ហ៊ុន សែន៖ គ្មាន​វប្បធម៌​សន្ទនា សម្រាប់​ដោះ​លែង​អ្នក​១១​នាក់​ទេ

ករណីរបស់សកម្មជន គណបក្សសង្រ្គោះជាតិ១១នាក់ នឹងគ្មានការសម្រមសម្រួល ខាងផ្នែក​នយោបាយ​ឡើយ។ នេះ​ជា​ការ​ប្រកាស​បិទ​ផ្លូវ របស់​លោក​នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីជាការឆ្លើយតប ទៅនឹង​ការ​ស្វះស្វែង​រក​អន្តរាគមន៍ ពី​ថ្នាក់​ដឹកនាំ​កំពូល នៃគណបក្សប្រឆាំង។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៨ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 30, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសជាសាធារណៈថា លោកនឹងមិនជួបពិភាក្សា លើការងារ​ទាំង​ឡាយ​ណា ដែលទាក់ទងនឹងតួនាទី និងអំណាចរបស់តុលាការឡើយ ជាពិសេសការពិភាក្សា ដែលទាក់ទង​នឹង​ការផ្ដន្ទាទោស ទៅលើសកម្មជនគណបក្សប្រឆាំង កាលពីពេលថ្មីៗនេះទេ។

ការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី បានធ្វើឡើង ក្នុងពិធីបុណ្យចម្រើនព្រះជន្ម ព្រះសង្ឃ នន្ទ ង៉ែត សម្តេច​ព្រះ​សង្ឃនាយកកម្ពុជា គម្រប់៩២ព្រះវស្សា កាលពីថ្ងៃទី២៧ ខែកក្កដា កន្លងមកនេះ និងជាប្រតិកម្ម ទៅនឹង​សេចក្ដី​ប្រកាស របស់លោក កឹម សុខា ដែលអះអាងកាលពីពេលថ្មីៗនេះ ថានឹងប្រើប្រាស់នូវ«វប្បធម៌សន្ទនា» រវាងរូប​លោក ជាមួយនឹងលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯលោក សម រង្ស៊ី ជួបជាមួយលោក ហ៊ុន សែន ដើម្បី​ស្នើឲ្យមានការដោះលែង សកម្មជនគណបក្សរបស់លោក ទាំង១១នាក់នោះ ដែលត្រូវបានចាប់ខ្លួន និង​ផ្តន្ទា​ទោស ចន្លោះពី៧ឆ្នាំ ទៅ២០ឆ្នាំ  ដោយសាលាដំបូង រាជធានីភ្នំពេញ ក្នុងសំណុំរឿង បង្កឲ្យមានហិង្សា កាលពី​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ក្បែរទីលានប្រជាធិបតេយ្យ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅមុខពន្ធនាគារព្រៃសរ អនុប្រធានទីមួយនៃរដ្ឋសភា និងជាប្រធានស្ដីទី គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា បានបង្ហាញនូវកិច្ចព្រមព្រៀង រវាងគណបក្សប្រជាជនកម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ ក្នុងការបញ្ចប់ បញ្ហាជាប់គាំងនយោបាយ កាលពីថ្ងៃទី២២ ខែកក្កដាឆ្នាំ២០១៤ថា នេះ​ជាជំនួយដែលល្អបំផុត ក្នុងការស្នើ ឲ្យមានការដោះលែងសកម្មជននយោបាយ ទាំង១១នាក់។លោក និយាយ​ថា កិច្ចព្រមព្រៀងនយោបាយ ថ្ងៃទី២២ខែកក្កដា រួមជាមួយនឹង«វប្បធម៌សន្ទនា» អាចរកច្រក​សម្រាប់ដោះ​ស្រាយ និងការសម្រេច ឲ្យមានការដោះលែងមន្ត្រី និងសកម្មជននយោបាយ ទាំង១១នាក់នោះហើយ។

លោក កឹម សុខា បានថ្លែងថា៖ «ខ្ញុំសង្ឃឹមថាគណបក្សទាំងពីរ នៅតែគោរពវប្បធម៌សន្ទនា។ ហើយបក្សទាំង​ពីរហ្នឹង ក៏បានបង្ហាញនូវជំហរថា នៅតែគោរពវប្បធម៌សន្ទនា។ (...) អញ្ចឹង វប្បធម៌សន្ទនា ក៏អាចជាច្រកទីបី ដើម្បីឲ្យដោះលែងអ្នកទាំងហ្នឹង»។

តាមការបញ្ជាក់របស់មេធាវី ក៏ដូចជាអង្គការសង្កមស៊ីវិល ដែលមានវត្តមានក្នុងសវនាការនោះ ក៏ធ្លាប់បាន​លើក​ឡើងថា សកម្មជនទាំង១១នាក់ ដែលត្រូវបញ្ជាខ្លួន ឲ្យឃុំខ្លួនដោយ បុគ្គលចៅក្រម លើក្នុងបទឧក្រិដ្ឋនោះ មាន​មួយចំនួន មិនមានមេធាវីការពារទេ។ ប្រធានបច្ចេកទេសស៊ើបអង្កេត នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត ធ្លាប់បានលើកឡើងថា តុលាការមិនបានសម្រេចសេចក្តីនេះ ត្រឹមត្រូវតាមនីតិវិធីនោះទេ។ លោកបន្តថា តាមនីតិវិធីដែលតុលាការនេះបានធ្វើ ទំនងជារឿងនយោបានច្រើនជាង។ លោក សំអាត បាន​ថ្លែងឲ្យសម្ដែងការជឿជាក់ថា៖ «ការសម្រេចក្តីនេះ មានចរិកនយោបាយ ជាងការដែលជំនុំជម្រះ​តាមនីតិវិធី»។

ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកម្ពុជា ក៏បានបង្ហាញការព្រួយបារម្ភ ចំពោះការសម្រេច​របស់​តុលាកា រក្នុងការដាក់ទោសសកម្មជន របស់គណបក្សសង្គ្រោះជាតិទាំង១១នាក់ នេះដែរ។តាមសេចក្តី​ប្រកាស​ព័ត៌មាន របស់ស្ថានទូត កាលពីថ្ងៃទី២៥ ខែកក្កដា បានសរសេរថា៖ «យើងសុំឲ្យរដ្ឋាភិបាលកម្ពុជា ពិនិត្យ​មើល​ឡើងវិញ ឲ្យបានហ្មត់ចត់ នូវដំណើរក្តីនៃតុលាការរបស់ខ្លួន។ ដើម្បីធ្វើយ៉ាងណា ឲ្យវាមានលក្ខណៈពេញលេញ តម្លាភាព ហើយស្របទៅនឹងច្បាប់ក្នុងប្រទេស និងបទដ្ឋានអន្តរជាតិ។»

សូមរំលឹកថា សកម្មជនទាំង១១នាក់នោះ រូមមាន លោក មាជ សុវណ្ណារ៉ា, លោក ឃិន រឿន និងលោក អឿ ណារិន ត្រូវបានផ្តន្ទាទោស ជាប់ពន្ធនាគារក្នុងម្នាក់ៗ ២០ឆ្នាំ ដោយជាប់ចោទពីបទ«ដឹកនាំកុបកម្ម»។ ឯលោក សាន គឹមហេង, លោក នាង សុឃុន, លោក កែ ឃីម, លោក ទេព ណារិន, លោក អាន បឋម, លោក ស៊ុ ពុទ្ធី, លោក សាន សីហៈ និងលោក អ៊ុក ពេជ្រសំណាង ត្រូវផ្តន្ទាទោស ជាប់បន្ធនាគារ៧ឆ្នាំ ក្រោមបទចោទ «ចូលរួម​ធ្វើកុបកម្ម»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...