ចាប់ខ្លួនម្ចាស់សណ្ឋាគារជាតិស្វីស ពីបទសេពសន្ធវះជាមួយកុមារ
ម្ចាស់សណ្ឋាគារមួយនៅទីរួមខេត្តសៀមរាប លោករូដដូហ្វ៍ ខេ (Rudolf K.) មកពីទីក្រុង ប៊ីយ៉ែន (Bienne) បានជាប់ចោទពីបទមានទំនាក់ទំនងផ្លូវភេទ ជាមួយអនិតិជន ហើយត្រូវបានអាជ្ញាធរកម្ពុជាចាប់ឃាត់ខ្លួនកាលពីថ្ងៃព្រហស្បត្តិ៍។ បើតាមអង្គការសង្គមស៊ីវិលមួយ ដែលធ្វើការស្និតនឹងករណីនេះ បាននិយាយថា ជាករណីមួយដែលបានកើតឡើងដដែលៗ និងជាច្រើនដង ជាមួយម្ចាស់សណ្ឋាគាររូបនេះ។
កុមារកម្ពុជា មិនមែនជាត្រីដែលគេអាចបង់សំណាញ់ យកមកទទួលទានស្រេចនឹងចិត្តនោះទេ។ (រូបថត APLE)
រាជធានីភ្នំពេញ - ថ្ងៃព្រហស្បត្តិ៍ទី៣១ខែតុលាកន្លងមកនេះ ជាថ្ងៃបុណ្យកំណើតគម្រប់ខួប៦៦ឆ្នាំ របស់ម្ចាស់សណ្ឋាគារមួយក្នុងទីរួមខេត្តសៀមរាប តែវាក៏ជាថ្ងៃដែលនគរបាលកម្ពុជា បានគោះទ្វាផ្ទះរបស់គាត់ ដើម្បីនាំខ្លួនគាត់ពីបទសេពសន្ធវះជាច្រើនដង ជាមួយកុមារមិនទាន់គ្រប់អាយុ។
អង្គការមួយដែលធ្វើសកម្មភាពប្រឆាំងនឹងការរំលោភសេពសន្ធវះ លើអនិតិជន មានឈ្មោះថា ប្រយុទ្ធដើម្បីកុមារ (Action pour les enfants - APLE) បានរាយការណ៍ពីសកម្មភាពរបស់លោក រូដដូហ្វ៍ ខេ ទៅប្រាប់អាជ្ញាធរ បន្ទាប់ពីអង្គការនេះបានតាមដានសកម្មភាពរបស់លោក តាំងពីដើមឆ្នាំនេះមក។ លោក រូដដូហ្វ៍ ទំនងជាត្រូវបានគេឃើញថាលោកបាននៅជាមួយកុមារមិនទាន់គ្រប់អាយុជាញឹកញាប់។
ម្ចាស់សណ្ឋាគាររូបនេះ បានចូលមករស់នៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩០ ហើយធ្លាប់ត្រូវបានចោទប្រកាន់ពីករណីដូចគ្នានេះ នៅឆ្នាំ២០០០ និងនៅឆ្នាំ២០០៩រួចមកហើយ ព្រមទាំងបានត្រូវតុលាការកាត់ទោស (ឆ្នាំ២០០៩) ឲ្យជាប់ពន្ធនាគារចំនួនពីរឆ្នាំ ក្នុងករណីមួយដែលពាក់ព័ន្ធនឹងកុមារាអាយុ១៤ឆ្នាំ។
ការសែតមួយក្នុងប្រទេសស្វីសបានសរសេរឲ្យដឹងថា ការិយាល័យសហព័ន្ធនៃកិច្ចការបរទេស របស់ប្រទេសស្វីស នៅថ្ងៃសុក្រទី០១ខែវិច្ឆិការនេះ ក៏ទើបនឹងបញ្ជាក់អះអាងដែរពីការចាប់ខ្លួន របស់ជនជាតិស្វីសចំណាកស្រុករូបនេះ នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែការធ្វើបត្យាប័ន ឬការចាប់បញ្ជូនជនជាប់ចោទចេញពីប្រទេសកម្ពុជា មិនទាន់ជាកើតមាននៅឡើយទេ ដោយសារតែមិនទាន់មានកិច្ចព្រមព្រៀងណាមួយ ត្រូវបានធ្វើរវាងប្រទេសទាំងពីរ។
អាចមានទោសជាប់ពន្ធនាគារ ៧ឆ្នាំ
លោក ខឹម វណ្ណបូ នាយកអង្គការ«ប្រយុទ្ធដើម្បីកុមារ» បានថ្លែងប្រាប់ការសែតស្វីសមួយទៀត យ៉ាងដូច្នេះថា «យើងសង្ឃឹមជឿជាក់ថា រូដដូហ្វ៍ ខេ នឹងត្រូវគេបណ្ដេញចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសស្វីសវិញ»។ ជាមួយនឹងសំនុំឯកសារដែលជាលទ្ធផលនៃការស្រាវជ្រាវស៊ើបអង្កេតកន្លងមក អង្គការមួយនេះគិតថាបុរសអ្នកមានប្រាក់រូបនេះ នឹងត្រូវប្រឈមនឹងទោសជាប់ពន្ធនាគារយ៉ាងហោចណាស់ ៧ឆ្នាំ។ លោក ខឹម វណ្ណបូ បានសម្ដែងនូវក្ដីសង្ឃឹមពី«សារដ៏ច្បាស់»មួយ ដែលបញ្ជាក់ថា កម្ពុជាមិនមែនជាទិសដៅសម្រាប់ជន ដែលស្វែងរកការរួមភេទ ជាមួយកុមារមិនទាន់គ្រប់អាយុនោះឡើយ។
គ្រាន់តែអង្គការនេះមួយប៉ុណ្ណោះ ធ្លាប់បាននាំទៅឲ្យប្រព័ន្ធតុលាការចាត់ការ នូវជនប្រព្រឹត្តិក្នុងករណីនេះ ចំនួន ២៧២នាក់រួចមកហើយ រាប់ចាប់តាំងពីពេលចាប់កំណើតមក ដែលមានប្រមាណជា១០ឆ្នាំ។ ប៉ុន្តែបញ្ហាដ៏រ៉ាំរ៉ៃ នៅតែមានកើតឡើងរហូតមកដល់ថ្ងៃនេះ ប្រៀបបាននឹង«វែកចក»។ នោះ គឺដោយសារតែការអនុវត្តន៍ប្រព័ន្ធច្បាប់ ក្នុងប្រទេសមួយនេះនៅមានកម្រិត ស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជា នៅទីទ័លក្រ និងអំពើពុករលួយនៅតែកើតមានយ៉ាងសន្ធឹកសន្ធាប់ រវាងជនល្មើសនិងអាជ្ញាធរ ឬអ្នកមានអំណាចគ្រាក់ៗ៕
--------------------------------------------------------
ដោយ៖ កេសរកូល - ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ