ភាពយន្ដខ្លីដែលធ្វើឲ្យអ្នកទស្សនាស្រក់ទឹកភ្នែក នឹកដល់«គ្រូ»
- ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី ០៤ វិច្ឆកា ២០១៥
- កែប្រែចុងក្រោយ: November 07, 2015
- ប្រធានបទ: ភាពយន្ដ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមវីដេអូឃ្លីបមួយ មានរយះពេល៥នាទី និង៧វិនាទី ដែលពោពេញទៅដោយអត្ថន័យអប់រំ សម្រាប់អ្នកធ្លាប់បានឆ្លងកាត់ ការបង្ហាត់បង្ហាញពីគ្រូបង្រៀន ត្រូវបានផលិតកម្ម «សាស្ត្រា» ផលិតជាភាពយន្ដខ្លីឡើង ហើយយកមកបង្ហោះ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ឈ្មោះ «Sastra Film» បង្កចំណាប់អារម្មណ៍ ពេញបណ្តាញសង្គម រហូតដល់អ្នកដែលបានទស្សនា អាចនឹងទប់ទឹកភ្នែក មិនឲ្យហូរមិនបាន។
សម្ដែងដោយនាង ស្វែង សុជាតា ភាពយន្ដខ្លី តែន័យអប់រំជ្រៅមួយនេះ បានបង្ហាញពីខ្សែជិវិត របស់គ្រូបង្រៀន ដែលព្យាយាមធ្វើគ្រប់យ៉ាងដើម្បី បង្រៀនសិស្សចេះ និងក្លាយជាមនុស្សល្អគ្រប់ៗគ្នា។ បើទោះជាពេលខ្លះ គ្រូមានជម្ងឺ មានជីវភាពមិនសូវធូរធារ និងរងការបន្ទោស ពីអាណាព្យាបាលសិស្សក៏ដោយ ក៏គ្រូនៅតែយកចិត្តទុកដាក់ បង្រៀនណែនាំ លើកទឹកចិត្តស្រលាញ់សិស្ស រាល់គ្នាដែរ។
ជាងនេះទៅទៀត គ្រូបង្រៀនមិនដែលគិតថា នឹងបានការតបស្នង ពីសិស្សអ្វីឡើយ គ្រាន់តែចង់ឲ្យសិស្សគ្រប់រូបទាំងនោះ រៀនចេះដឹង និងទទួលបានជោជ័យ ក្នុងជីវិតនោះ វាគឺជាសុភមង្គលធំធេងណាស់ទៅហើយ សម្រាប់គ្រូ។
ការអប់រំ តាមរយះភាពយន្ដនេះ មានការគាំទ្រយ៉ាងច្រើន នៅក្នុងបណ្តាញសង្គម ដែលមានការចុច«ចូលចិត្ត» និង«ចែករំលែក» តៗគ្នាយ៉ាងសន្ធឹកសន្ធាប់។ អ្នកប្រើប្រាស់ហ្វេសប៊ុក បាននាំគ្នាបញ្ចេញមតិយោបល់ថា ការនិពន្ធវិដេអូនេះ បានធ្វើឲ្យពួកគេនឹកឃើញដល់គ្រូ និងអតីតកាលរបស់ខ្លួន កាលពីនៅរៀន។ ចំណែកអ្នកខ្លះទៀត ទស្សនារួចរំភើបចិត្តពេក បានទាំងរំលឹកឡើងវិញ ពីកំហុស ដែលខ្លួនបានសាង នៅក្នុងអំឡុងពេល ដែលខ្លួនស្ថិតក្រោមការប្រៀនប្រដៅ របស់គ្រូនៅឡើយ៕
» សូមទស្សនាភាពយន្ដខ្លីនេះ ដូចតទៅ៖
-------------------