រថភ្លើងថ្មីរបស់ជប៉ុន មានល្បឿនដូចយន្ដហោះ! (vdo)
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២១ មេសា ២០១៥
- កែប្រែចុងក្រោយ: April 22, 2015
- ប្រធានបទ: រចនាសម្ព័ន្ធ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការសាកល្បងដាក់ឲ្យរត់ ត្រូវបានធ្វើ កាលពីព្រឹកថ្ងៃអង្គារ (ពេលវេលាក្នុងស្រុក) ជាមួយនឹងបុគ្គលិកជំនាញ ជាច្រើននាក់។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Central Japan Railways បានថ្លែងឲ្យដឹងថា៖ «ល្បឿងរហូតដល់ ៦០៣ គីឡូម៉ែត្រ ក្នុងមួយម៉ោងនេះ ត្រូវបានដាក់ឲ្យរត់ ក្នុងរយៈពេល ១០,៨វិនាទី នៅពេលដែលរថភ្លើង បានរត់កាត់រូងក្រោមដីមួយ»។ បើតាមល្បឿនដែលបង្ហាញនេះ បញ្ជាក់ថា រថភ្លើងនេះ នឹងមានល្បឿន លឿនជាងគេ នៅក្នុងពិភពលោក។
ការសាកល្បង ត្រូវបានដាក់ធ្វើ នៅលើផ្លូវដែក ដែលសង់ឡើងយ៉ាងពិសេស និងមានចំងាយ ៤២,៨ គីឡូម៉ែត្រ នៅក្នុងខេត្ត យ៉ាម៉ាណាស្សី (Yamanashi) ភាគកណ្ដាល នៃប្រទេសជប៉ុន។ រថភ្លើង «maglev» ត្រូវបានសិក្សាស្រាវជ្រាវ និងផលិត នៅក្នុងខេត្តនេះ តាំងពីច្រើនឆ្នាំមកហើយ។
កាលពីក្នុងពេលសាកល្បងលើកមុន ល្បឿនបានឡើង ខ្ពស់បំផុត ត្រឹមតែ ៥៩០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ចំណែកឯការសាកល្បង នៅថ្ងៃអង្ការនេះ បានសង្កត់ធ្ងន់ទៅលើ ការសាកល្បងនៃភាពនឹងនរ របស់រថភ្លើង ជាពិសេសនៅពេលដែលល្បឿន បានកើតឡើងខ្លាំងជាងល្បឿន ៥០០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលត្រៀមដាក់ ឲ្យមានដំណើរការ ជាផ្លូវការ។
ក្រុមហ៊ុនឯកទេសខាងផ្លូវដែក របស់ជប៉ុនមួយនេះ កំពុងសង់ផ្លូវដែកមួយ ដែលភ្ជាប់រាជធានី តូក្យូ មកក្រុង ណាហ្គោយ៉ា (Nagoya) ដែលមានចំងាយ ប្រមាណជា២៨៦ គីឡូម៉ែត្រ។ នៅក្នុងចំងាយនេះ រថភ្លើងល្បឿនលឿននេះ នឹងប្រើពេល តែ៤០នាទីប៉ុណ្ណោះ។
ក្រុមហ៊ុននេះ គ្រោងនឹងចំណាយប្រាក់ ប្រមាណជាង ៥០ពាន់លានដុល្លារទៀត ដើម្បីសង់ផ្លូវដែក តួរថភ្លើង និងការសាកល្បង ភ្ជាប់ពីរាជធានី មកកាន់ក្រុងឧស្សាហកម្មមួយ ដែលមានរោងចក្រ ផលិតរថយន្ដ តូយ៉ូតា មុននឹងបន្តគម្រោងនេះ រហូតដល់ខេត្ត អូសាកា (Osaka) ភាគខាងលិចប្រទេសជប៉ុន។ ជាមួយនឹងខ្សែររថភ្លើងថ្មី ដែលមានឈ្មោះ «Linear chuo Shinkansen» នេះ បណ្ដាជនជប៉ុននឹងប្រើពេល ត្រឹមតែ១ម៉ោងប៉ុណ្ណោះ ពីភាគខាងលិចប្រទេស មកកាន់រាជធានី ដែលពីមុនមក គេត្រូវប្រើពេល រហូតដល់២ម៉ោង ជាមួយរថភ្លើងល្បឿនលឿន សព្វថ្ងៃ៕
» វីដេអូផ្សេងទៀត នៃរថភ្លើងល្បឿនលឿន ដែលកំពុងដំណើរការ សព្វថ្ងៃ របស់ជប៉ុន និងបារាំង៖