ប្រពន្ធនិងកូនយួន៖ សម រង្ស៊ី ចូលរួមឈឺចាប់ជាមួយ ហ៊ុន សែន
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ មិថុនា ២០១៦
- កែប្រែចុងក្រោយ: June 14, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើនាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសយករឿងជីវិតឯកជនរបស់លោក ប្រាប់ទៅបណ្ដាមេដឹកនាំបរទេស ឲ្យជួយឈឺចាប់ជាមួយលោក កាលពីថ្ងៃម្សិលម៉ិញនោះ នៅថ្ងៃនេះ មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ដើម្បីគេចពីការចាប់ខ្លួននោះ បានចេញលិខិតមួយច្បាប់ សម្ដែងការសោកស្ដាយ និងចូលរួមការឈឺចាប់ ក្នុងករណីនេះ ជាមួយលោកនាយករដ្ឋមន្រ្តី។ មិនត្រឹមតែប៉ុណ្ណឹង ប្រធានគណបក្សសង្គ្រោះជាតិ ថែមទាំងបានប្រកាសថ្កោលទោស ចំពោះជនណា ដែលប្រឌិតរឿងចោទប្រកាន់ ទៅលើរឿងរ៉ាវឯកជន នៃក្រុមគ្រួសាររបស់លោក ហ៊ុន សែន នោះទៀតផង។
លោក សម រង្ស៊ី បានសរសេរនៅក្នុងលិខិតមួយច្បាប់ ចុះហត្ថលេខាដោយលោកផ្ទាល់ នៅថ្ងៃអង្គារនេះដដែល ផ្ញើរទៅលោក ហ៊ុន សែន ដោយមានសរសេរថា៖ «ក្នុងនាមថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ និងក្នុងនាមខ្ញុំ (លោក សម រង្ស៊ី) ផ្ទាល់ យើងខ្ញុំសូមសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះទង្វើរបស់ជនទាំងឡាយ ដែលបានប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ ថ្លៃថ្នូរ ប្រមាថ និងចោទប្រកាន់ មកលើកូនប្រុសរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលធ្វើឲ្យសម្តេច និងក្រុមគ្រួសារទទួលនូវការឈឺចាប់»។
ប្រធានគណបក្សសង្គ្រោះជាតិ បានចុះហត្ថលេខាលើលិខិតនេះ ពីរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដែលបានមកដល់ដៃអ្នកសារព័ត៌មាន នៅល្ងាចថ្ងៃអង្គារនេះ។ លោក សម រង្ស៊ី បានសរសេរបន្តថា៖ «ខ្ញុំសូមបញ្ជាក់ជាថ្មីទៀត ជូនសម្តេចជ្រាបថា គោលនយោបាយគណបក្សសង្រ្គោះជាតិ ប្រឆាំងដាច់ខាត នូវការប្រើប្រាស់អំពើហិង្សា ការលាបពណ៌ ការប្រមាថ និងអំពើទាំងឡាយណា ដែលនាំឲ្យមានការឈឺចាប់ដល់អ្នកដទៃ។ យើងខ្ញុំសូមចូលរួមរំលែកនូវការឈឺចាប់ ជាមួយសម្តេចហើយ និងថ្កោលទោសចំពោះទង្វើអសីលធម៌ ទាំងឡាយណា ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សម្តេច និងក្រុមគ្រួសារ»។
កាលពីថ្ងៃចន្ទ ទី១៣ ខែមិថុនាម្សិលម៉ិញ លោក ហ៊ុន សែន បានថ្លែងជាសាធារណៈ ចោទជាសំនួរទៅកាន់បណ្ដាមេដឹកនាំបរទេស ដែលមានរាប់បញ្ចូល ទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិផង ថាតើវាជាសិទ្ធិបញ្ចេញមតិ ឬជាការមួលបង្កាច់ ទាក់ទងនឹងរឿងរ៉ាវ ចោទប្រកាន់ដ៏អាស្រូវមួយ ទៅលើសមាជិកក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី។ អ្នកស្រី ប៊ុន រ៉ានី និងលោក ហ៊ុន ម៉ាណែត ដែលជាភរិយា និងកូនច្បងរបស់លោក ហ៊ុន សែន បានរងការចោទប្រកាន់ ថាជាភរិយា និងកូនលួចលាក់ របស់អតីតមេទ័ពវៀតណាមមួយរូប ឈ្មោះ ឡេ ឌឹកថូ (Lê Đức Thọ)។ ការចោទប្រកាន់នេះ ត្រូវបានក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម និងអ្នកប្រើប្រាស់ប្លុក (Blog) ជាច្រើន យកមកបង្ហោះ និងធ្វើការប្រៀបធៀប តាំងពីច្រើនឆ្នាំមកហើយ។
» អានអត្ថបទទាក់ទងនឹងប្រតិកម្មខ្លាំងៗ របស់លោក ហ៊ុន សែន៖ «ហ៊ុន សែន ហៅមេដឹកនាំបរទេស ឲ្យជួយឈឺចាប់រឿងគេចោទ»
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា លិខិតខាងលើនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានការសម្រេច ពីគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ ដែលបើកកិច្ចប្រជុំពិភាក្សាគ្នា កាលពីព្រឹកថ្ងៃអង្គារនេះ។ លោកបានថ្លែងទៀតថា លោក សម រង្ស៊ី បានចេញលិខិតនេះ ដោយហេតុថាលោក ហ៊ុន សែន បានថ្លែងចោទដោយចំៗ មកលើគណបក្សសង្គ្រោះជាតិ ហើយក្នុងនាមថ្នាក់ដឹកនាំគណបក្ស លោក សម រង្ស៊ី ចាំបាច់ត្រូវបញ្ជាក់ ពីគោលការណ៍សីលធម៌ គុណធម៌ និងជាគោលការណ៍គណបក្ស។ លោក ឆៃអ៊ាង បានថ្លែងថា៖ «ក្នុងនាមយើងជាខ្មែរ ជាអ្នកនយោបាយ គឺយើងមិនគាំទ្រទង្វើប្រមាថមេដឹកនាំ ឬក្រុមគ្រួសារមេដឹកនាំបែបនេះឡើយ»។
សម្រាប់អ្នកឃ្លាំមើល មួយចំនួនទៀត បានយល់ថា លិខិតរបស់លោក សម រង្ស៊ី ទំនងជាចង់ឲ្យស្ថានការណ៍នយោបាយដែលកំពុងមានភាពតានតឺង ត្រឡប់មករកភាពធូរស្រាលវិញ។ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានសរសេរចំអក នៅលើគណនីហ្វេសប៊ុករបស់លោកថា៖ «លៗ ក្រែងគេទុកផ្លូវឲ្យ»៕