គល់ បញ្ញា៖ បោះឆ្នោតមេភូមិ កុំឲ្យមេភូមិជាមនុស្សរបស់គណបក្ស
នាយកប្រតិបត្តិ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាលោក គល់ បញ្ញា បានលើកឡើងថាការបោះឆ្នោតជ្រើសរើសមេភូមិ នឹងនាំឲ្យមេភូមិកែសម្រួលឥរិយាបថ ក្រោមឥទ្ធិពលគណបក្សនយោបាយ ទៅជាមេភូមិដែលបំរើផលប្រយោជន៍ពិតប្រាកដ ដល់ប្រជាពលរដ្ឋ។
ការចូលរួមបោះឆ្នោតឃុំសង្កាត់ កាលពីឆ្នាំ២០១២កន្លងទៅ។
បោះឆ្នោតឃុំសង្កាត់ - គល់ បញ្ញា ដែលជានាយកប្រតិបត្តិ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា បានពន្យល់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី១៨ មីនា ថា គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រដ្ឋាភិបាលដែលដាក់ឲ្យអនុវត្តកន្លងមក ហើយមិនទទួលបានប្រសិទ្ធភាពនោះ ក៏ដោយសារបញ្ហាមួយចំនួន បានបង្កឡើងដោយមេភូមិ។
នាយកប្រតិបត្តិដដែលនេះ បញ្ជាក់ថា៖ «បោះឆ្នោតមេភូមិ កុំឲ្យមេភូមិជាមនុស្សរបស់គណបក្សអី ឲ្យគាត់ជាមនុស្សរបស់ប្រជាពលរដ្ឋក្នុងភូមិទៅ ព្រោះឥឡូវមេភូមិជារបស់គណបក្សនយោបាយ រើសឡើងតាមរយៈមេឃុំ។ មេភូមិបម្រើតែបក្សនយោបាយ មិនសូវបានបម្រើប្រជាពលរដ្ឋ(...)។ ការអនុវត្តតួនាទីរបស់មេភូមិបង្កលក្ខណៈស្មុគស្មាញ ដល់ពលរដ្ឋនៅក្នុងភូមិ អភិបាលកិច្ចមិនល្អ មានការរើសអើងនយោបាយជាដើម។»
ការលើកឡើងរបស់លោក គល់ បញ្ញា បានធ្វើឡើងបន្ទាប់ពីគណៈកម្មការចម្រុះ កែទម្រង់ការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៧ មីនា បានបន្តសម្រេចឯកភាពគ្នា ១៤ចំណុចបន្ថែមទៀត ដើម្បីដាក់បញ្ចូលទៅក្នុងក្របខ័ណ្ឌកែទម្រង់ការបោះឆ្នោត ហើយនៅក្នុងនោះ ក៏មានចំណុចមួយ កំណត់ពីការបោះឆ្នោតមេភូមិផងដែរ។
ប្រធានក្រុមការងារបច្ចេកទេសខាងគណបក្សសង្រ្គោះជាតិ លោក សុន ឆ័យ បានថ្លែងប្រាប់អ្នកការសែត ក្រោយការចរចាថ្ងៃទី១៧ មីនា ថា ដល់ពេលហើយដែលប្រទេសកម្ពុជាគួរផ្តល់ឱកាសឲ្យបានច្រើន តាមតែអាចធ្វើបាន ដល់ប្រជាពលរដ្ឋសម្រេចជ្រើសរើសមេដឹកនាំរបស់ខ្លួន រាប់ចាប់ពីរថ្នាក់កំពូលដល់មូលដ្ឋាន។
លោក សុន ឆ័យ បញ្ជាក់ថា៖ «ការបោះឆ្នោតភូមិគឺជាកត្តាមួយដែលមានសារៈសំខាន់ ហើយអាចធ្វើបានងាយស្រួល (...)។ ជាមូលដ្ឋាននៃលិទ្ធិប្រជាធិបតេយ្យ មិនគម្បីតែតាំងមនុស្សតាមតែបក្សទេ វាគួរតែឲ្យពលរដ្ឋមានសិទ្ធិរើសមនុស្សដែលមានសមត្ថភាព បម្រើពលរដ្ឋ និងសង្គមនៅមូលដ្ឋាន៕»។
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៨ មីនា ២០១៤