នាយក​រដ្ឋមន្ត្រី​​អ៊ុយក្រែន ប្រកាស​​លា​លែង​​ពី​​តំណែង

នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក អារសឺនី អៀតសឺនីអ៊ុក (Arseni Iatseniouk) បានប្រកាស​លាចុះ​ពីតំណែង​ហើយ កាល​ពីថ្ងៃអាទិត្យ នៅតាមកញ្ចក់ទូរទស្សន៍។ នៅក្នុងរយៈពេល​ចុងក្រោយ​នេះ លោក​នាយករដ្ឋមន្ត្រី បាន​រងការ​រិះគន់​យ៉ាង​ធ្ងន់ធ្ងរ ពីភាពយឺតយ៉ាវ ក្នុង​នយោបាយ​កំណែ​ទម្រង់ នៃ​រដ្ឋាភិបាល​របស់​លោក។
នាយក​រដ្ឋមន្ត្រី​​អ៊ុយក្រែន ប្រកាស​​លា​លែង​​ពី​​តំណែង
ពីឆ្វេងមកស្ដាំ៖ លោក អារសឺនី អៀតសឺនីអ៊ុក នាយករដ្ឋមន្ត្រី និងលោក ប៉េត្រូ ប៉ូរ៉ូឆេនកូ ប្រធានាធិបតីអ៊ុយក្រែន។ (រូបថតAP)
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១១ មេសា ២០១៦
  • កែប្រែចុងក្រោយ: April 12, 2016
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ក្រោយពីបានធ្វើ នូវអ្វីដែលខ្ញុំអាចធ្វើបាន ដើម្បីធានានូវស្ថិរភាព របស់ប្រទេស និងបង្កបង្កើត​នូវការផ្លាស់ប្ដូរ​មួយ ដ៏​ស្ងប់ស្ងៀម​ដូចនេះ​មក ខ្ញុំសម្រេចចិត្ត ធ្វើការលាឈប់ ពីតួនាទីជានាយករដ្ឋមន្ត្រី នៃប្រទេស​អ៊ុយក្រែន»។ នេះជាការថ្លែងប្រកាស របស់​នាយករដ្ឋមន្ត្រី​អ៊ុយក្រែន លោក អារសឺនី អៀតសឺនីអ៊ុក (Arseni Iatseniouk) នៅតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុក ដើម្បីដាក់​បញ្ចប់​នូវ​តំណែង​របស់​លោក ដែលរូបលោក​បាន​អង្គុយ តាំង​ពី​ឆ្នាំ​២០១៤មក។

ការលាលែងពីតំណែង របស់លោក អារសឺនី អៀតសឺនីអ៊ុក បានធ្វើឡើងនៅពីរខែ ក្រោយការប៉ុនប៉ង​មិន​បាន​សម្រេច ដើម្បីទម្លាក់រដ្ឋាភិបាលរបស់លោក ពីសំណាក់រដ្ឋសភាអ៊ុយក្រែន ដោយមកពី​មិនមាន​សម្លេង​គ្រប់​គ្រាន់។ នៅពេលនោះ បើសូម្បីលោកប្រធានាធិបតី ប៉េត្រូ ប៉ូរ៉ូឆេនកូ (Petro Porochenko) ក៏​បាន​អំពាវនាវ​ឲ្យ​លោក អារសឺនី ធ្វើការលាលែងពីតំណែងដែរ នៅបន្ទាប់ពីរឿង​អាស្រូវពុករលួយ​ជាច្រើន បានផ្ទុះ​ឡើង​ជា​បន្ត​បន្ទាប់​គ្នា។

លោក អារសឺនី មានការគាំទ្រយ៉ាងច្រើន ពីសំណាក់ប្រទេសធំៗ នៅលោកខាងលិច។ ប៉ុន្តែនៅប៉ុន្មានខែ​ចុង​ក្រោយ​នេះ លោកបានរងការរិះគន់យ៉ាងធ្ងន់ធ្ងរ ពីភាពយឺតយ៉ាវក្នុងដំណើរការ នៃការធ្វើកំណែ​ទម្រង់​ទាំង​ឡាយ ដែល​រដ្ឋាភិបាល​របស់លោក បានសន្យា។ លោកបានបន្តថ្លែងការពារខ្លួនថា៖ «វិបត្តិនយោបាយ នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន មានលក្ខណៈ​ជាការរៀបចំប្រឌិតឡើង។ មហិច្ឆតាដែលចេះតែចង់ប្ដូរមនុស្សចេញ បានធ្វើ​ឲ្យ​អ្នក​នយោបាយ​ងងឹត​ភ្នែក និងបានរំខានដល់​កំណែទម្រង់ពិតប្រាកដ សម្រាប់ប្រទេសនេះ។»។

លោកនាយករដ្ឋមន្ត្រីរូបនេះដដែល បានអះអាងថា ការលាលែងរបស់លោក នឹងត្រូវចូលជាផ្លូវការ នៅថ្ងៃ​អង្គារ​នេះ នៅចំពោះរដ្ឋសភា របស់ប្រទេសអ៊ុយក្រែន ហើយលោកប្រធានាធិបតី ប៉េត្រូ ប៉ូរ៉ូឆេនកូ បាន​តែង​តាំង​លោក វ៉ូឡូឌីមៀរ គ្រ័អ៊ីស្មាន (Volodymyr Groïssman) ប្រធានរដ្ឋសភាបច្ចុប្បន្ន ឲ្យឡើងស្នងតំណែង និង​រៀបចំ​​​រដ្ឋាភិបាលថ្មី។ លោកបាននិយាយឲ្យដឹងទៀតថា៖ «ចាប់ពីថ្ងៃនេះតទៅ ខ្ញុំសម្លឹង​ឃើញ​បេសកកម្ម​របស់​ខ្ញុំ មាន​ទំហំធំ​ជាង​អំណាច ដែលខ្ញុំនៅជាប្រមុខរដ្ឋាភិបាល»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...