ប្រាក់រាប់លាន ប៉ើងធ្លាក់ពីរថយន្ដដឹកប្រាក់ បង្កការភ្ញាក់ផ្អើលនៅហុងកុង (vdo)
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៥ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 26, 2014
- ប្រធានបទ: ចៃដន្យ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍នេះ បានធ្វើឲ្យមានការកកស្ទះចរាចរណ៍ នៅតាមបណ្ដោយផ្លូវ គ្លូសេស្ទ័រ (Gloucester) កណ្ដាលក្រុងហុងកុង ដោយសារតែមានអ្នកដំណើរ រួមជាមួយនឹងអ្នកជិះរថយន្ដផង បានឆ្លៀតឱកាសដើម្បីទៅរើសប្រមូលយកប្រាក់ទាំងនោះ។ អ្នកបើកតាក់ស៊ីមួយរូប បានឈប់រថយន្ដរបស់ខ្លួន នៅកន្លែងដែលប្រាក់ប៉ើងមកពាសពេញ ដើម្បីរើសយកក្រដាសប្រាក់ ដែលមានចំនួនជាច្រើនរយសន្លឹក ជាច្រើនខ្ទាស់។
រូបភាពដាក់បញ្ចាំង នៅតាមទូរទស្សន៍ បានបង្ហាញឲ្យឃើញដែរថា អ្នកដំណើរជាច្រើន បានរត់ចូលទៅដណ្ដើមយកប្រាក់ទាំងនោះ។ ហើយកងកម្លាំងនគរបាល ដែលមួយចំនួនបានបំពាក់ដោយអាវុធ និងពាក់ឯកសណ្ឋានការពារផង បានមកដល់ទីកន្លែងភ្លាមៗ ដើម្បីដាក់ទីកន្លែងនោះ ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អាជ្ញាធរ។
បើតាមមន្ត្រីនគរបាល បានឲ្យដឹងថា ទឹកប្រាក់ដែលបានប៉ើងចេញទៅ មានចំនួនប្រមាណជា ១៥,២៣លានដុល្លារហុងកុង ត្រូវនឹង១,៩៦លានដុល្លារអាមេរិក។ ភ្លាមៗនេះ គេមិនអាចដឹងបាន ពីចំនួនទឹកប្រាក់ដែលរើសបានមកវិញ ដោយភ្នាក់ងារនគរបាល និងចំនួនទឹកប្រាក់ដែលរើសយកចេញទៅ ដោយអ្នកដំណើរ និងអ្នកបើកបររថយន្ដនោះ នៅឡើយ។ ប៉ុន្តែនគរបាលបានប្រកាសថា៖ «នរណាក៏ដោយ ដែលបានរកឃើញ ក្រដាសប្រាក់ដែលទើបនឹងយកចេញពីធនាគារនេះ សូមយកមកប្រគល់ឲ្យអាជ្ញាធរវិញ ឲ្យបានលឿនបំផុតតាមដែលអាចធ្វើបាន។ ក្នុងករណីផ្ទុយពីនេះ នឹងត្រូវចាត់ទុកថា ជាការលួចមួយ។»
លោក វ៉ាង ស៊ូហុង (Wan Siu-hung) ស្នងការនគរបាលហុងកុង បានបញ្ជាក់ថា អ្នកបើកបររថយន្ដពាសដែក បានបើកបរក្នុងរយៈពេលកន្លះម៉ោង និងបានទៅដល់ទិសដៅដែលខ្លួនត្រូវទៅនោះរួចហើយ តែមិនបានដឹងថា ទ្វាក្រោយរបស់រថយន្ដដឹកប្រាក់របស់ខ្លួន បានរបើកឡើង ហើយកញ្ចប់លុយទាំងខ្ទាស់ៗ បានធ្លាក់ទៅលើដីនោះទេ។ លុះត្រាទៅដល់ទិសដៅ ទើបអ្នកបើកបរបានដឹងខ្លួនថា ទ្វារថយន្ដខាងក្រោបានរបើក។ លោក វ៉ាង បាននិយាយទៀតថា នគរបាលហុងកុងបានបើកការស៊ើបអង្កេតមួយ ទៅលើប្រាក់ទាំងនោះ ដោយពឹងផ្អែកលើលេខរៀងរបស់ក្រដាសប្រាក់ ដែលទើបនឹងបើកចេញពីធនាគារ។
រីឯអ្នកជំនាញខាងធនាគារវិញ បានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ការរក្សាទុកក្រដាសប្រាក់ ដែលរើសបានរបៀបនេះ នឹងអាចចាត់ទុកដូចជា«ការលួច»មួយ ហើយអាចរងការផ្ដន្ទាទោស រហូតដល់១០ឆ្នាំ នៅក្នុងពន្ធនាគារ៕