ហ៊ុន សែន ថា​អង្គុយ​ក្នុង​តំណែង​មក​ដល់​ពេល​នេះ មិន​ដោយ​សារ​អាវុធ

លោក ហ៊ុន សែន បានថ្លែងឲ្យដឹង នៅថ្ងៃនេះ ថាលោកបានអង្គុយក្នុងតំណែង ជិត៤ទសវត្សន៍មកនេះ រាប់ទាំងតំណែង ជារដ្ឋមន្ត្រីការបរទេសនោះផង មិនមែនដោយសារចុងអា​វុធ និងអំពើផ្ដាច់ការនោះទេ។ លោកនាយករដ្ឋមន្ត្រី បានអះអាងថា នោះគឺដោយសារមានការគាំទ្រ ពីសំណាក់ពលរដ្ឋ។
ហ៊ុន សែន ថា​អង្គុយ​ក្នុង​តំណែង​មក​ដល់​ពេល​នេះ មិន​ដោយ​សារ​អាវុធ
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - អគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាំវុធ និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១០ វិច្ឆិកា ២០១៧
  • កែប្រែចុងក្រោយ: November 10, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលគេស្គាល់ថា បានអង្គុយក្នុងតំណែង ជានាយករដ្ឋមន្ត្រីតាំងពីឆ្នាំ១៩៨៥មកនោះ បានអះអាងដោយមោទនភាព នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះ ថាលោកអង្គុយនៅក្នុងតំណែង បានយូរដូច្នេះ មិនមែនដោយសារចុងអាវុធ និងអំពើផ្ដាច់ការនោះទេ។ លោក ហ៊ុន សែន បានបដិសេធថា រូបលោក មិនមែនជាប៉ុលពត ដែលបានតំណែង ត្រឹមតែ៣ឆ្នាំ ៨ខែ ២០ថ្ងៃនោះទេ។

នៅក្នុងពិធីជួប ជាមួយយុវជនអាស៊ាន-ជប៉ុនជាច្រើនរយនាក់ នៅក្នុងវិមានរដ្ឋាភិបាល លោកហ៊ុន សែន ដែលបានក្លាយជាមេដឹកនាំដ៏ចាស់វស្សាជាងគេ នៅទ្វីបអាស៊ី បានថ្លែងឡើងថា៖ «​ខ្ញុំអាចអង្គុយបាននៅទីនេះ ជាង៣០ឆ្នាំ មិនមែនដោយសារចុងកាំភ្លើងទេ ហើយក៏មិនមែនដោយសារ អំពើផ្ដាច់ការណាមួយដែរ។ អ្នកដែលផ្ដាច់ការធំបំផុតជាងគេ គឺ ប៉ុល ពត។ ប៉ុន្ដែ ប៉ុល ពត អាចរស់បានត្រឹមតែ៣ឆ្នាំ ៨ខែ ២០ថ្ងៃតែប៉ុណ្ណោះ។»។

លោកនាយករដ្ឋមន្ត្រី ដែលមានអតីតភាព ជាកម្មាភិបាលខ្មែរក្រហមរូបនេះ បានពន្យល់ពីខ្លួនលោកថា៖ «ហ៊ុន សែន វិញ បូកទាំងតួនាទីរដ្ឋមន្ដ្រីការបរទេស និងតួនាទីជានាយករដ្ឋមន្ដ្រី បានធ្វើជិត៣៩ឆ្នាំ មិនមែនដោយសារចុងអាវុធទេ។ ប៉ុន្ដែដោយសារការគាំទ្រ របស់ប្រជាជន ហើយយើងប្ដេជ្ញា ជាមួយ នឹងដំណើរការលទ្ធិប្រជាធិបតេ​យ្យ សម្រាប់ប្រទេសយើង។»។

សម្រាប់អ្នកកត់ត្រាប្រវត្តិសាស្ត្រឯករាជ្យវិញ មិនបានយល់ឃើញ ដូចការលើកឡើង របស់លោក ហ៊ុន សែន នោះទេ និងអះអាងថា លោក ហ៊ុន សែន បានដណ្ដើមអំណាច តាមរយៈចុងអាវុធ យ៉ាងហោចណាស់ ក៏មានចំនួន ៤ដងដែរ។ ឯកសារស្រាវជ្រាវជាច្រើន បានបញ្ជាក់ថា លោក ហ៊ុន សែន ជាអតីតទាហានខ្មែរក្រហមមួយរូប ដែលបានរត់ចោលជួរ ដើម្បីគេចចេញពីយុទ្ធនាការចម្រាញ់ របស់ប៉ុលពត ប្រឆាំងជនក្បត់បក្ស​នៅតំបន់បូព៌ា មុននឹងរូបលោក បានលួចឆ្លងចូល ក្នុងទឹកដីវៀតណាម នៅចុងឆ្នាំ១៩៧៧។ លោក ហ៊ុន សែន បានវិលត្រឡប់ចូលមកប្រទេសកម្ពុជា ជាមួយនឹងកងទ័ពវៀតណាម ដែលបានចាប់ផ្ដើម វាយចូលឈ្លានពានប្រទេសកម្ពុជា នៅចុងឆ្នាំ១៩៧៨។

ក្រុមអ្នកស្រាវជ្រាវឯករាជ្យ ដែលត្រូវបានដកស្រង់ យកមកសង្ខេបដោយគេហទំព៍រ «WikiPedia» បានបញ្ជាក់ទៀតថា បន្ទាប់ពីទម្លាក់របបខ្មែរក្រហម ចេញពីអំណាចរួច ក្រុងហាណូយ បានលើកបន្តុបរដ្ឋាភិបាលខ្មែរមួយឡើង ដោយពេលនោះមានលោក ហ៊ុន សែន ជារដ្ឋមន្ត្រីការបរទេស ខណៈលោកមានវ័យទើបតែ២៨ឆ្នាំ។ នៅពេលនោះ គ្មានពលរដ្ឋខ្មែរជាទូទៅណា ស្គាល់លោក ហ៊ុន សែន នោះឡើយ។

ឯកសារទាំងនោះ បានសរសេរប្រហាក់ប្រហែលគ្នាថា លោក ហ៊ុន សែន បានក្លាយជានាយករដ្ឋមន្ត្រី លើកដំបូង នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ១៩៨៥ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីពីររូប ម្នាក់គឺលោក ប៉ែន សុវណ្ណ បានបាត់ខ្លួន (ត្រូវវៀតណាម ចាប់យកទៅឃុំ នៅរដ្ឋធានី ហាណូយ) និងម្នាក់ទៀត គឺលោក ចាន់ ស៊ី បានទទួលមរណភាព យ៉ាងអាថ៌កំបាំង។

នៅឆ្នាំ១៩៩៣ នៅក្រោយពេលចាញ់ឆ្នោត ក្នុងការបោះឆ្នោតសកល ដែលរៀបចំឡើង ដោយអង្គការសហប្រជាជាតិ លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជារបស់លោក បានគម្រាមលើកទ័ព បង្កើតតំបន់អប្បគមន៍ នៅខាងកើតទន្លេមេគង្គ ក្រោយហេតុផលមួយ ដែលក្រុមរបស់លោកអះអាងថា ដើម្បីតវ៉ាលើភាពមិនប្រក្រតី នៅក្នុងការបោះឆ្នោត រហូតលុះត្រាលោក បានក្លាយជានាយករដ្ឋមន្ត្រីទីពីរ។

អ្វីដែលជាទឡ្ហីករណ៍ចុងក្រោយ បង្ហាញថា លោក ហ៊ុន សែន បានបន្តអំណាចរបស់ខ្លួន តាមរយៈចុងអាវុធនោះ គឺនៅក្នុងព្រឹត្តិការណ៍រដ្ឋប្រហារ ខែកក្កដា ឆ្នាំ១៩៩៧ ដែលលោក ហ៊ុន សែន បានប្រើប្រាស់កម្លាំងយោធា បណ្ដេញព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ដែលជានាយករដ្ឋមន្ត្រីជាប់ឆ្នោត ឲ្យចេញពីអំណាច និងដើម្បីខ្លួនលោក បានអង្គុយក្នុងតំណែង ជានាយករដ្ឋមន្ត្រីតែម្នាក់ឯង តាំងពីពេលនោះមក។

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ធ្លាប់បានបរិហារលោក ហ៊ុន សែន ថាបុរសខ្លាំងរូបនេះ មិនដែលត្រូវបានប្រជាពលរដ្ឋខ្មែរ គាំទ្រឲ្យឡើងកាន់អំណាច ដោយស្របច្បាប់ម្ដងណាឡើយ។ មេដឹកនាំប្រឆាំង ដែលជាគូបដិបក្ខដ៏ធំ របស់លោក ហ៊ុន សែន បានពន្យល់ថា រីឯការឈ្នះឆ្នោះ នៅក្នុងការបោះឆ្នោតកន្លងមក បានកើតឡើង ដោយសារតែលោក ហ៊ុន សែន ប្រើប្រាស់អំពើទុច្ចរិត ដូចជាការលួចបន្លំ និងការគម្រាមកំហែង ទៅលើពលរដ្ឋម្ចាស់ឆ្នោត តែប៉ុណ្ណោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...