ថ្ងៃកុហក១មេសា៖ យុវជនខ្មែរចាប់ផ្តើមចម្លងតាមបស្ចិមលោក?
«ចុច Like status នេះ នឹងទទួលបានកាត ទូរសព្ទ ម្នាក់ 1$» នេះជាឃ្លាមួយដែល យុវជនជនខ្មែរចាប់ផ្តើមប្រារព្ធ «ថ្ងៃកុហក» ឬ«April Fool’s Day» ឬ «Poisson d’Avril» ដែលជាប្រពៃណីរបស់ពួកបស្ចិមលោក ប្រារព្ធឡើងនៅថ្ងៃទី០១ មេសា។
រូបភាពត្លុកកំប្លែង ឧទ្ទិសឲ្យថ្ងៃកុហក។
ទំនៀម - ថ្ងៃកុហក «April Fool’s Day» ឬ «Poisson d’Avril» មានប្រភពចេញពីប្រទេសបារាំង ចាប់តាំងពីឆ្នាំ ១៥៦៤ មកម្ល៉េះ។ ក្នុងពេលបច្ចុប្បន្ន បណ្តាប្រទេសបស្ចិមលោកមួយចំនួន ដែលនិយមប្រារព្ធថ្ងៃដ៏ចម្លែកនេះ មានដូចជាប្រទេស រួមមានបារាំង ដាណឺម៉ាក ហូឡង់ បែលហ្ស៊ិក កាណាដា អ៊ីតាលី ប៉ូឡូញ ព័រទុយហ្គាល់ សហរដ្ឋអាមេរិក ស៊្វីស ស៊ុយអែត ហ្វាំង និងនៅអាស៊ី មានប្រទេសជប៉ុន។ នៅរុស្ស៊ី គេហៅថា «ថ្ងៃឆ្កួត» (den dourakov) រ៉ូម៉ានី ហៅថា «ថ្ងៃបោកប្រាស់» (pacaleala de l aprilie) នៅព័រទុយហ្គាល់ គេហៅថា «ថ្ងៃកុហក» (dia das me ntiras)។
ប្រទេសនានា ជាពិសេសប្រទេសដែលប្រារព្ធប្រពៃណី «April Fool’s Day» នេះ គេអាចកុហកគ្នាពេញមួយថ្ងៃ បានដោយសេរី និងគ្មានការខឹងសម្បារ និងជាការលេងសើចចំពោះគ្នាទៅវិញទៅមក។ រីឯសារព័ត៌រមានបស់ប្រទេសបស្ចិមលោកទាំងនោះ មួយចំនួនក៏ជាការកុហកដែរ ហើយអ្នកខ្លះអាចនឹងចាញ់បោកទៀតផង។ បើទោះបីជាប្រពៃណីនៃការកុហកដើម្បីជាការលេងសើចនេះ បានកើតជាយូរឆ្នាំហើយក៏ដោយ តែក៏មិនល្បីសុះសាយដូចបុណ្យនៃក្តីស្រលាញ់ ឬក៏បុណ្យណូអែលនោះទេ។
នៅប្រទេសកម្ពុជាវិញ ប្រពៃណីនៃបុណ្យកុហកនេះ ក៏កំពុងតែដក់ដាមក្នុងចិត្តយុវវ័យមួយចំនួនដែរ។ អ្នកបានដឹងពីថ្ងៃដែលគេនិយមហៅ«ថ្ងៃឆ្កួត»នេះ បាននាំគ្នាកុហកដើម្បីជាការលេងសើច។
នៅលើបណ្តាញសង្គមហ្វេសប៊ុកវិញ យុវជនមួយចំនួន ក៏បានប្រើ«ថ្ងៃ០១ មេសា» នេះ សរសេលើជញ្ជាំងនៃទំព័ររបស់ខ្លួនដែរ ដើម្បីជាការលេងសើច រីឯអ្នកមួយចំនួនដែលមិនដឹងអំពីប្រពៃណីនេះ បានចាត់ទុកថាវាជាដំណឹងទៅវិញ។
ម្ចាស់ទំព័រហ្វេសប៊ុកមួយឈ្មោះថាសាវណា យុត្តពង្ស (Savona Yuthpung) ដែលដឹងច្រើនពីអត្ថន័យនៃថ្ងៃនេះ បានសរសេរនៅលើទំព័រខ្លួនថា «1st April fool's day, April fool's day, April fool's day !!! ថ្វីត្បិតវាមិនមែនជាបុណ្យជាតិ ប៉ុន្ដែវាជា ថ្ងៃបុណ្យក្រៅផ្លូវការគេមិនប្រារព្វឡើងទេ តែគេបានធ្វើឡើងជាលក្ខណៈ ក្នុងការនិយាយប្រលយពាក្យ កុហកបញ្ឆោតគ្នាក្នុងលក្ខណៈសប្បាយរីករាយ និយាយរឿងកំប្លែងលើនៅបណ្ដាប្រទេសអ៊ឺរ៉ុប។ នាថ្ងៃនេះអ្នកអាច កុហកលេងសើចអ្នកគ្រប់គ្នាបាន ដោយសេរី ។ ដោយខ្ញុំចាប់ផ្ដើមមុនគេ ឆ្នាំនេះខ្ញុំអាយុ ១៨ឆ្នាំ !!។»
ម្ចាស់ទំព័ររូបនេះ ក៏សរសេរពាក្យកុហកជាច្រើនផងដែរ នៅលើទំព័ររបស់ខ្លួន «សាវណា យុត្តពង្ស កំពុងលុតជង្គង់សុំនារីម្នាក់រៀបការជាមួយផ្កា ១០១ទង ពេលនេះ ទូរទស្សន៍ CNN និង BBC កំពុងតែធ្វើការ ផ្សាយផ្ទាល់ សូមបើកមើលកុំខាន»។ តែការកុហកនេះ ក៏បានធ្វើអោយមិត្តភ័ក្ររបស់ខ្លួននៅលើហ្វេសប៊ុក ដែលចូលរួមបញ្ចេញយោបល់ មានភាពរីករាយផងដែរ។
មិនត្រឹមតែកុហកដើម្បីជាការលេងសើចនោះទេ ម្ចាស់ទំព័រដែលមាននិន្នាការទៅរកបក្សប្រឆាំងរូបនេះ ក៏សរសេរវាក្លាយទៅជារឿងនយោបាយ មានន័យវាយប្រហារទៅលើលោកនាយករដ្ឋមន្រ្ត ហ៊ុន សែនដែរថា «ជំងឺមហារីកលំពែង របស់លោក ហ៊ុន សែន កាន់តែដុនដាបទៅដុនដាបទៅ មើលទៅរស់មិនបានយូរទៀតទេ» និង«លោក ហ៊ុន សែន បានប្រកាស លាលែងចេញពីតំណែងហើយ ឯកភាព អោយបោះឆ្នោតមុនអាណត្តិនៅខែក្រោយ»។ សំរាប់អ្នកដែលទាន់យល់ពីន័យ របស់ម្ចាស់ទំព័រនោះ ដូចជា Hean Vana បានចោទសំណួរថា «លោក ហ៊ុន សែន និយាយពេលណា? នៅឯណា? សូមជួយប្រាប់ផង។ បើតាមខ្ញុំយល់មិនងាយចុះចេញទេ។»
រីឯម្ចាស់ទំព័រឈ្នោះ មន្ត្រី ហ្វានលីវិញ ក៏ប្រលយពាក្យកុហកលើទំព័ររបស់ខ្លួនដែរថា «ពេលនេះ សម រង្ស៊ី ប្រកាសចងករខ្លួនឯង កំពុងផ្សាយផ្ទាល់ចេញពីទូរទស្សន៍ CNN»៕
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ០១ មេសា ២០១៤