«រុញវាទៅមុខទៅ ធ្វើម៉េចអាតំណាងរាស្រ្តថោកអញ្ចឹង» (vdo)
- ដោយ: ប្រាថ្នា ដោយ ក. ចាន់នីតា និង អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ០២ មេសា ២០១៤
- កែប្រែចុងក្រោយ: April 02, 2014
- ប្រធានបទ: ហិង្សា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អំណាច - «រុញវាទៅឲ្យផុតទៅ។ រុញវាទៅមុខទៅ ធ្វើម៉េចអាតំណាងរាស្រ្តថោកអញ្ចឹង ឲ្យវាថោកទៅ។ (...) គេឲ្យទៅកន្លែងចរចា មិនព្រមទៅទេ សុខចិត្តមកធ្វើថោក ឲ្យវាថោកអញ្ចឹងទៅ។» នេះជាសម្លេងបញ្ជា ដែលគេលឺចេញពីវិទ្យុទាក់ទង ដែលបានប្រាប់ទៅកងសន្តិសុខ«បិទមុខ» ឲ្យប្រើកម្លាំង បណ្ដេញលោកស្រី មូរ សុខហួរ បន្ទាប់ពីបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត មណ្ឌលបាត់ដំបង មកពីគណបក្សសង្គ្រោះជាតិរូបនេះ បានប៉ុនប៉ងព្យាយាម ធ្វើការសម្តែងមតិនៅទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី២ ខែមេសានេះ។
កាលពីម្សិលម៉ិញ លោកស្រី រួមជាមួយនឹងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រមាណជា៧នាក់ ក៏ត្រូវបានក្រុមសន្តិសុខបិទមុខទាំងនេះ រារាំងមិនឲ្យចូលទៅកាន់ទីលានប្រជាធិបតេយ្យ ដើម្បីប្រកាសពីមូលនិធី ជា វិជ្ជា នោះដែរ ដោយសំអាងថា គ្មានច្បាប់អនុញ្ញាត។ ការប៉ុនប៉ង ចូលមកកាន់ទីលានប្រជាធិបតេយ្យ ដែលលោកស្រីមូ សុខហួរ បានបកស្រាយនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៤នេះថា ដើម្បីមករំលឹកកន្លែងប្រវត្តិសាស្រ្ត បន្ទាប់ពីប្រជាពលរដ្ឋបានធ្វើការទាមទាររកយុត្តិធម៌នានា អស់រយៈពេល៦ខែកន្លងមក។
អភិបាលរាជធានីលោក ប៉ា សុជាតិវង្ស កាលពីពេលថ្មីៗនេះ បានប្រកាសថា «ចាប់ពីពេលនេះតទៅ ទីតំាងទីលានប្រជាធិបតេយ្យ ត្រូវបិទមិនឲ្យមានការប្រមូលផ្តុំ ជួបជុំគ្នាធ្វើបាតុកម្ម រហូតដល់ការស៊ើបអង្កេតករណីហិង្សា នៅផ្លូវវេងស្រេងបានបិទបញ្ចប់»។ ការប្រកាសរបស់លោកអភិបាលរាជធានី បានរងនូវការបរិហារយ៉ាងខ្លាំងក្លា ពីសំណាក់អង្គការសង្គមស៊ីវិល ដែលធ្វើការខាងសិទ្ធិមនុស្ស និងក្រុមអ្នកច្បាប់ឯករាជ្យ ដោយបានហៅសេចក្ដីប្រកាសនេះថា មានចរិក«នយោបាយ» និង«ខ្វះការយល់ដឹងពីច្បាប់»។
ជុំវិញការស្រែកបញ្ជាតាមវិទ្យុទាក់ទង ដែលអ្នករាយការណ៍ព័ត៌មាន របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានស្ដាប់លឺ និងបានថតសម្លេងបាននោះ មិនត្រូវបានកំណត់អត្តសញ្ញាណ ថាជាសម្លេងរបស់នរណាបាននៅឡើយ។ លោក សុខ ប៉េងវុធ អភិបាលរងខណ្ឌដូនពេញ ដែលឧស្សាហ៍មានវត្តមានជាមួយក្រុមសមត្ថកិច្ចចម្រុះ ក្នុងពេលបង្ក្រាបនានាកន្លងមក មិនអាចទាក់ទងបានទេនៅព្រឹកនេះ។
គណបក្សសង្គ្រោះជាតិ តាមរយៈប្រធានគណបក្ស លោក សម រង្ស៊ី បានបញ្ជាក់ជារឿយៗ ថា គណបក្សរបស់លោកនឹងផ្អាកការចរចា ជាមួយគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រសិនបើគណបក្សប្រជាជនកម្ពុជាមិនយល់ស្រប ក្នុងការដាក់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ទៅជាស្ថាប័នធម្មនុញ្ញទេនោះ។ ប៉ុន្តែជំហរចុងក្រោយរបស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា គណបក្សនេះបានស្នើទៅគណបក្សកាន់អំណាច ឲ្យដាក់រូបមន្តថ្មីទៀតប្រសិនបើមាន ដើម្បីឲ្យខ្លួនធ្វើការពិនិត្យពិភាក្សា។
នៅព្រឹកថ្ងៃទី២ ខែមេសាដដែលនេះ បន្ទាប់ពីអ្នកស្រី មូរ សុខហួរ បានចាកចេញទៅវិញ ស្រាប់តែមានយុវជនម្នាក់ដែលគេមិនស្គាល់ឈ្មោះ បានចេញមកសម្តែងមតិផ្ទុយពីលោកស្រីថា លោកស្រីគួរតែផ្អាកសកម្មភាពទាំងអស់នេះទៅ ព្រោះ«កងកម្លាំងការពារក៏មានការងារត្រូវធ្វើ មានគ្រួសារត្រូវមើលថែដែរ មិនមែនមានពេលសំរាប់តែមកធ្វើការហាមឃាត់ទេ»៕
ទស្សនាវីដេអូពីព្រឹត្តិការណ៍នេះទាំងស្រុងដូចតទៅ៖
-----------------------------------------------