ឌុច លីដា ស្នងដំណែងពី សារ៉ាយ សក្ខណា?
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣០ សីហា ២០១៤
- កែប្រែចុងក្រោយ: September 01, 2014
- ប្រធានបទ: តារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គេនៅចាំបានថា កាលពីឆ្នាំ២០១៣ មុនពេលអ្នកនាង សារ៉ាយ សក្ខណា មិនទាន់ចូលរោងការ ជាមួយបុរសខ្មែរ-អាមេរិកាំង អ្នកនាងត្រូវបានគេចាត់ទុកថា ជាតារាសម្តែងស្រីដ៏ឆ្នើម ដែលមានភាពលេចធ្លោ និងមានប្រជាប្រិយភាព លោតខ្លាំងជាងគេ ក្នុងចំណោមអ្នកសិល្បៈ។ អ្នកនាងត្រូវបានអ្នកដឹកនាំរឿងនៅផលិតកម្មនានា ក៏ដូចជាស្ថានីយទូរទស្សន៍មួយចំនួន ហៅទៅថតស្ទើដកខ្លួនមិនរួច។
ប៉ុន្តែ នៅក្នុងឆ្នាំ២០១៤នេះ ក្រោយពីតារាសម្តែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង សារ៉ាយ សក្ខណា បានសម្រេចចិត្តផ្អាកដើរចេញពីវិថីសិល្បៈ ទស្សនិកជនសង្កេតឃើញថា តារាសម្តែងសម្បុរស្រអែម កញ្ញា ឌុច លីដា ក៏ចាប់ផ្តើមមានទីផ្សារថតរឿង បន្តវេនពីតារាសម្ដែងជំនាន់មុន។
ខ្សែភាពយន្ត ដែលតារាសម្តែងដែលមានទម្រង់មុខកូនកាត់រូបនេះ ទទួលថតភាគច្រើន គឺសុទ្ធសឹងតែជារឿងខ្នាតធំ និងលំដាប់អន្តរជាតិ ដូចជារឿង«ស្បែកគង់» និងរឿង«ដំរីមរកត« ដែលថតជាមួយ តារាសម្តែងប្រុសល្បីឈ្មោះរបស់សឹង្ហបុរីជាដើម។
យល់ស្របនឹងករណីនេះដែរ ម៉ាណា ជាកូនជាងក្នុងហាងកែសម្ផសមួយក្នុងរាជធានីភ្នំពេញ បានលើកឡើងដូច្នេះដែរថា៖ «កាលបីមុន ធ្លាប់តែឃើញរឿងភាគច្រើន សម្តែងដោយ សារ៉ាយ សក្ខណា តែឥលូវភាគច្រើន គឺឌុច លីដា។ ថ្មីៗនេះ នាងឡើងកូដខ្លាំងណាស់។»
ម៉ាណា ប្រិយមិត្តអ្នកស្រឡាញ់សិល្បៈរូបនេះ បានបន្តថា ដើមឡើយ ក្រោយពីអ្នកនាង សក្ខណា បញ្ចប់អាជីពសិល្បៈ គេរំពឹងទុកថាតំណែង តារាស្រីឆ្នើម នឹងត្រូវតារាសម្តែងស្របាលនឹងនាងឆក់បាន ដូចជាកញ្ញា នី មុនីនាថ ម៉ាក សែនសូនីតា មាន សូនីតា គង់ ចាន់ស្រីមុំជាដើម និងតារាសម្តែងស្រីល្បីៗ មួយចំនួនទៀត ដែលមានបទពិសោធ ជាច្រើនឆ្នាំ។ ប៉ុន្តែ តំណែងតារាស្រី ដែលមានប្រជាប្រិយភាពបន្តពី អ្នកនាង សារាយ សក្ខណា បែរជាបានទៅលើតារាសម្តែងពន្លកថ្មី កញ្ញ ឌុច លីដា ទៅវិញ។ «ខ្ញុំគិតថា ឆ្នាំនេះនាងប្រាកដជាអាចក្លាយជាម្ចាស់ពាន តារាសម្តែងឆ្នើម របស់អាណាចក្រតារាក្នុងឆ្នាំ២០១៤នេះ» កញ្ញាម៉ាណា បានសម្ដែងការជឿជាក់បន្ថែម៕