ខ្លីៗ ជុំវិញរាជពិធីថ្វាយព្រះភ្លើង ព្រះបរមរតនកោដ្ឋ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: February 04, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ព្រះរាជពិធីថ្វាយព្រះភ្លើង ព្រះបរមសព ព្រះបរមរតនកោដ្ឋ ក្នុងថ្ងៃទីបួននេះ ព្រះមហាក្សត្រ ព្រះនរោត្តម សីហមុនី និង ព្រះវររាជមាតា មុនីនាថ សីហនុ ទ្រង់បានយាងថ្វាយព្រះភ្លើង ដល់ព្រះបរមសពព្រះមហាវីរក្សត្រ ដោយផ្ទាល់ព្រះអង្គ នាទិសខាងត្បូង នៃព្រះមហាបញ្ចា ព្រះបរមមេរុ និងបួងសួង ឱ្យព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ យាងទៅកាន់ព្រះបរមសុគតិភពនៃឋានទេវលោក។
ពិធីថ្វាយព្រះភ្លើង ដល់ព្រះបរមសព ព្រះបរមរតនកោដ្ឋ។ MONOROOM.info Photo/ O.Vary
មុនពិធីថ្វាយព្រះភ្លើងបានចាប់ផ្តើម គេសង្កេតឃើញក្រុមបារគូ ដែលនាំមុខដោយភ្លេងបុរាណនៃព្រះបរមរាជវាំង បានដង្ហែព្រះភ្លើង សម្រាប់ថ្វាយក្នុងពិធីបូជាព្រះបរមរតនកោដ្ឋ ចេញពីព្រះបរមរាជវាំង ទៅព្រះបរមបញ្ចានៃព្រះបរមមេរុ។
កាលប៉ុន្មនានសប្តាហ៍ មុនព្រះរាជពិធីថ្វាយព្រះភ្លើងចាប់ផ្តើម ក្រុមបាគូរ បានធ្វើពិធីសុំព្រះភ្លើងពីព្រះអាទិត្យ ដោយយកកំណាត់ខ្លឹមចន្ទន៍ក្រស្នាតូចៗ ជាឈើក្រអូបដាក់នៅក្រោមកែវពង្រីក ទទួលកំដៅពីព្រះអាទិត្យ រហូតឆេះបានជាអណ្ដាតភ្លើងឡើង។ បន្ទាប់មកក្រុមនេះបានយកទៀនទៅអុជចម្លងយកភ្លើងនោះទៅរក្សាទុក ក្នុងព្រះបរមរាជវាំង រង់ចាំពិធីថ្វាយព្រះភ្លើងមកដល់។
ការថ្វាយស័ង្ខ ភ្លេងពិណពាទ្យ និងភ្លេងក្លងឆ្នៈ ត្រូវបានប្រគុំឡើងដោយក្រុមបារគូ ដើម្បីកំដរព្រះរាជពិធី។ នៅខាងមាត់ទន្លេមុខព្រះបរមរាជវាំងវិញ មានកាំភ្លើងធំ១០១ណាត់ មានដប់ពីរដើម បានបាញ់ព្រមៗគ្នាយ៉ាងទ្រហឹង បង្ហាញនូវការសោកស្តាយ និងភាពសោកសង្រេង។ ព្រមជាមួយគ្នានេះ ពន្លឺនៃកាំជ្រួចភ្ញីទៀន បានឆេះរន្ទាឡើងអមដោយសំឡេងត្រែទ័ព និងការបន្លឺវន្ទនកិច្ចឡើងស្របៗគ្នា នៃទាហានទាំងនោះ។
ចំណែកឯប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ទាំងប្រុសទាំងស្រី ទាំងក្មេងទាំងចាស់ក្នុងសំលៀកបំពាក់ខោខ្មៅ សំពត់ខ្មៅ អាវស បំពាក់ដោយផ្លាកសញ្ញាកាន់ទុក នៅក្រៅបរិវេណនៃវាលព្រះមេរុ ក៏ដូចជានៅក្នុងប្រទេសកម្ពុជាទាំងមូល បានបង្ហាញនូវក្ដីសោកសៅ ភាពក្ដុកក្ដួល ការស្តាយស្រណោះ រហូតបាន សម្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ស្របពេលពិធីថ្វាយព្រះភ្លើងព្រះបរមសព ព្រះបរមរតនកោដ្ឋចាប់ផ្តើម។ សម្រាប់កូនចៅ ចៅទួតព្រះអង្គ ព្រះបរមរតនកោដ្ឋ នា ល្ងាចថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៣ វាលាម៉ោងជិតប្រាំពី គឺជាថ្ងៃចុងក្រោយដែលប្រជា នុរាស្ដ្រទាំងអស់ របស់ព្រះអង្គ បានថ្វាយបង្គំលាព្រះអង្គជាចុងក្រោយ ក្នុងពេលដែលព្រះកាយរបស់ព្រះអង្គ បានរលាយទៅតាមព្រះអគ្គី។
ពេលដែលព្រះអគ្គីកំពុងតែឆាបយកព្រះរូបកាយ របស់ព្រះបរមរតនកោដ្ឋ សម្ដេចម៉ែនិងព្រះមហាក្សត្រ ទ្រង់ព្រះកន្សែង ដល់ព្រះហរទ័យក្ដុកក្ដួលក្រៃលែង ចំពោះការលាចាក ឥតវិលវិញរបស់អង្គសម្ដេចឪ ដែលជាព្រះស្វាមី និងជាព្រះបិតារបស់ព្រះអង្គ នៅក្រោមក្រសែភ្នែកឥស្សរជន និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តាប្រទេសជាច្រើន ដែលបានអញ្ជើញចូលក្នុងពិធីថ្វាយព្រះភ្លើងនេះដែរ។ សំរាប់ប្រជាជនកម្ពុជាជាច្រើន ជាកូន ជាចៅ ចៅទួត ទោះបីសម្ដេចឪ សម្តេចតា សម្តេចតាទួត ទោះព្រះអង្គបានយាងចាកឆ្ងាយ ឥតវិលវិញយ៉ាងណាក៍ដោយ ក៏រាល់ស្នាព្រះហស្ថ និងព្រះរាជសព្ទរបស់ព្រះអង្គ បានថតទុក ក្នុងក្រអៅដួងចិត្តប្រជានុរាស្រ្តទាំងនេះរបស់ព្រះអង្គ ជារៀងដរាបទៅ និងមិនអាចបំភ្លេចបានឡើយ៕
--------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៥ កុម្ភៈ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ