ADB៖ វិបត្តិនយោបាយកម្ពុជា មិនប៉ះពាល់ដល់ការផ្តល់ជំនួយ
- ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៣ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 03, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងថា ទោះជាវិបត្តិនយោបាយកម្ពុជា បន្តអូសបន្លាយក៏ដោយ ក៏វិបត្តិនេះ នឹងមិនប៉ះពាល់ដល់ការផ្តល់ជំនួយ របស់ស្ថាប័នខ្លួនដល់រដ្ឋាភិបាលកម្ពុជា នោះទេ។ តែមជ្ឈដ្ឋានសង្គមស៊ីវិល និងអ្នកសេដ្ឋកិច្ចឯករាជ្យ បានសម្តែងការព្រួយបារម្ភ ជុំវិញការលើកឡើងនេះ។
ការិយាល័យកណ្ដាលរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។ (រូបថត Wikipedia.org)
ជំនួយ - លោកអេរីក ស៊ីកវីក (Eric Sidgwick) នាយកធនាគារ អភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជា បានថ្លែងសង្កត់ធ្ងន់នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤នេះថា៖ «ជម្លោះនយោបាយ ជាសាច់រឿងរបស់អ្នកនយោបាយ មិនថាតែកម្ពុជានោះទេដែលមិន ប៉ះពាល់ ប្រទេសផ្សេងៗទៀត ក៏អញ្ចឹងដែរ ព្រោះជំនួយមិនពាក់ព័ន្ធនឹងករណីនយោបាយ។»
នាយកធនាគារ អភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជា (អេឌីប៊ី) ដដែលបានពន្យល់ថា ភាពមិនចុះសម្រុងផ្នែកនយោបាយនៅកម្ពុជា មិនរាំងស្ទះដល់ដំណើរការ ផ្ដល់ជំនួយរបស់(អេឌីប៊ី) មកកាន់ប្រទេសកម្ពុជា នោះទេ ព្រោះជំនួយរបស់(អេឌីប៊ី) ផ្តល់សម្រាប់ធ្វើការអភិវឌ្ឍន៍លើវិស័យដែលពាក់ព័ន្ធ ក្នុងគោលដៅ ធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា។
ថ្មីៗនេះអង្គការសង្គមស៊ីវិលមួយចំនួន បានសម្តែងការខកចិត្តចំពោះសហគមន៍អ៊ឺរ៉ុប ដោយសង្គមស៊ីវិលទាំងនោះ បានត្អូញត្អែរថាសហគមន៍អ៊ឺរ៉ុប បានផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់រដ្ឋាភិបាលប្រទេសកម្ពុជា តែជំនួយទាំងនោះ ហាក់មិនទាន់មានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ និងមិនទាន់មានប្រសិទ្ធភាព លើកកម្ពស់ជីវភាពពលរដ្ឋក្រីក្រកម្ពុជា នៅឡើយ។
អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យកម្ពុជា លោក ចាន់ សុផល បានថ្លែងថា ជាធម្មតាប្រទេសនីមួយៗ ឬស្ថាប័ននីមួយៗ គេមានគោលការណ៍ ក្នុងការផ្តល់ជំនួយតាមរបៀបខុសគ្នា ដោយប្រទេសមួយចំនួន ឬស្ថាប័នមួយចំនួន គេមានលក្ខខណ្ឌ ឬអាចថាគោលនយោបាយហ្មត់ចត់ ក្នុងការផ្តល់ជំនួយ រីឯប្រទេស ឬស្ថាប័នមួយចំនួនទៀត ហាក់ដូចជាមិនសូវរិតត្បិតខ្លាំង ពេកនោះទេ។
ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤ នេះលោក ចាន់ សុផល ក៏បានលើកឡើងដែរថា៖ «ម្ចាស់ជំនួយខ្លះ គេក៏មានមកសិក្សា អនុវត្តគម្រោង ដោយបញ្ជូនអ្នកជំនាញបច្ចេកទេសទាំងបរទេស និងក្រុមការងារក្នុងស្រុក សុទ្ធសឹងជាអ្នកជំនាញ។ ខ្ញុំគិតថាម្ចាស់ជំនួយខ្លះ ក៏បានគិតគូរពីប្រសិទ្ធភាព នៃជំនួយនោះ៕»