កម្មកររោងចក្រអូសេអង់ ត្រូវការប្រាក់ឈ្នួលយ៉ាងហោច៥០%
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៣ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 03, 2014
- ប្រធានបទ: វិបត្តិកម្មករ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រាក់ខែកម្មករ - តំណាងកម្មកររោងចក្រអូសេអង់លោក ឆេង ឈាន់ បានប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូនៅថ្ងៃនេះថា ការដែលកម្មករចេញធ្វើកូដកម្មករ និងមានគម្រោងហែរក្បួនតវ៉ាទៅក្រសួងការងារ ក្នុងបំណងឱ្យថៅកែរោងចក្រផ្តល់លុយ១០០ភាគរយ ជូនពួកគាត់អំឡុងពេលដែលរោងចក្រ បានព្យូរការងាររបស់គាត់ក្នុងរយៈពេលមួយខែ។ ការហែក្បួនទៅក្រសួងការងារធ្វើឡើង បន្ទាប់ពីការចរចាជាលើកទី២ហើយ តែថោកែរោងចក្រនៅតែរក្សាគោលជំហរ ផ្តល់ប្រាក់ឈ្នួលឱ្យតែ១៥ដុល្លា ក្នុងអំឡុងពេលដែលរោងចក្រព្យួរការងារ របស់កម្មករដដែល។
ជំហររបស់កម្មករ សម្រាប់ការចរចាព្រឹកនេះ ទោះជាបានត្រឹមតែ៥០% ក្នុងអំឡុងពេលព្យួរការងារនេះក៏ដោយ ក៏កម្មករព្រមទទួលយកដែរ។ តែប្រសិនបើការចរចារនៅថ្ងៃនេះ មិនទទួលបានលទ្ធផលដែលកម្មករចង់បានទេ គាត់នៅតែបន្តធ្វើកូដកម្មរហូត។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ឆេង ឈាន់។
លោកបន្តថា៖ «ពាក់ព័ន្ធនឹងការព្យួរនេះ ខាងថៅកែរោងចក្រមិនបានជួនដំណឹងមកភាគីកម្មករ ក៏ដូចជាសហជីពទេ។ ខ្ញុំគិតថា វាជារឿងមួយដែលខុស ព្រោះថារោងចក្រយើងមានស៊ីភីអេ អញ្ចឹងរោងចក្រដែលមានមានស៊ីភីអេ នៅពេលរោងចក្រមានការព្យួរការងារ ដល់កម្មករណាមួយឱ្យគាត់ផ្តល់ជាការជូនដំណឹងដល់កម្មករ ប៉ុន្តែបើរោងចក្រមិនបានផ្តល់ដំណឹងរោងកម្មករទេ នោះរោងចក្រត្រូវផ្តល់ប្រាក់ខែឱ្យកម្មករ១០០%។»
តំណាងកម្មកររូបនេះ បានឱ្យដឹងទៀតថា មូលហេតុដែលខាងរោងចក្រព្យួរការងារកម្មករ រយៈពេល១ខែនេះ ដោយសារតែគ្មានការងារសម្រាប់ឱ្យកម្មករធ្វើ។ តែជាង១០ឆ្នាំហើយ រោងចក្រនេះមិនដែលព្យួរការងារកម្មករនោះទេ ព្រោះជារោងចក្រដែលសំបូរការងារធ្វើ។
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅមិនទាន់អាចទាក់ទង ខាងភាគីរោងចក្រ លោក សុផាត ដើម្បីបំភ្លឺពីបញ្ហាបាននៅឡើយទេ។ រហូតដល់ម៉ោង ១២ថ្ងៃត្រង់នេះ គណៈកម្មការដោះស្រាយបាតុកម្ម និងកូដកម្មរបស់ក្រសួងការងារ ដឹកនាំដោយលោក វង្ស សុវណ្ណដែលបានបើកកិច្ចចរចាជាមួយតំណាងសហជីពកម្មករ និងភាគីរោងចក្រ នៅមិនទាន់មានលទ្ធផលនៅឡើយទេ។
គួបញ្ជាក់ថា នៅម៉ោង៨ព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤នេះ កម្មកររោងចក្រអូសេអង់ប្រមាណជិត១០០០នាក់ បាននាំគ្នាហែក្បួនពីរោងចក្ររបស់ពួកគេនៅដែលស្ថិតនៅភូមិព្រៃទា ខណ្ឌពោធិសែនជ័យ ឆ្ពោះទៅកាន់ក្រសួងការងារ។ ប៉ុន្តែក្បួននោះ ត្រូវបានអាជ្ញាធរ និងក្រុមសន្តិសុខខណ្ឌប្រមាណ៦០នាក់ រារាំងត្រង់ផ្លូវបំបែកក្បែររោងចក្រ និងប្រាប់ឲ្យកម្មករត្រឡប់ទៅកាន់រោងចក្រវិញ រង់ចាំកិច្ចចរចារកដំណោះស្រាយ ។ ក្រោយពីមានការរារាំងពីក្រុមសមត្ថកិច្ចចម្រុះ តំណាងរោងអូសេអង់ ក្រសួងការងារ ព្រមទាំងសហជីពតំណាងកម្មករក៏បានជួបចរចាគ្នាភ្លាមដែរ ដើម្បីរកដំណោះស្រាយលើបញ្ហាដ៏ចម្រូងចម្រាសនេះ៕