ទូត​ឥណ្ឌា​ចោទ​សួរ ពី​ភាព​ស្រប​ច្បាប់ របស់​រដ្ឋាភិបាល​កម្ពុជា

ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោកឌីនីស ផាតនីក (Dinesh K. Patnaik) បានចោទសួរពីភាពស្របច្បាប់​របស់​រដ្ឋាភិបាល និងរដ្ឋសភាកម្ពុជា ដែលបង្កើតឡើងដោយឯកបក្ស ខណៈគណបក្សមួយទៀត បដិសេធមិនទទួលស្គាល់ និងបន្តធ្វើពហិការ នៅនីតិកាលទី៥នេះ នៅឡើយ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: April 02, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោកឌីនីស ផាតនីក (Dinesh K. Patnaik) បានចោទសួរពីភាពស្របច្បាប់​របស់​រដ្ឋាភិបាល និងរដ្ឋសភាកម្ពុជា ដែលបង្កើតឡើងដោយឯកបក្ស ខណៈគណបក្សមួយទៀត បដិសេធមិនទទួលស្គាល់ និងបន្តធ្វើពហិការ នៅនីតិកាលទី៥នេះ នៅឡើយ។


ខាងមុខ៖ លោក ហេង សំរិន (ខាងឆ្វេង) និងលោក ហ៊ុន សែន ក្នុងថ្ងៃបើកនិតិកាលទីប្រាំនៃរដ្ឋសភា ថ្ងៃទី២៣​ខែកញ្ញា​ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

នយោបាយ - «លទ្ធផលបោះឆ្នោតបានប្រកាសរួចហើយ ហើយសមាជិកសភាក៏បានតែងតាំងហើយដែរ ប៉ុន្តែ​គណបក្ស​មួយមិនព្រមចូលប្រជុំសភា។ កម្ពុជាមានប្រព័ន្ធពហុបក្សនិយម ប៉ុន្តែគណបក្សជាប់ឆ្នោតមួយ​ផ្សេងទៀត​មិនបានចូលរួម ដូច្នេះខ្ញុំគ្រាន់តែចង់លើកជាសំណួរ ថាតើតាមនិយមន័យច្បាប់ តើរដ្ឋាភិបាលបច្ចុប្បន្ន​មានភាព​ស្របច្បាប់ប៉ុណ្ណា?» នេះជាចម្ងល់របស់លោកឌីនីស ផាតនីក (Dinesh K. Patnaik) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នៅក្នុងកិច្ចពិភាក្សាមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៤។

ជាបន្តបន្ទាប់ រាប់ចាប់ពីលោកនាយរដ្ឋមន្រ្តីហ៊ុន សែន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី និងសមាជិកសភា​ខាងគណបក្ស​ប្រជាជនកម្ពុជា ដែលទទួលបាន៦៨អាសនៈនៅក្នុងរដ្ឋសភា បានថ្លែងអះអាង និងព្យាយាមពន្យល់ដល់មជ្ឈដ្ឋាន​ជាតិ និងអន្តរជាតិ ថារដ្ឋាភិបាល និងរដ្ឋសភា នីតិកាលទី៥ ត្រូវបានបង្កើតឡើងដោយស្របច្បាប់ ហើយថាប្រទេស​កម្ពុជា ក៏ពុំមានភាពជាប់គាំងផ្នែកនយោបាយ នោះទេ។

រហូតមកដល់ពេលនេះ សម្រាប់គណបក្សសង្រ្គោះជាតិដែលទទួលបាន៥៥អាសនៈ ក្នុងចំណោមអាសនៈ សរុប​១២៣ នៅក្នុងរដ្ឋសភា ហើយកំពុងបន្តធ្វើពហិការមិនចូលប្រជុំសភានៅឡើយនោះ នៅតែអះអាង និងព្យាយាម​ពន្យល់ដល់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ថារដ្ឋាភិបាល និងរដ្ឋសភា នីតិកាលទី៥នេះ ត្រូវបានបង្កើតឡើងដោយ​ខុសច្បាប់ តាមរយៈការលួចបន្លំសន្លឹកឆ្នោត និងភាពមិនប្រក្រតីធ្ងន់ធ្ងរ អំឡុងពេលឆ្នោតជាតិ កាលពីខែកក្កដា ឆ្នាំ២០១៣។

មជ្ឈដា្ឋនអ្នកច្បាប់ អ្នកជំនាញការបោះឆ្នោត និងអ្នកវិភាគនយោបាយឯករាជ្យកម្ពុជា បានពន្យល់ថា បើទោះ​ជា​រដ្ឋាភិបាល និងរដ្ឋសភា ត្រូវបានបង្កើតឡើងស្របតាមនីតិវិធីច្បាប់ក៏ដោយ ក៏រដ្ឋាភិបាល និងរដ្ឋសភា ទាំងនោះ នៅតែមានមន្ទិលសង្ស័យពីភាពស្របច្បាប់នៅឡើយ ប្រសិនបើមុនការបង្កើត រដ្ឋាភិបាល និងរដ្ឋសភា ទាំងនោះ ត្រូវបានគេរកឃើញថា មានការបោះឆ្នោតមួយ ដោយមិនសេរី និងយុត្តិធម៌ ហើយប្រជាពលរដ្ឋភាគច្រើន នៅមាន​មន្ទិលសង្ស័យ ពីភាពមិនប្រក្រតីធ្ងន់ធ្ងរ អំពីដំណើរការបោះឆ្នោត នោះ ហើយបន្តការតវ៉ា។

នាយកប្រតិបត្តិនៃគណៈកម្មាធិការ ឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា និងជាអ្នកវិភាគនយោបាយឯករាជ្យលោក ហង្ស ពុទ្ធា បានពន្យល់ថា រដ្ឋាភិបាល និងរដ្ឋសភា គម្បីសម្រេចិត្តធ្វើអ្វីមួយ ដោយប្រុងប្រយ័ត្ន ពិសេសក្នុង​កាលៈទេសៈ ដែលស្ថាប័នរបស់ខ្លួន ត្រូវបានប្រជាពលរដ្ឋភាគច្រើនសង្ស័យពីភាពស្របច្បាប់។

លោក ហង្ស ពុទ្ធា បញ្ជាក់ថា៖ «ជាគោលការណ៍ដើម្បីឲ្យដឹងថារដ្ឋាភិបាល និងរដ្ឋសភា ស្របច្បាប់ ឬមិនស្របច្បាប់ ទាល់តែមានស្ថាប័នមួយ គឺស្ថាប័នធម្មនុញ្ញ គឺជាអ្នកបកស្រាយច្បាប់ ប៉ុន្តែបរិបទនៅកម្ពុជា ស្ថាប័ននេះហាក់ដូចជា​នៅក្រោមគណបក្សនយោបាយ។ អញ្ចឹងរឿងនេះពិបាកយល់ណាស់ ដូច្នេះត្រូវមានការកែទម្រង់មួយដ៏សំខាន់ ក្នុង​នោះការកែទម្រង់ក្រុមប្រឹក្សាធម្មនុញ្ញ ក៏ជាចំណុចសំខាន់ផងដែរ៕»

-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០២ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...