ជុំវិញការយាងមកមាតុប្រទេសវិញ នៃព្រះបុរមសពព្រះបាទនរោត្ដមសីហនុ (LIVE)
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: October 17, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទំព័រផ្សាយបន្តផ្ទាល់នេះ នឹងដាក់ជូនលោកអ្នក នូវអត្ថបទថ្មីៗ ភ្លាមៗ និងជាបន្ដបន្ទាប់ នូវព្រឹត្តិការណ៍ នៃការយាងត្រឡប់ មកប្រទេសកម្ពុជាវិញ របស់ព្រះបុរមសព នៃអតីតព្រះមហាក្សត្រ ព្រះបាទព្រះ នរោត្ដម សីហនុ ពីទីក្រុងប៉េកាំង ប្រទេស ចិន។ សូមអញ្ជើញត្រឡប់ចូលមកអាន នៅក្នុងទំព័រដដែលនេះ ឬចុចលើប៊ូតុង ធ្វើបច្ចុប្បន្នភាព (Actualiser la page / Page refresh) ដើម្បីអាននូវពត៌មាន ឬរបាយការណ៍ ដែលកើតឡើងជាបន្ដបន្ទាប់ ដាក់ផ្សាយជូន ជុំវិញព្រឹត្តិការណ៍មរណទុក្ខ ដ៏រន្ធត់ និងក្រៀមក្រំនេះ។
- ម៉ោង០៨ម៉១០ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី១៧តុលា ឆ្នាំ២០១២៖
ជាបថម សូមអាននូវព្រឹត្តិការណ៍ដ៏រន្ធត់ញាប់ញ័រនេះ ដែលទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានផ្សាយក្នុងលក្ខណៈដូចគ្នា កាលពីថ្ងៃច័ន្ទទី១៥តុលាឆ្នាំ២០១២ ថ្ងៃដែលដំណឹងដ៏ក្រៀមក្រំសំរាប់ប្រជាជាតិខ្មែរ បានកើតឡើងនៅម៉ោង០១ម៉២០នាទីរំលងអាធ្រាត។ សូមចុចអាន ៖
http://www.monoroom.info/modules/mywords/?post=423
និងអាន នូវរាល់ព្រឹត្តិការណ របាយការណ៍ ការសិក្សាស្រាវជ្រាវផ្សេងៗ ទាក់ទងនឹងអតីតព្រះមហាក្សត្រ នៅទីនេះ៖
http://www.monoroom.info/modules/mywords/?tag=109
- ម៉ោង០៨ម៉៣០ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី១៧តុលា ឆ្នាំ២០១២៖
ឈ្មួញឆ្លៀតឱកាស កេងប្រវ័ញ្ចទៅលើ ប្រជាអ្នកកាន់មរណទុក្ខ !
ឈ្មួញអ្នកទទួលផ្ញើរកង់ម៉ូតូ នៅមុខព្រះបុរមរាជវាំង បានតម្លើងថ្លៃផ្ញើរកង់ម៉ូតូ ពី៥០០រៀល ទៅ២០០០រៀល។ ជារឿង ហួសហេតុមួយ បានកើតឡើងកាលពីថ្ងៃទី១៦តុលាម្សិលម៉ិញ ខណៈពេលដែលប្រជាអ្នកកាន់មរណទុក្ខ ជាច្រើនរយពាន់អ្នក បានធ្វើដំណើរពីគ្រប់ទិសទី ឆ្ពោះទៅទីនោះ ដើម្បីដុតធូបទៀន សម្ដែងគាវរកិច្ច ចំពោះអតីតព្រះមហាវីរក្សត្រ។ មិនត្រឹមតែប៉ុណ្ណោះ មានអ្នកដើរលក់ក្រណាត់ខ្មៅកាន់ទុក មួយជំនៀរតូចមួយសោះ តែមានតម្លៃដល់ទៅមួយម៉ឺនរៀល។ អំពើទាំងនេះ អាចចាត់ទុក ជាការកេងប្រវ័ញ្ច ធ្វើអាជីវកម្មលើទុកសោក របស់ក្រុមអ្នកមានសមានចិត្ត ជាមួយនឹង ព្រះមហាវីរក្សត្រ។ បណ្ដាជនដែលរងគ្រោះ នឹងការកេងប្រវ័ញ្ចជ្រុលហួសនេះ បានអំពាវនាវ សុំអោយអាជ្ញាធរមានសមត្ថកិច្ច ចុះជួយអន្ដរាគមន៍បន្ដិចផង។
- ម៉ោង០៨ម៉៥០ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី១៧តុលា ឆ្នាំ២០១២៖
ប្រជារាស្ត្រ កែនគ្នាទៅចាំទទួល ព្រះបុរមសព ព្រះបាទព្រះនរោត្ដម សីហនុ
អាជ្ញាធររៀបចំបុណ្យព្រះបុរមសពរបស់រដ្ឋាភិបាល បានគ្រោងបណ្ដាជនប្រមាណជា ១០០ ០០០ (១០ម៉ឺន)នាក់ ដើម្បីទៅ រងចាំទទួលព្រះបុរមសព របស់អតីតព្រះមហាវីរក្សត្រ ព្រះបាទព្រះនរោត្ដម សីហនុ ដែលទំនងជានឹងដាក់ពង្រាយ ពី ប្រលានយន្ដហោះអន្តរជាតិពោចិនតុង មកដល់ព្រះបុរមរាជវាំង។ តែបណ្ដាអ្នកស្រឡាញ់ និងមានសមានចិត្តជាមួយនឹង ព្រះមហាវីរក្សត្រ បានលើកជាចម្ងល់ថា ហេតុអី ១០ម៉ឺននាក់ បើប្រជាជានខ្មែរមានរហូតដល់ទៅជាង១៤លាននាក់នោះ?
នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ពួកគេជាច្រើននាក់បានបបួលគ្នា ទៅរងចាំទទួលព្រះបុរមសពដូចគ្នា ហើយសារជាច្រើន ត្រូវបានគេចែករំលែក បន្ដៗគ្នា ដែលមើលទៅមានសន្ទុះខ្លាំងគួរអោយកត់សម្គាល់។ គេរំពឹងថា មនុស្សម្នាមិនតិចជាង ១លាននាក់ នឹងអាចធ្វើដំណើរទៅទទួល ព្រះបុរមសពនេះ ដែលជារឿងធ្វើអោយគេយល់ពីប្រជាប្រិយភាព ដ៏ខ្លាំងក្លាមិន អាចស្មានដល់ របស់ព្រះមហាវីរក្សត្រ កាលពីពេលព្រះអង្គនៅមានព្រះជន្ម។
សូមជំរាបជូនថា នៅប្រទេសអង់គ្លេស នៅពេល ព្រះមហាក្សត្រីយ៉ានី ម៉ែ អេលីហ្សាប៊ែត ទ្រង់សោយទីវង្គត បណ្ដាជន អង់គ្លេសរាប់សិបលាននាក់ បានធ្វើដំណើរទៅធ្វើគាវរកិច្ចចុងក្រោយ ចំពោះព្រះអង្គ។ រីឯសម្ដេចប៉ាប ជន ប៉ូល ទី២វិញ ពេលលោកបានសុគតទៅនោះ ក៏មានបណ្ដាជនរាប់សិបលាននាក់ដូចគ្នា បានធ្វើដំណើរឆ្ពោះទៅបូរី វ៉ាទីកង់ ដើម្បីទៅលា លោកជាចុងក្រោយ។
- ម៉ោង១០ម៉១០ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី១៧តុលា ឆ្នាំ២០១២៖
មានចលនាអោយលប់រូបព្រះឆាយ៉ាល័ក្ខ ពីទំព័រមុខនៃគណនីហ្វេសប៊ុក
អ្នកដែលចង់អោយ ដករូបនេះចេញពីទំព័រមុខ នៃរាល់គណនីហ្វេសប៊ុកនោះ បានសរសេរសុំអោយដករូបថត ព្រះឆាយ៉ាល័ក្ខចេញពី Picture Fecebook ជាបន្ទាន់ ដើម្បីជាការគោរពដល់ស្ថាប័នព្រះមហាក្សត្រ ដោយបានគម្រាមថា អ្នកដែលមិនធ្វើតាម នឹងមានវិធានការផ្លូវច្បាប់ពីសំណាក់រដ្ឋាភិបាល។ អ្នកខ្លះឃើញពាក្យទាំងអស់នេះ បានធ្វើការអោយ យោបល់តប តែអ្នកខ្លះទៀតបានអស់សំណើច នឹងការបង្កើតរឿងផ្ដេសផ្ដាសមកនិយាយ។ ទស្សនវដ្ដីមនោរម្យព័ងអាំងហ្វូ បានពិគ្រោះជាមួយអ្នកច្បាប់កម្ពុជា ហើយសូមធ្វើការបកស្រាយដូចតទៅ៖
១. អ្នកបង្កើតបញ្ហានេះ អាចជាមនុស្សចាស់ម្នាក់ ដែលច្រណែន នឹងប្រជាប្រិយភាពរបស់អតីតព្រះមហាក្សត្រ ហើយចង់ បង្កើតបញ្ហារវាង បណ្ដាជនអ្នកចូលចិត្តស្រឡាញ់ព្រះមហាក្សត្រ និងរដ្ឋាភិបាលកម្ពុជា។
២. អ្នកបង្កើតបញ្ហានេះ អាចជាមនុស្សដែលមិនយល់អ្វីទាំងអស់ ហើយធ្វើរឿងនេះឡើង ដើម្បីអោយគេឯងដឹងថាខ្លួន គ្រាន់បើ និងទទួលបានការចូលចិត្ត (Likes) ទាំងទទឹងទិស។
សូមបញ្ជាក់ថា មាត្រាទី៧នៃរដ្ឋធមនុញ្ញកម្ពុជា បានចែងដូច្នេះថា ព្រះមហាក្សត្រមិនអាចនណារំលោភបំពានបានទ្បើយ។ សេចក្ដីចែងរបស់រដ្ឋធមនុញ្ញ មានសេចក្ដីស្មើនឹងការទប់ទល់នឹងការប្រមាថ ប៉ះពាល់ក្នុងផ្លូវមិនល្អណាមួយ តែមិនមែន ក្នុងន័យទប់ស្កាត់ នឹងការប្រើប្រាស់រូបព្រះឆាយាល័ក្ខ ក្នុងន័យគោរពស្រឡាញ់ និងដឹងគុណនោះទេ។
- ម៉ោង១០ម៉៤០ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី១៧តុលា ឆ្នាំ២០១២៖
នៅតាមសាលារៀនមួយចំនួន កាផ្សាយដំណឹងអោយសិស្សានុសិស្សទាំងឡាយ ផ្អាកការសិក្សារបស់ខ្លួន ដើម្បីមកជួបជុំគ្នានៅម៉ោង ០១ម៉៣០រសៀល ទៅត្រៀមចាំទទួលព្របុរមសព របស់ព្រះបាទនរោត្ដម សីហនុ។ ក្នុងសេចក្ដីប្រកាសនោះ មានការសុំអោយស្លៀកពាក់ឯកសណ្ឋានសិស្សមកផង។
- ម៉ោង១១ម៉០០ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី១៧តុលា ឆ្នាំ២០១២៖
សៀវភោកត់ត្រាឯកត្តកម្មរបស់ពិភពលោក បានដាក់អតីតព្រះមហាក្សត្រ ព្រះបាទនរោត្ដមសីហនុ ទៅក្នុងចំណាត់ថ្នាក់ជាមេដឹកនាំដ៏កំពូលមួយរូប ដែលបានផ្លាស់ប្ដូរជាញឹកញាប់នូវមុខតំណែងរបស់ខ្លួន ជាព្រះមហាក្សត្រផង ជានាយករដ្ឋមន្ត្រីផង ជាប្រមុខរដ្ឋផង ជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ... ដើម្បីដឹងថាការកត់ត្រារបស់សៀវភៅឯកត្តកម្មពិភពលោកនេះ និយាយត្រូវឬយ៉ាងណា ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានលើកយកថ្ងៃខែសំខាន់ៗ ដែលកើតឡើងក្នុងរេជ្ជកាលរបស់ព្រះអង្គ។ សូមចុចអាន៖
http://www.monoroom.info/modules/mywords/?post=427
- ម៉ោង១១ម៉៣០ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី១៧តុលា ឆ្នាំ២០១២៖
ប្រភពពីអាសូស៊ីអេដ ប្រេស៖ ព្រះបុរមសពនៃព្រះវីរក្សត្រនរោត្ដម សីហនុ ត្រូវបានដឹកដោយរថយន្ដក្រុង ធុនតូចមួយ អបដោយប៉ូលីសការពារផង បានដឹកចេញពីមន្ទីពេទ្យទីក្រុងប៉េកាំង ឆ្ពោះមកកាន់អាកាសយានដ្ឋានអន្តរជាតិ នៃទីក្រុងនេះហើយ។ សូមទស្សនារូបភាព រថយន្ដក្រុង ដែលជាព្រះទីនាំងពីមន្ទីពេទ្យទីក្រុងប៉េកាំង៖
- ម៉ោង១១ម៉៤០ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី១៧តុលា ឆ្នាំ២០១២៖
ពត៌មានធ្លាក់មកថ្មីៗនេះ បានអោយដឹងថា ព្រះបុរមសពនៃព្រះវីរក្សត្រ នីងត្រូវដឹងយាងត្រឡប់មកដល់មាតុប្រទេសវិញ ដែលបានគ្រោងពីមុន ថានឹងមកដល់អាកាសយានដ្ឋានពោចិនតុង នៅម៉ោង៣រសៀលនោះ តែឥឡូវមានការផ្លាស់ប្ដូរ នឹងមកដល់ នៅម៉ោង០១ម៉៤០នាទីក្នុងរសៀលថ្ងៃដដែលវិញ។
- ម៉ោង១២ម៉២០ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី១៧តុលា ឆ្នាំ២០១២៖
ប្រភពពីអាអេហ្វប៉េ៖ ព្រះទីនាំងដឹកព្រះបុរមសព របស់ព្រះបាទនរោត្ដម សីហនុ បានចេញពីមន្ទីពេទ្យ ឆ្ពោះទៅកាន់អាកាស យានដ្នានអន្តរជាតិ។ នៅតាមដងផ្លូវ ចរាចរណ៍ទាំងឡាយត្រូវបានគេសុំអោយផ្អាក ដោយទុកព្រះរាជសិទ្ធិ អោយក្បួន ព្រះទីនាំងធ្វើដំណើរទៅមុខ។ ព្រះបុរមសព ត្រូវបានដង្ហែដោយ សម្ដេចម៉ែ មន្នីនាថ សីហនុ ព្រះមហាក្សត្រខ្មែរ នរោត្ដម សីហនុ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងព្រះសង្ឃ៣អង្គផង។ មឈ្ឈូស ដាក់ព្រះបុរមសព គ្រប់ដោយក្រណាត់ ពណ៌ស្វាយ ត្រូវបានគេមើលឃើញ នៅក្នុងព្រះទីនាំងមួយ ដែលរចនាចង់លំអរពីខាងក្រៅខ្លះផង ហើយបើកអមពីក្រោយ ដោយរថយន្ដ ខ្មៅទំនើបផ្សេងទៀតប្រមាណជា ២០គ្រឿង។ ទូរទស្សន៍ចិន បាន ធ្វើការផ្សាយបន្ដផ្ទាល់ពីក្បួនដង្ហែនេះ ខុសប្លែកពីសព្វមួយដង ដោយបានផ្អាកកម្មវិធីផ្សេងទៀត ដែលធ្លាប់ធ្វើកន្លងមក។
- ម៉ោង០១ម៉៣០ ម៉ោងនៅភ្នំពេញ រសៀលថ្ងៃទី១៧តុលា ឆ្នាំ២០១២៖
ប្រភពពីអ្នកយកការណ៍របស់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ ឈរជើងនៅមុខព្រះបុរមរាជវាំង៖ ប្រជាពលរដ្ឋមកពី គ្រប់ ទិសទី ប្រមាណជារាប់សិបពាន់នាក់ មានប្រុសមានស្រី ទាំងចាស់ក្មេង និងអាចមានទាំងនៅទីក្រុង និងមកពីជនបទផង បានធ្វើដំណើរ មកចាំទទួលព្រះបុរមសពរបស់ អតីតព្រះមហាវីរក្សត្រ។ ពួកគេខ្លះបានមកអង្គុយស្មឹងស្មាធតាំងពីមុននេះ ហើយមានខ្លះទៀត បាននឹងកំពុងធ្វើដំណើរមកជាបណ្ដើរៗ ដោយក្នុងនោះមានព្រះសង្ឃជាច្រើនរយអង្គផង។ ឆ្លើយតប នឹងអ្នកយកពត៌មាន របស់ ទស្សនាវដ្ដី ដូនជីម្នាក់មានសម្ដែងក្ដីក្ដុកក្ដួល ហើយបានរលឹកពីវីរភាពដ៏ថ្លៃថ្លារបស់សម្ដេច ព្រះនរោត្ដមសីហនុ ថាព្រះអង្គជាក្សត្រប្រកបដោយព្រហ្មវិហាធម៌ មិនប្រកាន់រើសអើង ស្រឡាញ់រាស្ត្ររបស់ព្រះអង្គគ្រប់ ស្រទាប់វណ្ណៈ។ ដូនជីថា ព្រះអង្គបានផ្ដល់សេចក្ដីសុខ អោយដល់ប្រជារាស្ត្ររបស់ព្រះអង្គ ហើយធ្វើអោយប្រទេស មានការរីកចំរើន នៅគ្រប់វិស័យ កាលពីសម័យកាលដែលព្រះអង្គកាន់អំណាច ជាពិសេស ព្រះអង្គជាក្សត្រដែលប្រកាន់ខ្ជាប់នូវព្រះពុទ្ធសាសនា និងជួយអោយវិស័យនេះ បានរីកចំរើនទៅមុខយ៉ាងខ្លាំង។
- ម៉ោង០២ម៉០០ ម៉ោងនៅភ្នំពេញ រសៀលថ្ងៃទី១៧តុលា ឆ្នាំ២០១២៖
នេះជាផែនទី ផ្សាយដោយកាសែតភ្នំពេញប៉ុស្ដិ៍ ដែលក្បួនព្រះទីនាំងរបស់ ព្រះបុរមសព នឹងត្រូវឆ្លងកាត់។
- ម៉ោង០២ម៉៣០ ម៉ោងនៅភ្នំពេញ រសៀលថ្ងៃទី១៧តុលា ឆ្នាំ២០១២៖
ប្រភពCEN៖
នៅរសៀលនេះ ចាប់តាំងពីព្រលានយន្តហោះ អន្តរជាតិភ្នំពេញ និងតាមបណ្តាយផ្លូវសហព័ន្ធរុស្ស៊ី បន្តដល់រុក្ខវិថីក្រមួនសរ មហាវិថីព្រះនរោត្តម វិមានឯករាជ្យ រហូតដល់មុខវាំង មានមន្ត្រីរាជការ សិស្សានុសិស្ស និងប្រជា ពលរដ្ឋ ស្លៀកពាក់អាវស សំពត់ខោខ្មៅ ដោយភ្ជាប់បូខ្មៅ ជាច្រើនម៉ឺននាក់ បានឈរ ដើម្បីរង់ចាំទទួលព្រះបរមសពសម្តេចព្រះមហាវីរក្សត្រ។
គេសង្កេតឃើញ មន្ត្រីរាជរដ្ឋាភិបាល សមាជិករដ្ឋសភា ព្រឹទ្ធសភា អង្គទូត ឯកអគ្គរាជទូត និងមន្ត្រីរាជការជាច្រើន ក្នុងនោះ សមាជិករដ្ឋសភា មកពីគណបក្សប្រឆាំង ដែលមានសមាជិកសភា គណបក្សសមរង្ស៊ី ចំនួន ២៥រូប សមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ីចំនួន ១១រូប សមាជិកសភាគណបក្សសិទ្ធិមនុស្ស ចំនួនមួយរូប បានមកចូលរួមទទួលព្រះបរមសពរបស់ព្រះមហាវីរក្សត្រ នៅនឹងព្រលានយន្ដហោះផងដែរ។
- ម៉ោង០៣ម៉០០ ម៉ោងនៅភ្នំពេញ រសៀលថ្ងៃទី១៧តុលា ឆ្នាំ២០១២៖
ព្រះបរមសពរបស់សម្តេចឪ ព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ ត្រូវបានដង្ហែតាមយន្តហោះពិសេសរបស់ចិន ពីទីក្រុងប៉េកាំង មកដល់រាជធានីភ្នំពេញហើយ កាលពីវេលាម៉ោង ២ និង ៤៥ នាទី រសៀល មុននេះ។
- ម៉ោង០៣ម៉១០ ម៉ោងនៅភ្នំពេញ រសៀលថ្ងៃទី១៧តុលា ឆ្នាំ២០១២៖
ក្នុងខណៈពេលរងចាំ ដំណើរមកដល់នៃក្បួនព្រះទីនាំង របស់ព្រះបុរមសព យើងបានជួបជាមួយអ្នកយកពត៌មានរបស់យើង ដែលបានជួបសម្ភាសជាមួយ លោកល័ក្ខ សំអាត អនុប្រធានកាយរិទ្ធិកម្ពុជា លោកបានបង្ហាញនូវអារម្មណ៍ក្ដុកក្ដួល ប្រកប ដោយទុកព្រួយយ៉ាងខ្លាំងបំផុត ដោយសារតែលោកដឹងថា ព្រះមហាវីរក្សក្រជាក្សត្រប្រកបដោយគុណធម៌ ហើយជាពិសេស ស្នាព្រះហស្ថក្នុងការទាមទារឯករាជ្យពីអាណានិគមបារាំង។ លោកបានផ្ដាំផ្ញើរទៅគ្រប់យុវជន នៃកាយរិទ្ធិកម្ពុជា ត្រូវមានទឹកចិត្តស្រឡាញ់ប្រទេសជាតិ ដូចព្រះអង្គ។
រីឯមន្ត្រីម្នាក់ដែលធ្វើការក្នុងព្រះបុរមរាជវាំង បានថ្លែងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ ប្រាប់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ ដោយបានលើកសរសើរពីអតីតព្រះមហាក្សត្រ ថាព្រះអង្គជាវីរបុរសដ៏ធំមួយអង្គសំរាប់ ប្រទេសកម្ពុជា ហើយថាព្រះអង្គមាន ប្រទ័យយ៉ាងល្អជាទីបំផុត សំរាប់ប្រជារាស្រ្តជាកូនជាចៅរបស់ព្រះអង្គ។ មន្ត្រីរូបនោះបានសង្កត់ធ្ងន់ថា ព្រះអតីតអង្គ មហាក្សត្រ ទ្រង់ជាគំរូវីរភាពដ៏អស្ចារ្យ សំរាប់កូនចៅជំនាន់ក្រោយ។
- ម៉ោង០៣ម៉៤៥ ម៉ោងនៅភ្នំពេញ រសៀលថ្ងៃទី១៧តុលា ឆ្នាំ២០១២៖
អ្នកយកពត៌មានរបស់ទស្សនាវដ្ដី បានរាយការណ៍បន្ថែមពី ទិដ្ឋភាពហ្វូងមនុស្សកាន់តែច្រើនឡើងៗ បានសម្រុកមកកាន់ទីតាំង តាមបណ្ដោយពីវិមានឯករាជ្យ រហូតដល់មុខព្រះបុរមរាជវាំង។ នៅគោលដៅខាងមុខព្រះបុរមរាជវាំង ក្រុមអាជ្ញាធរ បានរៀបចំរកកន្លែងអង្គុយចុះ អោយប្រជាពលរដ្ឋណែនណាំតាន់តាប់ ដែលមករងចាំមកជាយូ និងយ៉ាងអន្ទះសារ នូវការយាងមកដល់ នៃព្រះទីនាំងរបស់ព្រះបុរមសព។ ក្រុមកាយរិទ្ធកម្ពុជា មានយុវជនពីរនាក់បានសន្លប់ ប្រុសម្នាក់ស្រីម្នាក់ ហើយកំពុងត្រូវគេដឹកយកទៅសង្គ្រោះ។
គួរជំរាបជូនផងថា លោកខៀវ កាញារឹទ្ធ រដ្ឋមន្ត្រីក្រសួងពត៌មានកម្ពុជា លោកទើបនឹងអញ្ជើញមកដល់ មុខព្រះបុរមរាជរាំង មុននេះបន្ដិចដែរ។
- ម៉ោង០៤ម៉១០ ម៉ោងនៅភ្នំពេញ រសៀលថ្ងៃទី១៧តុលា ឆ្នាំ២០១២៖
ព្រះទីនាំងនៃព្រះបុរមសព របស់អតីតព្រះមហាក្សត្រព្រះបាទនរោត្ដម សីហនុ បានចាកចេញបន្ដិចម្ដងៗ ពីព្រលានយន្ដហោះអន្តរជាតិហើយ។ ព្រះបុរមសពនឹងទទួលការសូត្រប្រោះព្រំម្ដងទៀត នៅមុនចូលទៅដល់ព្រះបុរមរាជវាំង។
- ម៉ោង០៤ម៉២០ ម៉ោងនៅភ្នំពេញ រសៀលថ្ងៃទី១៧តុលា ឆ្នាំ២០១២៖
នៅមុខព្រះបុរមរាជរាំង អាជ្ញាធរកំពុងតែល្វីងមុខក្នុងការរៀបចំចាត់ចែង បើកផ្លូវអោយព្រះទីនាំងធ្វើដំណើរ។ ជាពិសេស ដោយសារមានអ្នកសារពត៌មានជាច្រើន ទាំងជាតិ និងអន្តរជាតិបានផ្អើល ចង់ផ្ដិតនិងថតយកពត៌មាន។ មុននេះបន្ដិច គេសង្កេតឃើញ រថយន្ដបើកផ្លូវមួយ បានបើកមកដល់ព្រះបុរមរាជវាំងហើយ។
- ម៉ោង០៤ម៉៣៥ ម៉ោងនៅភ្នំពេញ រសៀលថ្ងៃទី១៧តុលា ឆ្នាំ២០១២៖
ក្បួនព្រះទីនាំងបានធ្វើដំណើរមកដល់ចំនុចស្ពានអាកាស តាមបណ្ដោយផ្លូវសហព័ន្ធរូស្សី។ ក្បួនព្រះទីនាំង មានរថយន្ដមួយនាំមុខ និងរថយន្ដមួយទៀត ដែលដឹកពេញទៅដោយអ្នកសារពត៌មាន។ បន្ទាប់មកទៀតគឺរថយន្ដ ពាសដោយក្រណាត់ពណ៌សរ ដែលដឹកព្រះឆាយាល័ក្ខដ៏ធំបង្ហាញពីស្នាមញញឹមរបស់ អតីតព្រះមហាក្សត្រ មុននឹងមកដល់ព្រះទីនាំងដឹកព្រះបុរមសព ដែលមានរាងជាហង្សលាបពណ៌មាស អមសងខាងដោយកងម៉ូតូនៃក្រុមនគរបាល។ នៅពីក្រោយ គឺជាក្បួនរថយន្ដរបស់ថ្នាក់ដឹកនាំផ្សេងៗទៀត ដោយមិនភ្លេចពីក្បួនម៉ូតូ របស់ក្រុមយុវជន និងប្រជាពលរដ្ឋយ៉ាងសន្ធឹកសន្ធាប់ ផងនោះទេ។
- ម៉ោង០៥ម៉១០ ម៉ោងនៅភ្នំពេញ រសៀលថ្ងៃទី១៧តុលា ឆ្នាំ២០១២៖
ក្បួនព្រះទីនាំង របស់ព្រះបុរមសព បានមកដល់វិមានឯករាជ្យ ហើយឈប់នៅទីនោះចំនួន៥នាទី ដើម្បីទុកអោយព្រះសង្ឃ បង្សកូល នៅចំពោះវិមានជានិមិត្តិរូប នៃរាជបេសកកម្មមួយ ដែលព្រះអង្គបានទាមទារបានពីអាណានិគមបារាំង។
- ម៉ោង០៥ម៉២៥ ម៉ោងនៅភ្នំពេញ រសៀលថ្ងៃទី១៧តុលា ឆ្នាំ២០១២៖
ព្រះទីនាំង បានមកដល់មុខព្រះបុរមរាជវាំង ហើយព្រះសង្ឃកំពុងតែសូត្រជយន្ដោ មុននឹងបញ្ជូនព្រះបុរមសពដាក់ចូល ទៅក្នុងព្រះរាជវាំង ទីកន្លែងដែលត្រូវតំកល់ព្រះអង្គ មិនតិចជាង៣ខែ។ ក្រោយមក ព្រះបរមកោដ្ឋ (ក្ដារមឈូស) ពណ៌មាស ដែលគេជឿថា មានអតីតព្រះមហាក្សត្រគង់នៅខាងក្នុងនោះ ត្រូវបានគេលើកចូលទៅក្នុងព្រះបុរមរាជរាំង។ ចំណែកខាងមន្ដ្រីរដ្ឋាភិបាល មន្ត្រីការទូត ក្រុមតំណាងរាស្រ្ត គ្រប់ៗគ្នា បានចុះពីរថយន្ដមកឈរអម ព្រះទីនាំង ហើយដើរចូលទៅខាងក្នុងព្រះបុរមរាជវាំង ដែរ។ នៅខាងមុខព្រះបុរមរាជវាំង ពោរពេញទៅដោយផ្សែងធូប ដែលបានដុតឧទ្ទិសទៅដល់ព្រះវិញ្ញាណខ័ន របស់អតីត ព្រះមហាក្សត្រ និងរាយដេដាស ទៅដោយក្រុមអ្នកកាសែតជាតិ និងអន្តរជាតិយ៉ាងសន្ធឹកសន្ធាប់។
បន្ទាប់ពីដំណើរការ លើកព្រះបុរមសពបានដាក់ចូលទៅក្នុងព្រះបុរមរាជវាំងផុតទៅ នោះមក មានប្រជាជានមួយចំនួនធំ ដូចជាព្រះសង្ឃជាដើមនោះ បានបំបែកជួរ ចេញពីការប្រជ្រៀតគ្នា ត្រឡប់ទៅលំនៅដ្ឋានវិញរៀងៗខ្លួន តែក៏នៅមានមនុស្សមួយចំនួនទៀត នៅចង់ដុតធូកទាន និងថតរូបព្រះឆាយាល័ក្ខ ដាក់តាំងនៅពីខាងមុខប្រាសាទព្រះច័ន្ទឆាយា។
អ្នកយកពត៌មានរបស់ទស្សនាវដ្ដី បាននិយាយថា មិនតិចជាង ១ឬ២ម៉ោង ទៅមុខទៀតទេ ដែលទីកន្លែងមុខព្រះបុរមរាជវាំង នៅតែមានមនុស្សច្រើនដដែលនោះ៕
----------------------------------------------------
ដោយ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី១៧ តុលា ឆ្នាំ២០១២
រក្សាសិទ្ធិគ្រប់យ៉ាងដោយ មនោរម្យព័ងអាំងហ្វូ។