យុវជនជាពុទ្ធសាសនិក ស្គាល់បុណ្យកំណើតព្រះយ៉េស៊ូ ច្រើនជាងកំណើតព្រះពុទ្ធ
- ដោយ: ប្រាថ្នា អត្ថបទ និងយកការណ៍៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី២៤ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 26, 2014
- ប្រធានបទ: វប្បធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅពេលសួរពីបុណ្យណូអែល ដែលជាបុណ្យកំណើតរបស់ព្រះយេស៊ូគ្រិស្ត៍ យុវជនកម្ពុជាស្ទើរតែ៨០% ដែលជាអ្នកកាន់សាសនាព្រះពុទ្ធ សុទ្ធតែដឹងពីប្រវត្តិ និងត្រៀមខ្លួនដើម្បីប្រារព្ធបុណ្យនេះ ជាមួយមិត្តភក្តិ និងនៅតាមសាលារៀនមួយចំនួន។ ប៉ុន្តែបើនិយាយពីថ្ងៃមាឃបូជា និងពិសាខបូជា ដែលជាថ្ងៃរម្លឹកដល់ព្រឹត្តិការណ៍សំខាន់៣ របស់ព្រះពុទ្ធអង្គដែលបានកើតឡើងក្នុងថ្ងៃទី១៥កើត គឺការប្រសូតចាកគភ៌ព្រះមាតា នៃព្រះសិទ្ធត្ថកុមារ ការបានត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ របស់ព្រះពុទ្ធអង្គ និងការយាងចូលព្រះបរិនិព្វាន ត្រូវបានយុវជនកម្ពុជាដឹងតិចតួចបំផុត។
ពេលបច្ចុប្បន្ននេះ ពិធីបុណ្យណូអែលបានស្រូបយកប្រជាប្រិយភាពយ៉ាងខ្លាំង ពីយុវវ័យសម័យថ្មី។ ពួកគេ បានចូលរួមអបអរ បុណ្យនេះដោយការទិញ នូវកាដូអនុស្សាវរីយ៍ ជូនទៅក្រុមគ្រួសារ បងប្អូន មិត្តភក្តិ និងគូរស្នេហ៍ ជាដើម។
យុវតីម្នាក់ដែលរៀននៅវិទ្យាល័យមួយ ក្នុងរាជធានីភ្នំពេញបានប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា នាងត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រារព្ធពិធីបុណ្យ ដែលជាបុណ្យកំណើតព្រះយ៉េស៊ូនេះ។ នាងបានទិញសម្ភារៈមួយចំនួន ដូចជានាឡិការ និងរបស់របរមួយផ្សេងៗ ដើម្បីខ្ចប់ជាកាដូ សម្រាប់ជូនមនុស្សជាទីស្រលាញ់របស់ខ្លួន មិត្តភក្តិ និងក្រុមគ្រួសារ។ ចំណែកយុវជនមួយចំនួនទៀត បើទោះបីជាគេគ្មានប្រាក់គ្រប់គ្រាន់ ក្នុងទិញសម្ភារៈដែលមានតម្លៃជូនមិត្តភក្តិគេក៏ដោយ ប៉ុន្តែយ៉ោងហោចណាស់ ក៏មានស្ករគ្រាប់សម្រាប់ចែកគ្នាញ៉ាំដែរ។ ក្រៅពីទិញកាដូ ឬស្ករគ្រាប់ចែកគ្នា អ្នកខ្លះក៏មានគម្រោងជួបជុំ ដើរលេង ជប់លាងផ្សេងដើម្បីជាការកំសាន្តអារម្មណ៍។
ចំនែកឯយុវជនម្នាក់ទៀត ដែលជានិស្សិត នៃសកលវិទ្យាល័យមួយបាននិយាយថា៖ «ខ្ញុំគិតថាបុណ្យណូអែល ជាថ្ងៃមួយដែលសប្បាយ ព្រោះយើងមានកាដូឲ្យគ្នាទៅវិញទៅមក ហើយនឹងញ៉ាំអីជុំគ្នា។ ហើយខ្ញុំបានគ្រោងរួចហើយ ថាពួកយើងនឹងទៅដើរលេង និងទៅញ៉ាំអីៗ។»
នៅពេលសួរថា តើពួកគេដឹងអ្វីខ្លះពីបុណ្យពិសាខបូជា និងមាឃបូជា ដែលរម្លឹកពីព្រះសម្មាសម្ពុទ្ធ យុវជនទាំង២ខាងលើបានត្រឹមតែឆ្លើយថា ពួកគេដឹងតិចតួចតែប៉ុណ្ណោះ។ រីឯយុវវ័យមួយចំនួនទៀតយល់ថា បុណ្យទាំងពីរនេះ ជាបុណ្យរបស់មនុស្សចាស់ ព្រោះមនុស្សចាស់ចូលចិត្តទៅវត្ត។
យ៉ាងណាក៏ដោយ បើក្រឡេកមើល ហាងលក់វត្ថុអនុស្សាវរីយ៍មួយចំនួន នៅក្នុងរាជធានីភ្នំពេញ ឃើញថាពោរពេញទៅដោយ អតិថិជន ដែលភាគច្រើនសុទ្ធតែជាយុវវ័យ។ រីឯនៅតាមសាលារៀនមួយចំនួនទៀត ថ្នាក់ខ្លះស្ទើតែគ្មានសិស្សទៅរៀន ដោយសារតែពួកគេជាប់រវល់ ក្នុងការប្រារព្ធពិធីបុណ្យណូអែល។
ពិធីបុណ្យពិសាខបូជា បានត្រូវអនុម័តដោយអង្គការសហប្រជាជាតិ កាលពីថ្ងៃ១៥ ខែធ្នូ ឆ្នាំ១៩៩៩ ដោយបានចាត់ទុកថាទិវាវិសាខបូជានេះ ជាថ្ងៃបុណ្យអន្តរជាតិ ។ ហើយគេប្រារព្ធទិវាវិសាខបូជានេះ ដើម្បីរំឭកដល់ព្រឹត្តិការណ៍សំខាន់៣ ដែលបានកើតឡើងក្នុងថ្ងៃ១៥កើត ខែពិសាខ។ ព្រឹត្តិការណ៍សំខាន់ទាំងបីនោះ គឺការប្រសូត ការបានត្រាស់ដឹង និងការយាងចូលព្រះបរិនិព្វានរបស់ ព្រះពុទ្ធអង្គ។
និយាយពីបុណ្យគ្រិស្ត៍ម៉ាស ឬបុណ្យណូអែល បណ្តាប្រទេសនៅបច្ចឹមប្រទេស ប្រារព្ធ ដើម្បីរម្លឹកដល់ថ្ងៃចាប់កំណើត នៃព្រះយ៉េស៊ូគ្រិស្ត។ ហើយគេចាំបាច់ត្រូវស្គាល់ Santa Claus ឬ Pere Noel ដែលគេតែង ពណ៌នាថា ជាបុរសចាស់ ពុកមាត់ពុកចង្កាសស្រមូម ដុះពោះ ស្លៀកពាក់ខោអាវពណ៌ក្រហម ជាយស ជាមនុស្សចិត្តល្អ ដែលមានផ្ទះ នៅឯ ប៉ូល ឬ អក្ខោសាន ខាងជើង ដែលគ្របដណ្តប់ ទៅដោយទឹកកក។ ជនជាតិហូល្លង់ដ៍ មានទំនៀមស្គាល់ សន្តបុគ្គល ឈ្មោះ Saint Nicolas ឬ Sinterklaas ដែលតែងតែចែកស្ករគ្រាប់ និង អំណោយផេ្សងៗ ឲ្យកូនកេ្មង នៅថៃ្ងបុណ្យ ។
គេមានជំនឿថានៅរៀងរាល់យប់ទី ២៤ រំលងអធ្រាត្រចូល ២៥ សាន្តាខ្លស នឹងជិះ គាវទឹកកក ដឹកកាដូ យកទៅចែកឲ្យកូនកេ្មង ដែលប្រព្រឹត្តល្អ មិនខ្ជិលច្រអូស ហើយដែលបានសរសេរ សំបុត្រ សូមអំណោយពីគាត់។ មាននិទានសៀវភៅ កំណាព្យល្ខោន និងភាពយន្តជាច្រើន រៀបរាប់ពីបុណ្យ គ្រិស្តម៉ាស ព្រោះជាទិវាប្រសូតិ របស់ព្រះយេស៊ូ តែក៏បានក្លាយទៅជាបុណ្យ នៃទឹកចិត្តសប្បុរសបុណ្យ នៃការចែកចាយអំណោយ។ នៅថ្ងៃបុណ្យណូអែល អ្នកណាដែលមិនទិញអ្វីចែកគ្នា គេតែងប្រដូចទៅនឹង សេដ្ឋីកំណាញ់ស្វិត ឈ្មោះ ស្រ្គូច ក្នុងនិទានរបស់ឆាល្ស៍ ឌិកខឹនស៍ ដែលកំណាញ់ មហាកំណាញ់ ទាល់តែត្រូវ ខ្មោចលង ស្ទើរស្លាប់ស្ទើររស់៕