មន្ត្រី CNRP ថា បក្ស​ខ្លួន​ជាអ្នកឈ្នះឆ្នោតឃុំសង្កាត់ពិតប្រាកដ

លោក មុត ចន្ថា មន្ត្រីជាន់ខ្ពស់​មួយរូប របស់គណបក្សសង្គ្រោះជាតិ បានចោទជាសំនួរឡើងថា អ្នកឈ្នះ តែបានបាត់បង់កៅអី ច្រើនសន្ធឹកសន្ធាប់ ខណៈអ្នកចាញ់ តែកើនកៅអីច្រើនសន្ធឹកសន្ធាប់ - បើយ៉ាងដូច្នេះ តើនរណាជាអ្នកឈ្នះ និងអ្នកចាញ់ពិតប្រាកដ?
មន្ត្រី CNRP ថា បក្ស​ខ្លួន​ជាអ្នកឈ្នះឆ្នោតឃុំសង្កាត់ពិតប្រាកដ
រូបភាពមួយ (នៅក្រុងកេប៊ិច ប្រទេសកាណាដា) ពីចំណោមរូបថតដំបូងៗ នៃការធ្វើយុទ្ធនាការរួមគ្នា រវាងលោក កឹម សុខា និងលោក សម រង្ស៊ី បន្ទាប់ពីគណបក្សគណក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី បានរួមគ្នា ក្លាយជាគណបក្សសង្គ្រោះជាតិ។
Loading...
  • ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៦ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 06, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លទ្ទផលបឋម នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ កាលពីថ្ងៃទី៤ ខែមិថុនា កន្លងទៅនេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកាន់អំណាច តាំងពីជាងបីទសវត្សន៍មកនោះ ឈ្នះកៅអី«ជាង២ដង» ពីលើគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង (ប្រមាណជាង១១០០កៅអី សម្រាប់គណបក្សប្រជាជនកម្ពុជា និងប្រមាណជិត ៥០០កៅអី សម្រាប់គណបក្សសង្គ្រោះជាតិ)។ ផ្ទុយទៅវិញ បើនិយាយពីសម្លេងឆ្នោតវិញ គណបក្សទាំងពីរ មានលក្ខណៈប្រដេញត្រសងគ្នា ដោយគណបក្សប្រជាជនកម្ពុជា មិនបានឈ្នះដាច់ខ្លាំង ពីលើគណបក្សសង្គ្រោះជាតិទេ។

នៅចំពោះការប្រកាសជ័យជំនះ របស់គណបក្សកាន់អំណាច នៅយប់ថ្ងៃបោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោតមួយថ្ងៃ សម្រាប់គណបក្សប្រឆាំងវិញ នៅតែគិតថា ខ្លួនជាអ្នកឈ្នះឆ្នោតពិតប្រាកដ។ លោក មុត ចន្ថា មន្ត្រីជាន់ខ្ពស់មួយរូប របស់គណបក្សសង្គ្រោះជាតិ និងជាមនុស្សជំនិត របស់ប្រធានគណបក្សនេះ បានពន្យល់នៅលើបណ្ដាញសង្គម ពីមូលហេតុដែលឈានទៅដល់ ការអះអាងដូច្នេះថា៖

ទី១- លទ្ធផលបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១២ គឺគណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៉ី បូកចូលគ្នាបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ តែចំនួន ២,៩៥៥អាសនៈប៉ុណ្ណោះ។ ប៉ុន្តែការបោះឆ្នោតឃុំ ឆ្នាំ២០១៧នេះ គណបក្សសង្រ្គោះជាតិ ទទួលបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ ស្ទើរតែជាងពាក់កណ្តាល នៃចំនួនអាសនៈសរុប ទូទាំងប្រទេស ១១,៥៧២អាសនៈ។

ទី២- លទ្ធផលបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០១២ គណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៉ី បូកចូលគ្នាទទួលបាន​មេឃុំសង្កាត់ តែ «៤០នាក់» ប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឆ្នាំ២០១៧នេះ គណបក្សសង្រ្គោះជាតិ ទទួលបានមេឃុំសង្កាត់យ៉ាងតិច ចំនួន «៤៨២» ឬ «លទ្ធផលគុណនឹង ១២ដង»។ ខណៈគណបក្សកាន់អំណាចវិញ នឹងត្រូវបាត់បង់ដំណែងមេឃុំសង្កាត់ ចំនួន «៤៤២នាក់» បន្ថែមទៀត។

ទី៣- គណបក្សសង្រ្គោះជាតិ ឈ្នះបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ ជាង ២ពាន់ បន្ថែមពីលើក្រុមប្រឹក្សា ដែលគណបក្សសិទិ្ធមនុស្ស និងគណបក្សសម រង្ស៉ី ធ្លាប់កាន់កាប់ចំនួន ២,៩៥៥នាក់។

សេចក្ដី​ថ្លែងការណ៍មួយរបស់គណបក្សប្រឆាំង ចុះហត្ថលេខាដោយលោក កឹម សុខា ប្រធានគណបក្ស ដែលចេញផ្សាយ នៅ​នៅ​រសៀល​ថ្ងៃ​ទី​៥ ខែ​មិថុនា ក៏បានអះអាងដែរថា គណបក្ស​សង្គ្រោះ​ជាតិ បោះ​ជំហាន​«ជោគជ័យ» ដែល​ដណ្ដើម​បាន​តំណែង​ជា​មេឃុំ ចៅសង្កាត់​ចំនួន​ជិត ៥០០ នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។

ប៉ុន្តលទ្ធផល បង្ហាញពីចំនួនអសនៈ ឬចំនួនតំណែងមេឃុំសង្កាត់ដណ្ដើមបាន មិនមែនជាកត្តាតែមួយគត់ ដែលត្រូវយកមកកំណត់ ​ដល់ដំណើរការ​សេរី​ និង​យុត្តិធម៌នៃការបោះឆ្នោតមួយបានទេ។ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​ លោក យឹម សុវណ្ណ បាន​ថ្លែងទៅកាន់ក្រុមអ្នក​យកព័ត៌មាន កាលពីយប់​ថ្ងៃបោះឆ្នោត (ថ្ងៃអាទិត្យទី៤ ខែមិថុនា) ​ថា ការប៉ះពាល់ទាំងនោះ រួមបញ្ចូលដោយ​ការគម្រាមកំហែង ពីសំណាក់គណបក្សកាន់អំណាច - ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់រដ្ឋ និង​ឯកជន​មិនបានគោរព​ តាមគោលការណ៍​ណែនាំ ​របស់គ.ជ.ប - ការ​បាត់បង់​សិទ្ធិបោះឆ្នោត​ របស់កម្មករ​ចំណាកស្រុក និង​ការ​មិនបានទៅ​បោះឆ្នោត ​របស់​ពលរដ្ឋ​ដែលមានសិទ្ធិ​បោះឆ្នោត ​​ជាង​១៤%។

សម្រាប់បន្ទប់​ស្ថានការណ៍បោះឆ្នោត ដែល​សម្របសម្រួល​ដោយអង្គការ​ខមហ្វ្រែល (Comfrel) និង​​អង្គការ​តម្លាភាពកម្ពុជា (TI Cambodia) ដែល​បាន​ដាក់ពង្រាយ​អ្នក​អង្កេតការណ៍​ នៅតាមការិយាល័យបោះឆ្នោត​ នៅ​ទូទាំងប្រទេស​បាន​វាយតម្លៃ​ថា ដំណើរការ​បោះឆ្នោត​ នៅក្នុងអាណត្តិនេះ ដែលរៀបចំឡើង ដោយគ.ជ.បថ្មី បាន​ប្រព្រឹត្តទៅ ​ដោយ​រលូន សុវត្ថិភាព និង​សន្តិវិធី បើទោះជានៅមានភាព មិនប្រក្រតីតិចតួចក្ដី។

យ៉ាងណា លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សប្រឆាំង បានបន្តថ្លែងឡើងថា៖ «យើង​រំពឹង​ថា ជាមួយ​សំឡេង ​[ដែល]យើង​ទទួល​បាន ៤៦% នៅ​ក្នុង​ឆ្នាំ​២០១៧ ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៨ យើង​ប្រាកដ​ជា​ទទួល​បាន​សំឡេង​យ៉ាង​តិច ៦០%។ អ៊ីចឹង​យើង​សន្និដ្ឋាន​ថា នៅ​ឆ្នាំ​២០១៨ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ឈ្នះ​ឆ្នោត​កាន់កាប់​អំណាច​ ក្នុង​រដ្ឋាភិបាល។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...