អេលីហ្សាប៊ែត ២ នៃចក្រភពអង់គ្លេស ប្រារព្ធខួប៦០ឆ្នាំ នៃការឡើងគ្រងរាជ្យ
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: June 04, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ព្រះមហាក្សត្រីយ៉ានី នៃចក្រភពអង់គ្លេស អេលីហ្សាប៊ែត ទី២ មកដល់ថ្ងៃនេះ ព្រះអង្គបានឡើងគ្រងរាជ្យ បាន៦០ឆ្នាំ កន្លងមកហើយ។ ចក្រភពអង់គ្លេសទាំងមូល រួមជាមួយប្រទេសក្នុងពិភពលោកជាច្រើន ដែលធ្លាប់ទទួលឥទ្ធិពលពី អង់គ្លេស កំពុងប្រារព្ធពិធីនេះ មានចំនូន៤ថ្ងៃ រាប់ពីថ្ងៃសៅទី០២ មិថុនា ម្សិលម៉ិញមក។
រាជពិធីខួបនៃការឡើងគ្រងរាជ្យនេះ មានរួមជាមួយនឹងការដង្ហែរក្បួនដ៏ធំមួយនៃទូកតូចៗ នៅលើទន្លេតាមីស (Tamise) នៅព្រឹកថ្ងៃអាទិត្យនេះ។ ជាការរៀបចំព្រះរាជពិធីដ៏ធំទីពីរ បន្ទាប់ពី ព្រះមហាក្សត្រីយ៉ានី វិចតូរីយ៉ា កាលពីឆ្នាំ១៨៩៧ នៃ មហាអំណាចពិភពលោកមួយនេះ ដែលបានធ្វើថ្វាយព្រះមហាក្សត្រីយ៉ានី របស់ខ្លួននាឆ្នាំនេះ។
ដើម្បីចូលរួមអបអរសាទរជាមួយ នឹងព្រះរាជពិធីនេះ នៅតាមដងផ្លូវ និងហាងលក់ទំនិញនានាត្រូវបានគេតុបតែងលំអ លាយឡំចំរុះ ទៅដោយពណ៌ និងមានទំរង់បែបតែមួយ នៃទង់ជាតិរបស់ចក្រភព។ ហាងលក់គ្រឿងអនុស្សាវរីយ៍ ជាច្រើនបានប្រមែប្រមូល យកមកលក់ នូវគ្រឿងប្រដាប់ប្រដាប្រើប្រាស់ ពិសេសៗ របស់របរណា ដែលមានរូបតំណាង អោយ ព្រះមហាក្សត្រីយ៉ានី ជារូបប៉ាក់ ឬឆ្លាក់ នៅពីលើ ហើយនិយាយរំលឹក ពីការឡើងគ្រងរាជ្យនាឆ្នាំ ១៩៥២ របស់ព្រះអង្គ ក្នុងព្រះជន្នាយុត្រឹមតែ ២៥ព្រះវស្សាប៉ុណ្ណោះ។
ព្រះរាជពិធី ដ៏ធំនេះ ត្រូវបានគេចាប់ផ្ដើមដំបូងកាលពីថ្ងៃសៅរិ៍ នៅឯវាលប្រណាំងសេះ អ៊ែបស៊ុម (Epsom) ភាគខាងត្បូង ទីក្រុងឡុងដ៍។ ព្រះមហាក្សត្រីយ៉ានី ព្រះជន្នាយុ ៨៦ឆ្នាំអង្គនេះ ត្រូវបានទទួលស្វាគមន៍ក្នុងដំណើរយាង មកដល់ ដោយចំរៀងមួយបទច្រៀងដោយ នាងកញ្ញា កាធើរ៉ីន ជេនគីន (Katherine Jenkins) ហើយព្រះអង្គ ក៏មាន ឱកាសទតយ៉ាងសប្បាយរីករាយផងដែរ នូវការប្រណាំងសេះ ដែលគេបានរៀបចំថ្វាយ យ៉ាងពិសេស ។
កាណូតព្រះរាជទីនាំង មានពណ៌ក្រហម និងមាស
កម្មវិធី សំរាប់មហាជនទូទៅ បានចាប់ផ្ដើមនៅថ្ងៃអាទិត្យ នៅក្រោមតំណក់ភ្លៀង ជាមួយនឹងការដង្ហែរក្បួនដ៏ធំមួយ នៃពពួក កូនទូកតូចៗ រាប់ពាន់ទូក នៅក្នុងទន្លេ តាមីស្ស (Tamise) បានបើកដង្ហែ ក្នុងចំងាយប្រមាណជា ១១គីឡូម៉ែត្រ ដោយអម ជាមួយនឹង ភ្លេងចំរៀងផង។ បើតាមអ្នករៀបចំកម្មវិធី នេះគឺជាលើកទីមួយហើយ ដែលគេបានប្រមូលផ្ដុំ រាល់កូនទូកអស់ ទាំងនោះ អោយមកចូលរួមប្រារព្ធពិធី យ៉ាងជក់ចិត្តដិតអារម្មណ៍មួយ ថ្វាយ ព្រះមហាក្សត្រីយ៉ានី។
ព្រះអង្គ អេលីហ្សាប៊ែត ទី២ ទ្រង់គង់នៅលើ កាណូតព្រះរាជទីនាំងមួយ ដែលតុបតែងលំអ យ៉ាងល្អវិចិត្រ មានពណ៌ ក្រហម និងមាស បើកនៅពីមុខក្បួននេះ។ ចូលរួមនៅលើព្រះទីនាំង របស់ព្រះអង្គនេះដដែល មានក្រុមព្រះញាតិវង្ស យ៉ាងច្រើន ដែលក្នុងនោះ ព្រះអង្គម្ចាស់ វីល្លីយ៉ាម (William) និងមហេសីថ្មីថ្មោងរបស់ ព្រះអង្គ ឈ្មោះ ខេត (Kate) ក៏មានព្រះរាជវត្តមាន ផងដែរ។ គេប៉ាន់ប្រមាណនូវហ្វូងមនុស្ស មិនតិចជាង ១លាននាក់ ហើយបានប្រមូលគ្នា យ៉ាង ពពាក់ពពូនច្រើនអស្ចារ្យ នៅតាមបណ្ដាយច្រាំងទន្លេ ដើម្បីតាមដានទស្សនីយភាពដ៏កំរ ដែលមានរយៈពេលត្រឹមតែ ៣ម៉ោងនេះ។
មនុស្សប្រហែលជា ៦លាននាក់ផ្សេងទៀត បានជួបជុំគ្នានៅគ្រប់ច្រកល្ហក ក្នុងទីក្រុងឡុងដ៍ ដើម្បីធ្វើពិធីជប់លៀង ចូលរួមលេងល្បែងកំសាន្ដ រាំជាលក្ខណៈប្រជាប្រិយ ឬការប្រលងប្រណាំង នៃការស្លៀកពាក់បែបបូរាណ ដែលសូម្បីតែ សត្វឆ្កែក៏មានកម្មវិធី ដូចគ្នានេះដែរ។
នៅថ្ងៃច័ន្ទ នឹងមានការប្រមូលផ្ដុំមនុស្សប្រហែលជា ១០ ០០០នាក់ នៅពេលល្ងាច លើសួនច្បារនៃព្រះរាជវាំង ប៊ែកឃីញហ៊ាម (Buckingham) ដើម្បីធ្វើចំណីអារហារញ៉ាំ ហើយអាចផ្សងសំណាងចាប់ឆ្នោត ដើម្បីបានញ៉ាំស្នាដៃពិសេស របស់ចុងភៅដែលមានចំណាត់ថ្នាក់ផ្កាយបី លោក ហេស្តុន ប្លូមែនថាល (Heston Blumenthal) និងស្ដាប់ការ ប្រគុំតន្ត្រី ដែលមានការចូលរួមពី អ្នកចំរៀងល្បីៗ ដូចជា ផូល ម៉ាកកាណេយ (Paul McCartney) អេតុង ចន (Elton John) នាងឃីលី មីណុក (Kylie Minogue) ឬក៏អ្នកលេងព្យាណូ ឡាំង ឡាំង (Lang Lang) ។ល។ កម្មវិធីប្រគុំដន្ត្រីនេះ មានផ្សាយបន្តផ្ទាល់ តាមបណ្ដាញទូរទស្សន៍ ប៊ីប៊ីស៊ី BBC។ នៅយប់នោះ ព្រះមហាក្សត្រីយ៉ានី នឹងបំភ្លឺ គោមមួយ ក្នុងចំណោមគោម ប្រមាណជា ជាង ៤ ០០០គោម រាយមីដេរដាស នៅក្នុងចក្រភព និងប្រទេសផ្សេងៗលើពិភពលោក។
រីឯនៅថ្ងៃអង្គារវិញ កម្មវិធីដែលត្រៀមបំរុង មានលក្ខណៈជាប្រពៃណីបន្ដិច ដោយមានការសូត្រធម៌នៅព្រះវិហា ស៊ាំង ផូល (Saint-Paul) ការជួបជាមូយ នឹងសភាជាតិ ជាមួយនឹង ការហែក្បួនឆ្លងកាត់ ហ្វូងមនុស្ស ដោយរទេះសេះ របស់ ព្រះមហាក្សត្រីយ៉ានី។ ព្រះអង្គនឹង ចេញមកទទួល សាទរដល់ហ្វូងមហាជនដ៏កុះករនេះ នៅនឹងរានហាល ខាងមុខនៃ ព្រះរាជវាំង ប៊ែកឃីញហ៊ាម (Buckingham) មុននឹងព្រះរាជពិធីបានបញ្ចប់៕
-----------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ០៣ ខែមិថុនា ២០១២
ប្រភព ៖ ទីភ្នាក់ងាសារពត៌មានបារាំង AFP
Crédit photo: AFP