តាំងខ្លួនជាទេវតា ទៅរំលោភដើមឈើ រួចវាយនគរបាល
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៩ មេសា ២០១៥
- កែប្រែចុងក្រោយ: April 19, 2015
- ប្រធានបទ: បទល្មើស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងលោកយើងនេះ អ្វីដែលអាចទៅរួច គឺមានទាំងអស់។ ខ្លួនស្រាតឲ្យននលគោក តាំងដើរស្រែកដាក់គេឯង ថាខ្លួនជាអាទិទេព។ មិនត្រឹមតែប៉ុណ្ណឹង ដើរបង្កើតរឿងផ្ដេសផ្ដាស ដ៏គួរឲ្យហួសចិត្តនោះទៀត។
ហេតុការណ៍នេះ បានកើតឡើង គាលពីថ្ងៃសុក្រ ទី១៧ ខែមេសានេះ នៅក្នុងសង្កាត់ ដ៏ស្ងប់ស្ងាត់មួយ នៃក្រុង មែលប៊ន (Melbourne ភាគខាងកើត នៃរដ្ឋផ្លរីដា សហរដ្ឋអាមេរិក) និងបានបង្កឲ្យបណ្ដាជន នៅក្នុងសង្កាត់នោះ សឹងតែទាំងអស់គ្នា ភ្ញាក់ផ្អើលមិនតិចឡើយ។ បុរសម្នាក់ អាយុ៤១ឆ្នាំ គ្មានសម្លៀកបំពាក់នឹងខ្លួន បានរត់ពាសពេញទាំងសង្កាត់ ដោយស្រែកឡើងថា ខ្លួនជា«អាទិទេព»។ ទំនងជាស្ថិតក្នុងឥទ្ធិពលនៃគ្រឿងស្រវឹង ជនដែលក្រោយមក ត្រូវបានស្គាល់ឈ្មោះថា កេណេត ក្រវដ័រ (Kenneth Crowder) នេះ ថែមទាំងបាន ទៅចាប់ដើមឈើ មកត្រដុសអង្អែល ហើយធ្វើកាយវិការ ដូចជាកំពុងសេពសន្ធវៈ នោះផងទៀត។
សារព័ត៌មានក្នុងតំបន់ «Florida Today» បានរាយការណ៍ ពីហេតុការណ៍នេះទៀតថា នគរបាលម្នាក់ ដែលទទួលបានការជូនដំណឹង ពីបុរស«សម្បើម» បានមកដល់ផ្ទាល់នឹងកន្លែង ហើយព្យាយាមចូលទៅឃាត់បុរស និងសុំឲ្យបុរសបង្ហាញ អត្តសញ្ញាណ។ តែ កេណេត ក្រវដ័រ បានឆ្លើយមកវិញថា «ខ្ញុំជាព្រះអាទិទេព»។ មាត់ចេះតែនិយាយ តែដៃនិងជើងបុរស បានស្ទុះចូលមកវាយសន្ធាប់ លើភ្នាក់ងារនគរបាល សឹងងើបមិនរួច និងបើទោះជានគរបាលរូបនោះ បានប្រើកាំភ្លើងឆក់ ឆក់បុរសនេះ ដល់ទៅពីរដងក៏ដោយ។
រហូតលុះត្រា មានកម្លាំងនគរបាលមកបន្ថែមទៀត ទើប«ព្រះអាទិទេព» ត្រូវបានបង្ក្រាប នៅលើដីបានជាស្ថាពរ។ បុរសត្រូវបានចោទប្រកាន់ ពីច្រើនករណី ក្នុងនោះមានការប្រើហិង្សា ប្រឆាំងអ្នកអនុវត្តច្បាប់ និងត្រូវបានឃុំ នៅក្នុងពន្ធនាគារ នៃតំបន់ ប្រឺវាដ (Brevard) ប៉ុន្តែត្រូវបានដោះលែង ជាបណ្ដោះអាសន្ន ដោយមានប្រាក់ធានាខ្លួន វិញ។
បើតាមអាជ្ញាធរ បានឲ្យដឹងថា កេណេត ក្រវដ័រ បានរងនូវឥទ្ធិពលដ៏កំពូល និងដ៏ខ្លាំងក្លា នៃថ្នាំស្រវឹងប្រភេទ «flakka» ដែលជាប្រភេទថ្នាំស្រវឹងថ្មី អាចឲ្យអ្នកប្រើប្រាស់ យកមកហិត ជក់ ឬលេបក៏បាន។ ថ្នាំស្រវឹងប្រភេទនេះ នឹងប្រែក្លាយអ្នកប្រើប្រាស់វា ឲ្យបញ្ចេញសកម្មភាពយ៉ាងហិង្សា ទៅលើអ្វីៗ ដែលនៅជុំវិញ៕