សួន សេរីរដ្ឋា ថ្កោល​ទោស​ការ​ផ្ដល់​ភាព​ស្រប​ច្បាប់ ដល់​ជនជាតិ​យួន

ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បានថ្លែងថ្កោលទោស ចំពោះជនណា អ្នក​នយោបាយ​ណា និង​រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សណាក៏ដោយ ដែលហ៊ានទទួលស្គាល់​ផ្តល់សិទ្ធិស្របច្បាប់​ឲ្យជនជាតិយួន រស់នៅ​ក្នុង​ស្រុកខ្មែរ ជាស្របច្បាប់នោះ។ លោក​បាន​ហៅទង្វើរបស់ជននោះ អ្នកនយោបាយ គណបក្សនយោបាយ និងរដ្ឋាភិបាលនោះ ថាជា​ទង្វើ​ក្បត់​ជាតិ។
សួន សេរីរដ្ឋា ថ្កោល​ទោស​ការ​ផ្ដល់​ភាព​ស្រប​ច្បាប់ ដល់​ជនជាតិ​យួន
រូបភាពពីសហគមន៍វៀតណាមួយកន្លែង នៅលើផ្ទៃទន្លេសាបប្រទេសកម្ពុជា។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ មិថុនា ២០១៦
  • កែប្រែចុងក្រោយ: June 16, 2016
  • ប្រធានបទ: អន្តោប្រវេសន៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកណាក៏ដោយ ដែលហ៊ានផ្ដល់សិទ្ធិស្របច្បាប់ ឲ្យដល់ជនជាតិយួន ដែលរស់នៅក្នុងប្រទេសកម្ពុជានោះ អ្នក​នោះជាជន«ក្បត់ជាតិ»។ នេះ បើតាមសេចក្ដីប្រកាស របស់លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ នៅ​ក្នុង​សំណេរ​មួយ លើទំព័រហ្វេសប៊ុករបស់លោក។

សំណេររបស់ប្រធានគណបក្សអំណាចខ្មែរ បានធ្វើឡើងនៅថ្ងៃចុងបញ្ចប់ នៃដំណើរទស្សនកិច្ច​របស់​ប្រធាន​រដ្ឋ​វៀតណាម លោក ត្រាន់ ដាយក្វាង (TRAN DAI QUANG) នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការចូលជួប​ឥស្សរជន​នយោបាយ និងសាសនារបស់កម្ពុជា ជាច្រើននាក់/អង្គ។

សារដែលលោក សួន សេរីរដ្ឋា បានបង្ហោះនៅថ្ងៃទី១៦ ខែមិថុនានេះ បានថ្កោលទោស «ជនណា អ្នក​នយោបាយ​ណា និងរដ្ឋាភិបាល ដែលដឹកនាំដោយបក្សណាក៏ដោយ បើហ៊ានបំពានរំលោភស្មារតីជាតិនិយម របស់​ពលរដ្ឋខ្មែរ ហើយហ៊ានទទួលស្គាល់ផ្តល់សិទ្ធិស្របច្បាប់ ឲ្យជនជាតិយួនរស់នៅក្នុងស្រុកខ្មែរ ជា​ស្រប​ច្បាប់​នោះ ពួកគេជាជនក្បត់ជាតិ ជាអ្នកនយោបាយក្បត់ជាតិ ជាបក្សនយោបាយក្បត់ជាតិ និងជា​រដ្ឋាភិបាល​ក្បត់​ជាតិ»។

លោក សួន សេរីរដ្ឋា បានពន្យល់ថា៖ «ការស្នើ ឬការដាក់ផែនការរបស់មេដឹកនាំយួន ដែលឲ្យទទួលស្គាល់ និងផ្តល់សិទ្ធិស្របច្បាប់ ឲ្យជនជាតិយួន ដែលកំពុងរស់នៅក្នុងប្រទេសខ្មែរ នោះគឺជាការមើលងាយ​ប្រជាជាតិ​ខ្មែរ មើលងាយច្បាប់រដ្ឋធម្មនុញ្ញខ្មែរ និងមើលងាយច្បាប់អន្តោប្រវេស្តន៍ ព្រមទាំងកំពុងផ្គើនរំលោភ​ដែន​អធិបតេយ្យ​ភាព បូរណភាពទឹកដីប្រទេសខ្មែរ»។

«បេសកកម្មនយោបាយ ដើម្បីដណ្ដើមយកដីខ្មែរកណ្ដាល...»

លោកបានបន្តទៀតថា៖ «ជនជាតិយួន ដែលចូលមករស់នៅក្នុងប្រទេសខ្មែរ តាំងពីក្រោយឆ្នាំ ១៩៧៩ រហូត​មកដល់សព្វថ្ងៃនេះ មានចរឹតជាជនជាតិឈ្លានពាន ដែលមិនមែនជាជាជនអន្តោប្រវេស្តន៍ស្របច្បាប់ រត់​មក​ដោយ​សារសង្គ្រាម នៅស្រុកយួន ឬដោយប្រកាណាមួយ របៀបជាជនភៀសខ្លួន ដែលទទួលស្គាល់​ដោយ​អង្គការ​សហ​ប្រជាជាតិទេ។ ផ្ទុយទៅវិញ រដ្ឋាភិបាលយួន ក្រុងហាណូយ មានផែនការបញ្ចូលជនជាតិយួន ឲ្យ​ចូល​មក​ក្នុងបេសកកម្មនយោបាយ ដើម្បីដណ្តើមយកដីខ្មែរកណ្តាល ដូចដែលយួនធ្លាប់ប្រើ ដណ្តើម​ឈ្លាន​ពាន​យក​ដី​ខ្មែរ កម្ពុជាក្រោម កាលពីសម័យស្តេចជ័យជេដ្ឋាទី ២។»

យ៉ាងណា គេមិនដឹងថា តើលោក សួន សេរីរដ្ឋា ចង់សំដៅទៅរកនរណា ឬគណបក្សណាមួយ ឲ្យច្បាស់ឡើយ ហើយក៏គេមិនអាចបញ្ជាក់ថា តើការស្នើឲ្យផ្ដល់ភាពស្របច្បាប់ ទៅឲ្យជនជាតិយួន ដែលកំពុងរស់នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ ជារបៀបវៀវៈនៃការជួបពិភាក្សា ជាមួយបណ្ដាមេដឹកនាំខ្មែរឬយ៉ាងណានោះដែរ ខណៈ​ជំនួប​រវាង​មេ​ដឹកនាំ​​​នៃប្រទេសទាំងពីរ ក្នុងរយៈកាល​នៃដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើង ជា​លក្ខណៈ​បិត​ទ្វា។

តែនៅក្នុងសេចក្ដីថ្លែងការណ៍រួម ដែលចេញផ្សាយនៅល្ងាចថ្ងៃព្រហស្បត្តិ៍នេះ បានសរសេរថា លោក ត្រាន់ ដាយក្វាង ប្រធានរដ្ឋ​វៀតណាម​បានថ្លែងអំណរគុណ ព្រះមហាក្សត្រនិងថ្នាក់ដឹកនាំកម្ពុជា «ដែលបានផ្ដល់​ការជួយឧបត្ថម្ភ ដល់អនិកជនវៀតណាម ជាច្រើនឆ្នាំមកហើយ»។ សេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា វៀតណាម​​​សង្ឃឹមថា «កម្ពុជានឹងបន្តចាត់វិធានការ ក្នុងការធានាដល់សិទ្ធិស្របច្បាប់ របស់អនិកជនវៀតណាម​រស់​នៅ​កម្ពុជា ដូច​អនិកជន​បរទេស​ដទៃ​ទៀត ដែលរស់នៅកម្ពុជា»។

កាលពីម្សិលម៉ិញ លោក សួន សេរីរដ្ឋា ក៏បានសរសេរបញ្ឆិតបញ្ឆៀងដែរ ថា៖ «មេដឹកនាំបក្សកុម្មុយនីស្តយួន និង​មេដឹកនាំបក្សប្រជាជនកម្ពុជា ដែល​យួនបង្កើត ពួកគេជាបងប្អូននឹងគ្នានោះ វាជាការពិតហើយ... តែ​ជន​ជាតិ​​ខ្មែរ និងជនជាតិយួន គឺមិនមែនជាបងប្អូន ដូចមេដឹកនាំយួននិយាយនោះដាច់ខាត ! ព្រោះ​យួន ជា​​សត្រូវ​ឈ្លាន​​ពាន​​ខ្មែរ តាំង​​ពី​អតីតកាល រហូតដល់បច្ចុប្បន្ន !»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...