ហ៊ុន សែន ហៅមេដឹកនាំបរទេស ឲ្យជួយឈឺចាប់រឿងគេចោទ«ភរិយានិងកូនយួន»
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១២ ឧសភា ២០១៦
- កែប្រែចុងក្រោយ: June 14, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រវាងបញ្ហាជាតិ និងបញ្ហាជីវិតឯកជន តើបញ្ហាណាមួយសំខាន់ជាង ហើយតើគេត្រូវប្រមូលលូកឡំ បញ្ហាទាំងពីរ ដាក់លើតុជាមួយគ្នាឬ? ថាតើហេតុដូចម្ដេច បានជានាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ខ្លួនលោក ចេះតែលើកយករឿងឯកជនរបស់លោក មករំលឹកជាញយដងដូច្នេះ? នៅលើកនេះ លោក ហ៊ុន សែន មិនត្រឹមតែសំដែងការឈឺចាប់របស់លោក ទៅកាន់អ្នកគាំទ្ររបស់លោក ឬទៅកាន់ពលរដ្ឋខ្មែរនោះទេ តែលោកបានទាំងហៅ មេដឹកនាំនានាក្នុងពិភពលោក មានទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិផង ឲ្យមកចូលរួមឈឺឆ្អាល ក្នុងរឿងប្រពន្ធកូនលោកនោះទៀត។
នៅចំពោះការចោទប្រកាន់ភរិយា និងកូនច្បងរបស់លោក គឺអ្នកស្រី ប៊ុន រ៉ានី និងលោក ហ៊ុន ម៉ាណែត ថាជាភរិយា និងជាកូនលួចលាក់ របស់អតីតមេទ័ពវៀតណាម លោក ឡេ ឌឹកថូ នោះ លោក ហ៊ុន សែន បានសម្ដែងក្ដីឈឺចាប់ និងបានអះអាង ជាថ្មីម្ដងទៀតថា រឿងនេះ ត្រូវបានមេដឹកនាំ និងសកម្មជនគណបក្សសង្រ្គោះជាតិ ប្រឌិតចោទប្រកាន់ឡើង។ លោកបានថ្លែងដូចនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភី នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ នៅកោះពេជ្រ កណ្ដាលរាជធានីភ្នំពេញ។
ការចោទប្រកាន់ ទៅលើអ្នកស្រី ប៊ុន រ៉ានី និងលោក ហ៊ុន ម៉ាណែត នេះ មិនមែនជាលើកដំបូង ឬទើបនឹងធ្វើឡើង ក្នុងពេលថ្មីៗនេះទេ។ តែករណីនេះ ត្រូវបានក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម និងអ្នកប្រើប្រាស់ប្លុក (Blog) ជាច្រើន យកមកបង្ហោះ និងធ្វើការប្រៀបធៀប តាំងពីច្រើនឆ្នាំមកហើយ។ ពួកគេបានយករូបថតយ៉ាងហោច មនុស្សបួននាក់ ក្នុងនោះមានលោក ហ៊ុន សែន អ្នកស្រី ប៊ុន រ៉ានី លោក ហ៊ុន ម៉ាណែត និងលោក ឡេ ឌឹកថូ (Lê Đức Thọ) មកដាក់តំរៀបជិតៗគ្នា ជាមួយនឹងការធ្វើអត្ថាធិប្បាយថា លោក ហ៊ុន ម៉ាណែត ជាកូនប្រុសរបស់អ្នកស្រី ប៊ុន រ៉ានី និងលោក ឡេ ឌឹកថូ តែមិនមែនជាកូនប្រុស របស់អ្នកស្រី ប៊ុន រ៉ានី និងលោក ហ៊ុន សែន នោះទេ។
លោក ប៉ាង សុខឿន ម្ចាស់គណនីហ្វេសប៊ុក«សុវណ្ណភូមិខ្មែរ» ដែលល្បីល្បាញ ខាងការរិះគន់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាមិនសំចៃមាត់នោះ បានអះអាងថា គឺអតីតមេទ័ពអាមេរិក នៅឥណ្ឌូចិនមួយរូប ឈ្មោះ ម៉ាក អេស្មីត (Major, Mark A. Smith) ជាអ្នកបង្ហើបឲ្យដឹង ពីអាថ៌កំបាំងនេះ នៅលើគេហទំព័រមួយមួយ។ លោក ប៉ាង សុខឿន ថែមទាំងពន្យល់ទៀតថា អ្នកស្រី ប៊ុន រ៉ានី មិនហ៊ានប្ដឹងលោក ម៉ាក អេស្មីត នេះ ឡើងទៅតុលាការនៅសហរដ្ឋអាមេរិក ពីបទបរិហាកេរ្តិ៍ទេ ដោយហេតុខ្លាចតុលាការបង្គាប់ ឲ្យធ្វើការត្រួតពិនិត្យ «ADN» និងរកឃើញការពិត(?)។
ជនប្រឌិតរឿង ទៅលើគ្រួសារលោក ហ៊ុន សែន គឺជា«ឧក្រិដ្ឋជន»
បើទោះអ្នកផងដឹងថា វាគ្មានប្រភពណាផ្សេងទៀត ដើម្បីបញ្ជាក់ពីការលើកឡើងនេះក៏ដោយ តែសម្រាប់លោក ហ៊ុន សែន វិញ វាជាការប្រមាថមួយ ដែលបុរសមានអំណាចរូបនេះ និយាយថា នឹងមិនអាចលើកលែង ឲ្យក្រុមដែលលោកថា បានប្រឌិតរឿងទាំងនេះឡើងនោះឡើយ។ លោក ហ៊ុន សែន ថែមទាំងបានហៅមេដឹកនាំបរទេសនានា នៅក្នុងពិភពលោក មកសួរថា តើរឿងបែបនេះ ជាសិទ្ធិបញ្ចេញមតិ ឬជាការមូលបង្កាច់ត្រូវមានកំហុស?
នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងឡើងជាសាធារណៈ នៅក្នុងឱកាសចែកសញ្ញាបត្រនោះថា៖ «ខ្ញុំផ្ញើសារនេះ ទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ ទៅមេដឹកនាំគ្រប់ប្រទេស ទៅស្ថានទូតទាំងអស់ថា បើគេចោទប្រពន្ធអ្នកឯងថា ជាស្រីខូច កូនអ្នកឯង មិនមែនជាកូនអ្នកឯង តើអ្នកឯងចាត់ទុករឿងនេះ ជាសិទ្ធិបញ្ចេញមតិ ឬជាការមូលបង្កាច់ត្រូវមានកំហុស។ ខ្ញុំមិនអត់ឱនឲ្យទេ ខ្ញុំទាមទារឲ្យប្រើពាក្យឧក្រិដ្ឋជន។»
ការថ្លែងទាក់ទងនឹងជីវិតឯកជនខ្លួនឯង របស់លោក ហ៊ុន សែន បានធ្វើឡើងជាលើកទីពីរហើយ នៅក្នុងរយៈពេលតែមួយខែប៉ុណ្ណោះ។ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ បុរសខ្លាំងកម្ពុជា ដែលអង្គុយក្នុងតំណែងជានាយករដ្ឋមន្ត្រី តាំងពីជាង៣ទសវត្សន៍មកនោះ បានថ្លែងឡើងប្រហាក់ប្រហែលគ្នាដែរថា៖ «នេះជារឿងអាណោចអាធម ប៉ុន្តែខ្ញុំអត់នឹកថាពួកប្រឆាំង អាចធ្វើអំពើថោកទាបបែបនេះ។ ដូច្នេះ ខ្ញុំក៏ត្រូវប្រកាន់ឥរិយាបថមួយ ដូចខ្ញុំបាននិយាយហើយ បើអ្នកឯងមិនឲ្យខ្ញុំសុខ ខ្ញុំក៏មិនឲ្យអ្នកសុខដែរ។ ថ្នាក់ដល់កម្រិតថា កូនរបស់ខ្ញុំនេះ ប្រពន្ធខ្ញុំជាប្រពន្ធរបស់មេដឹកនាំ វៀតណាម ណាមួយនោះ។»
នៅក្រោយពេលនោះភ្លាមៗ គណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយបដិសេធថា ខ្លួនមិនបាននៅពីក្រោយ ឬជាអ្នកប្រឌិត ការចោទប្រកាន់ក្រុមគ្រួសាររបស់លោក ហ៊ុន សែន នោះទេ។ ហើយរហូតមកដល់ពេលនេះ មន្ត្រីគណបក្សប្រឆាំង និងសកម្មជន របស់អង្គការក្រៅរដ្ឋាភិបាលជាច្រើននាក់ ដែលត្រូវបានអាជ្ញាធរកម្ពុជា ចាប់ខ្លួនយកទៅឃុំជាបន្តបន្ទាប់ និងត្រូវបានរដ្ឋាភិបាលបរទេស រួមនឹងស្ថាប័នអន្តរជាតិជាច្រើន សម្ដែងប្រតិកម្មនោះ មិនមានករណីណាមួយ ត្រូវបានចោទប្រកាន់ ទាក់ទងនឹងករណីប្រឌិតរឿងវ៉ាវគ្រួសារឯកជន របស់លោក ហ៊ុន សែន នេះឡើយ។
«អង្វរឲ្យមេដឹកនាំបរទេសអាណិត...»
អតីតមន្ត្រីច្បាប់មួយរូប ពីប្រទេសកម្ពុជា លោក ព្រហ្ម គិត បានពន្យល់ការលើកឡើងច្រំដែលៗ របស់លោក ហ៊ុន សែន នេះ ថាមានចំណុចពីរយ៉ាង ដែលពលរដ្ឋខ្មែរត្រូវដឹង។ ទីមួយ លោក ហ៊ុន សែន ដែលកាន់អំណាចមកយូរឆ្នាំ អាចមានបញ្ហាស្មុគ្រស្មាញច្រើន ហើយលោក ហ៊ុន សែន អាចនឹងវង្វេងវង្វាន់ ភ្លេចគិតពីអ្វីដែលខ្លួនត្រូវ និងមិនត្រូវនិយាយ ព្រោះករណីបែបនេះ បើលោកនិយាយតែមួយម៉ាត់ថា នាងចក់ និងកូនចែម ជាភរិយា និងកូនរបស់លោកនោះ វាចប់ហើយ។
អ្នកវិភាគ តាមដានស្ថានការណ៍កម្ពុជារូបនេះ បានថ្លែងពន្យល់លើចំណុចទីពីរថា លោក ហ៊ុន សែន ចង់រុញឲ្យស្ថានការណ៍ ទាក់ទងនឹងការធ្វើទុក្ខបុកម្នេញ ទៅលើក្រុមប្រឆាំង ក្នុងរយៈពេលចុងក្រោយនេះ ឲ្យកាន់តែមានទំងន់ឡើង និងឲ្យផ្អៀងទៅខាងលោក។ នាយករដ្ឋមន្ត្រីកម្ពុជា ចង់អង្វរឲ្យមេដឹកនាំបរទេសនានា ទទួលយកការឈឺចាប់ ក្នុងជីវិតឯកជនរបស់លោក ហើយងាកមកអាណិតលោកវិញ។ លោក ហ៊ុន សែន ចង់ប្រាប់ទៅបរទេសថា បញ្ហាកម្ពុជា គ្រាន់តែជារឿងកំប៉ិចកំប៉ុកអង្ករកំប៉ុង ជារឿងឯកជន រវាងគ្រួសារលោក និងក្រុមអ្នកប្រឆាំង ដែលមិនគោរពលោកតែប៉ុណ្ណោះ។
«បើគេចាត់ទុកប្រពន្ធលោកឯង សំផឹង...»
ប៉ុន្តែក្នុងនាមជាអ្នកវិភាគ ដូចយ៉ាងលោក ព្រហ្ម គិត នេះ ក៏ទំនងជាមិនរួចខ្លួនដែរ ព្រោះលោក ហ៊ុន សែន បានថ្លែងបន្ថែមខ្លាំងៗ នៅក្នុងព្រឹកថ្ងៃដដែលនោះថា៖ «ពួកអ្នកវិភាគ បើគេចាត់ទុកប្រពន្ធលោកឯង ជាស្រីសំផឹងពីពេលមុន តើលោកឯងទទួលយកបាន (ឬ)ទេ?»។
នៅចំពោះសំដីនេះ លោក ព្រហ្ម គិត បានសម្ដែងការសោកស្ដាយឡើងថា ស្រីសំផឹងក៏ជាស្រី និងក៏ជាពលរដ្ឋមួយរូបដែរ។ លោកបានថ្លែងឡើងថា៖ «ធ្វើនាយករដ្ឋមន្ត្រី មានវ័យចំណាច់ប៉ុណ្ណេះហើយ តែបែរជាគ្មានចិត្តធ្ងន់ និងគ្មានការយល់ដឹង សូម្បីតែអ្វីទៅ ជាអត្ថន័យពិតប្រាកដ នៃពាក្យ"ពលរដ្ឋ ដែលខ្លួនកំពុងដឹកនាំ"។»៕