អ៊ឺរ៉ូ២០១៦៖ រ៉ូស្ស៊ី​នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​ការ​ប្រកួត បើ​ផ្ទុះ​ហិង្សា​ជា​ថ្មី

សហព័ន្ធបាល់ទាត់របស់ប្រទេសរ៉ូស្ស៊ី បានរងការពិន័យធ្ងន់ធ្ងរ ពីសំណាក់សហព័ន្ធបាល់ទាត់អ៊ឺរ៉ុប ហៅ​កាត់​ថាតាម​ភាសា​អង់គ្លេស «UEFA» បន្ទាប់​ពី​អំពើ​ហិង្សា បានផ្ទុះឡើងក្រោយការប្រកួត រវាងក្រុមជម្រើសជាតិ អង់គ្លេស និងរ៉ូស្ស៊ី កាល​ពី​ចុង​​សប្ដាហ៍​​មុន នៅ​ក្នុង​កីឡាដ្ឋាន «Vélodrome» (ក្នុងក្រុងម៉ារសីយ៍ ភាគខាងត្បូង​ប្រទេស​បារាំង)។
អ៊ឺរ៉ូ២០១៦៖ រ៉ូស្ស៊ី​នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​ការ​ប្រកួត បើ​ផ្ទុះ​ហិង្សា​ជា​ថ្មី
ក្រុមអ្នកគាំទ្របាល់ទាត់ ជាតិរ៉ូស្ស៊ី និងអង់គ្លេស ធាក់ទាត់គ្នា នៅក្នុងកីឡាដ្ឋាន «Vélodrome» នៃក្រុងម៉ារសីយ៍។ (រូបថតទ្វីសធើរ)
Loading...
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១៤ មិថុនា ២០១៦
  • កែប្រែចុងក្រោយ: June 14, 2016
  • ប្រធានបទ: អ៊ឺរ៉ូ ២០១៦
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងពិភពបាល់ទាត់ បើអ្នកគាំទ្រធ្វើផ្ដេសផ្ដាស នៅក្នុងរយៈពេល ឬនៅក្នុងរង្វង់​ទីកន្លែង នៃការប្រកួតនោះ គឺ​សហព័ន្ធ ឬ​ក្លិបម្ចាស់ក្រុមបាល់ទាត់នោះ ជាអ្នករងការពិន័យ។ ហើយនេះជាករណីថ្មីបំផុតមួយ សម្រាប់​សហព័ន្ធ​បាល់ទាត់រ៉ូស្ស៊ី ដែលត្រូវបានសហព័ន្ធបាល់ទាត់អ៊ឺរ៉ុប ហៅកាត់ថា «UEFA» សម្រេចដាក់ពិន័យ នៅថ្ងៃ​អង្គារ​ ទី១៤ ខែមិថុនានេះ ទាក់ទងនឹងអំពើហិង្សា របស់ក្រុមអ្នកគាំទ្ររ៉ូស្ស៊ី នៅក្នុងកីឡាដ្ឋាន «Vélodrome» នៃ​ក្រុង​ម៉ារសីយ៍ (Marseille) ភាគខាងត្បូងប្រទេសបារាំង បន្ទាប់ពីការជួបប្រកួត រវាងក្រុម​ជម្រើស​ជាតិ​អង់គ្លេស និង​​រ៉ូស្ស៊ី កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍មុន។

សេចក្ដីសម្រេច របស់«UEFA»នោះ បានឲ្យដឹងថា ប្រទេសរ៉ូស្ស៊ីត្រូវចាប់ឲ្យបង់ប្រាក់ពិន័យ ចំនួន ១៥០​ពាន់​អ៊ឺរ៉ូ (ប្រមាណ​ជា ១៧០ពាន់ដុល្លារ) ហើយនឹងត្រូវបណ្ដេញចេញ ពីការប្រកួត«អ៊ឺរ៉ូ២០១៦» ជាស្ថាពរ នៅក្នុង​​ករណី​ផ្ទុះ​អំពើ​​ហិង្សា​​នេះ​សារ​ជាថ្មី។ សហព័ន្ធបាល់ទាត់អ៊ឺរ៉ុប ក៏បានដាក់ប្រទេសអង់គ្លេស ទៅក្នុងការឃ្លាំមើល​របស់​ខ្លួន​ដែរ ហើយ​​ប្រទេស​​នេះ នឹងត្រូវផាត់ចេញ ពីការប្រកួតដូចគ្នា ប្រសិនជា «UEFA» រកឃើញថា អ្នកគាំទ្រ​អង់គ្លេស​​បាន​​បង្ក​​អំពើ​​ហិង្សា នៅក្នុងការប្រកួតលើកក្រោយៗទៀត។

ចំពោះការផ្ទុះអំពើហិង្សា នៅមុនការប្រកួត ដែលស្ថិតនៅខាងក្រៅកីឡាដ្ឋាន មិនស្ថិតក្នុងសមត្ថកិច្ច របស់​សហព័ន្ធ​បាល់ទាត់អ៊ឺរ៉ុបមួយនេះទេ តែវាជាការទទួលខុសត្រូវរបស់អាជ្ញាធរ របស់ប្រទេសម្ចាស់ផ្ទះ ដែលនឹង​ត្រូវសម្រេចថា ត្រូវធ្វើយ៉ាងណា។ កាលពីរសៀលថ្ងៃសៅរ៍ដដែលនោះ មនុស្ស៣៥នាក់បានរងរបួស - ភាគ​ច្រើន​ជាបណ្ដាជនអង់គ្លេស ហើយមានម្នាក់ពីក្នុងចំណោមនោះ បានរងរបួសធ្ងន់ធ្ងរ - ពីអំពើហិង្សាវាយតប់​ដ៏​ខ្លាំង​ក្លា​មួយ ក្នុងសង្កាត់«កំពង់ផែចាស់ (Vieux-Port)» នៃក្រុងម៉ារសីយ៍ រវាងក្រុមអ្នកគាំទ្រ​មកពី​ប្រទេស​ទាំង​ពីរ។ សេចក្ដីរាយការណ៍ជាច្រើន ក៏បានអះអាងពីការចូលរួម​នៃបណ្ដាជនបារាំង នៅក្នុងអំពើហិង្សា​នេះ​ដែរ។

ស្នងការដ្ឋានប្រចាំតំបន់ « Alpes-Maritimes (ភាគអាគ្នេយ៍ នៃប្រទេសបារាំង)» បានប្រកាស​ក្នុង​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា អ្នកគាំទ្រជាតិរ៉ូស្ស៊ីប្រមាណជា ២៩នាក់ ដែលសង្ស័យជាប់ទាក់ទង នឹងអំពើហិង្សខាងលើ នឹងត្រូវ​បញ្ជូន​ខ្លួន​ទៅកាន់ព្រំដែន ដើម្បីបណ្ដេញចេញពីប្រទេសបារាំង។ អ្នកគាំទ្រជាតិរ៉ូស្ស៊ីមួយចំនួន ពីក្នុង​ចំណោម​នេះ ត្រូវ​បាន​អាជ្ញាធរ​ឃុំខ្លួនជាបណ្ដោះអាសន្ន នៅក្នុងមជ្ឈមណ្ឌលមួយ (មិនមែនជាពន្ធនាគារទេ) ដើម្បី​រង់ចាំ​ថ្ងៃ​ដែល​ត្រូវ​បណ្ដេញ​ចេញ។

ការបណ្ដេញចេញ ទៅលើអ្នកគាំទ្រជាតិរ៉ូស្ស៊ីខាងលើនេះ មិនបានរាប់បញ្ចូល ទៅក្នុង​ការសម្រេចផ្ដន្ទាទោស ដោយដោយតុលាការក្រុមម៉ារសីយ៍ កាលពីថ្ងៃចន្ទ ទៅលើមនុស្សមនុស្ស៩នាក់ ឲ្យជាប់ពន្ធនាគារ និងម្នាក់​ទៀត ឲ្យ​ជាប់​ពន្ធនាគារ​ដោយព្យួរទោសនោះទេ។ អ្នកទាំង១០នាក់នេះ មាន៦នាក់ជាជនជាតិអង់គ្លេស បី​នាក់​ជា​ជន​ជាតិ​បារាំង និងម្នាក់ជាជនជាតិអូទ្រីស្ស៍។ ផ្ទុយទៅវិញ មិនមានអ្នកបង្ករឿងជាតិរ៉ូស្ស៊ីណាម្នាក់ ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោសនៅឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...