បំបែក​សំនុំរឿង​ភេរវកម្ម​នៅ​ប្រ៊ុយសែលបាន​រហ័ស ដោយ​សារ​អ្នក​បើក​តាក់ស៊ី

តាមដំណឹងចុងក្រោយ ដែលត្រូវបានបង្ហើបឲ្យដឹង នៅព្រឹកថ្ងៃពុធនេះ ក្រុមភេរវជនអត្តឃាត នៅ​រាជធានី ប្រ៊ុយសែល បាន​ជិះ​​រថយន្ដ​តាក់ស៊ី​ធម្មតា មកកាន់ព្រលានយន្ដហោះ ដើម្បី​បំផ្ទុះ​គ្រាប់បែក ដែល​បំពាក់​ជាប់​នឹង​ខ្លួន។
បំបែក​សំនុំរឿង​ភេរវកម្ម​នៅ​ប្រ៊ុយសែលបាន​រហ័ស ដោយ​សារ​អ្នក​បើក​តាក់ស៊ី
នៅព្រលានយន្ដហោះ ជនសង្ស័យបីនាក់ ទំនងជាបានលាក់គន្លឹះគ្រាប់បែក នៅនឹងស្រោមដៃ។ (ប្រភពដំណឹង និង​រូបថត ពី​អ្នក​ស៊ើប​អង្កេត​ប៊ែលហ្សិក)
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២៣ មីនា ២០១៦
  • កែប្រែចុងក្រោយ: March 24, 2016
  • ប្រធានបទ: ភេរវកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ព័ត៌មានទាក់ទងនឹង ភេរវជន បានធ្លាក់ចុះជាបន្តបន្ទាប់ មកដល់ដៃ របស់ក្រុមអ្នកស៊ើបអង្កេត។ បន្ទាប់ពី​បាន​ឃើញ​រូបថតជនសង្ស័យបីនាក់ ដែលជាប់ពាក់ព័ន្ធ ក្នុងការដាក់បំផ្ទុះគ្រាប់បែក នៅព្រលានយន្ដហោះ​អន្តរជាតិ នៃ​រាជធានីប្រ៊ុយសែលនោះរួច អ្នកបើកបររថយន្ដតាក់ស៊ី ដែលអះអាងថា ខ្លួនជាអ្នកបានដឹកជន​សង្ស័យ បាន​ចូល​ខ្លួន​ទៅរាយការណ៍​ ប្រាក់ក្រុមអ្នកស៊ើបអង្កេត នូវព័ត៌មានលំអិតជាច្រើន។

អ្នកបើករថយន្ដតាក់ស៊ី បានអះអាងប្រាប់អ្នកស៊ើបអង្កេតថា ខ្លួនបានជួយលើកស្បោងជាច្រើន របស់ក្រុម​ជន​សង្ស័យ ពីក្នុងឃ្លបរថយន្ដខាងក្រោយរបស់ខ្លួន នៅខណពេលខ្លួន បានដឹកជនសង្ស័យទាំងនេះ មកដល់​ព្រលាន​យន្ដហោះ។ ការប្រកាសខាងលើ របស់អ្នកបើករថយន្ដតាក់ស៊ី បានជំរុញឲ្យអាជ្ញាធរប៊ែលហ្សិក ធ្វើ​ការ​រុករក​ឆែកឆេរជាថ្មី នៅព្រលានយន្ដហោះ រហូតរកឃើញ ស្ប៉ោងខ្មៅ (ទំនងជាដាក់នៅមុខរទេះរុញ របស់​ជន​សង្ស័យ នៅក្នុងរូបថតប្រកាសរកចាប់ខ្លួន) ដែលមានផ្ទុកទៅដោយគ្រាប់បែក តែនៅមិនទាន់ផ្ទុះ​នៅ​ឡើយ។

ដូច្នេះ ការផ្ដល់ចម្លើយរបស់អ្នកបើករថយន្ដ បានឈានទៅដល់​ការរកឃើញភ្លាមៗ នូវស្ប៉ោងគ្រាប់បែក ហើយ​អ្នកជំនាញ ក៏បានធ្វើការដោះបង្កៃគ្រាប់ បញ្ជៀសគ្រោះថ្នាក់ ជាយថាហេតុផ្សេងទៀត បានទាន់​ពេលវេលា​ដែរ។

មិនត្រឹមតែប៉ុណ្ណោះ អ្នកបើកបររថយន្ដដដែល បាននិយាយប្រាប់អ្នកស៊ើបអង្កេត ពីកន្លែង​ដែល​ជនសង្ស័យ​បាន​ហៅខ្លួន ដើម្បីឡើងជិះ ដែលស្ថិតក្នុងសង្កាត់ «schaerbeek» នៃរាជធានី ប្រ៊ុយសែល។ ការបង្ហាញនេះ បាន​បើក​ផ្លូវ​ឲ្យអាជ្ញាធរ ធ្វើការឆែកឆេរជាបន្ទាន់ នៅក្នុងអាគារមួយ រហូតរកឃើញនូវសម្ភារៈ សម្រាប់ធ្វើ​គ្រាប់​បែក និងគ្រាប់បែកមួយ ដែលមានពេញទៅដោយដែកគោល (បូករួមទាំងទង់ របស់ក្រុមរដ្ឋអ៊ីស្លាម​មួយ​ផង)។

ដោយសារអ្នកបើកបរតាក់ស៊ីដដែល បានរៀបរាប់ ឲ្យដឹងបន្ថែមថា នៅមានស្បោងជាច្រើនទៀត ដែល​រថយន្ដ​ខ្លួន​មិន​អាច​ដាក់អស់ ហើយទំនង ជាត្រូវយកទៅដាក់ នៅក្នុងរថយន្ដផ្សេង។ ចេញពីដំណឹងនេះ អាជ្ញាធរ​បាន​សង្ស័យ ទៅលើរថយន្ដពីរគ្រឿងទៀត ដែលជាកម្មសិទ្ធិ​របស់ជនម្នាក់។ ជននេះអាយុ២២ឆ្នាំ ត្រូវបាន​អាជ្ញាធរ​តាមដាន តាំងពីឆ្នាំកន្លងទៅ ទាក់ទងនឹងភេរវនិយម។

សូមជម្រាបជូនថា ភេរវកម្មពីរកន្លែង ដែលបានវាយប្រហារទីមួយ ទៅលើច្រកចូលនៃព្រលានយន្ដហោះ និង​ការវាយ​ប្រហារទីពីរ ទៅលើស្ថានីយ៍រថភ្លើងក្រោមដី របស់រាជធានីប្រ៊ុយសែល បានបណ្ដាល​ឲ្យ​មាន​ជន​រងគ្រោះ ច្រើនរយនាក់ ក្នុង​នោះយ់ាងហោច ៣១នាក់បានស្លាប់។ នេះបើតាមរបាយការណ៍ ជាផ្លូវការ​ចុង​ក្រោយ របស់រាជអាជ្ញានៃប្រទេសប៊ែលហ្សិក ដែលបានប្រកាសឲ្យដឹង នៅក្នុងថ្ងៃចុងក្រោយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...