង នៅម៉ោង ០៨ម៉០០ វេលាយប់ ថ្ងៃដដែលនៃការបោះឆ្នោត ហើយតួលេខជាផ្លូវការ នឹងត្រូវប្រកាសដោយក្រសួងមហាផ្ទៃបារាំង នៅថ្ងៃបន្ទាប់។ រីឯអ្នកចាញ់ ឆ្នោតវិញ គេក៏នឹងប្រកាសទទួលស្គាល់ ហើយសុំចុះចាញ់ និងប្រគល់អំណាចអោយទៅអ្នកឈ្នះ នៅយប់ថ្ងៃដដែល នោះដែរ។
ក្នុងការរៀបចំការបោះឆ្នោតឃុំសង្កាត់ ក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០១២នេះ លោកទេព នីថា អគ្គលេខាធិការ គ.ជ.ប. បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ជាខេរភាសាថា បុគ្គលិក គ.ជ.ប ជាង ១០ម៉ឺននាក់នៅទូទាំងប្រទេស បានទទួលបន្ទុកក្នុងការិយាល័យបោះឆ្នោត យ៉ាងមមាញឹកបំផុតនេះ ហើយអ្នកសង្កេតការណ៍ ចំនួនជាង១០ម៉ឺននាក់ ក៏បានចូលរួមសង្កេត- ការណ៍ផងដែរ រាប់ទាំងភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ឯករាជ្យជាតិ និងអន្តរជាតិ ព្រមទាំងមានភ្ញៀវពិសេសៗមកពីស្ថានទូតបរទេស និងអង្គការអន្តរជាតិនានាចំនួន២៤នាក់ផង។ ដូច្នេះ គ.ជ.ប. ដូចជាមិនមានការពិបាក អ្វីខ្លាំង ក្នុងការ រកមធ្យោបាយរាប់សន្លឹកឆ្នោត ប្រកបដោយការទទួលខុសត្រូវ ហើយត្រូវបានទទួលស្គាល់ ដោយបណ្ដាអ្នក សង្កេតការទាំងឡាយ នៅថ្ងៃដដែលនោះទេ។ លទ្ធផលនៃការរាប់សន្លឹកឆ្នោត គួរតែត្រូវផ្ញើរមក គ.ជ.ប. ថ្នាក់ខេត្តឬក្រុង និង គ.ជ.ប. ថ្នាក់ជាតិភ្លាមៗ ដើម្បីអោយអ្នកធ្វើការនៅទីនោះ ធ្វើការបូកសរុប ហើយនឹងប្រកាសជូន អ្នកបោះឆ្នោត ក៏ដូចជា គណបក្សដែលចូលរួមក្នុងការបោះឆ្នោតនោះ អោយពួកគាត់បានដឹងយ៉ាងយូបំផុត មួយថ្ងៃក្រោយការបោះឆ្នោត។
លទ្ធផលជាបណ្ដោះអាសន្ន តែអាចចាត់ទុកជាបានការ នៃរាល់ការបោះឆ្នោត មិនគួរត្រូវទុកជាអាថ៌កំបាំង អោយយូរយ៉ាង ដូច្នេះទេ។ គ.ជ.ប. គួរតែពិចារណា និងធ្វើការកែទំរង់ យន្ដការនៃការរាប់សន្លឹកឆ្នោត ក៏ដូចជាការប្រកាសអោយដឹង ពី លទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោត ដើម្បីបង្ហាញពីប្រសិទ្ធិភាព នៃការទទួលខុសត្រូវរបស់ខ្លួន អោយបានកាន់តែ ខ្លាំង។ ប្រសិទ្ធិភាព និងតម្លាភាព នៃយន្ដការអស់ទាំងនេះ នឹងជួយកាត់បន្ថយចម្ងល់របស់ប្រជាអ្នកបោះឆ្នោត ហើយជំរុញ អោយគណបក្សនយោបាយ ដែលចូលរួមការបោះឆ្នោត គោរពលទ្ធផលនៃការបោះឆ្នោត និងចាប់ផ្ដើមការងាររបស់ខ្លួន ក្នុងអាណត្តិ ថ្មី អោយបានឆាប់រហ័ស៕
---------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ០៥ ខែមិថុនា ២០១២