សំនុំរឿងវ៉ាលីយ៉េជាករណី«ឃាតកម្ម»ដ៏រន្ធត់? (បទយកការណ៍ស៊ើបអង្កេត ភាគ១)
- ដោយ: ដារា រិទ្ធ ដោយ៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២២ មករា ២០១៣
- កែប្រែចុងក្រោយ: May 07, 2014
- ប្រធានបទ: ស៊ើបអង្កេត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អត្ថបទផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣
---------------------------------------------
សមាជិកជាច្រើននាក់ ដែលជាប់សាច់ឈាមខាងភរិយាជាជនជាតិខ្មែរ របស់លោក ឡូរ៉ង់ វ៉ាលីយ៉េ (Laurent Vallier) នឹងត្រូវបង្ហាញខ្លួននៅថ្ងៃទី២៤ ខែមករា ក្នុងសប្ដាហ៍នេះ នៅចំពោះមុខលោក ឆឹម រិទ្ធី ចៅក្រមស៊ើបអង្កេតខេត្តកំពង់ស្ពឺ។ ភរិយាជនជាតិខ្មែររបស់លោក បានស្លាប់ចោលលោកតាំងពីឆ្នាំ២០០៩មក ហើយបន្សល់ទុកកូនទាំងបួននាក់ អោយរស់នៅជាមួយលោក។ អាជ្ញាធរខ្មែរ បានចាត់ទុកករណីនេះ ជាការសម្លាប់ខ្លួនរបស់លោក ឡូរ៉ង់ តែសម្រាប់គ្រួសារជាជនជាតិបារាំង ជារឿងមួយមិនគួរអោយជឿបាន។
សំនុំរឿងនេះ ត្រូវបានសើរើគាស់កកាយមកវិញ ដោយមកពីខាងបងប្អូនទាំងប្រុសស្រី របស់លោក វ៉ាលីយ៉េ បានដាក់ពាក្យបណ្ដឹងមួយ ទៅកាន់តុលាការ ក្រោមបទសង្ស័យ៖ «ឃាតកម្ម»។ ក្នុងពេលបច្ចុប្បន្ននេះ ចៅក្រមកម្ពុជាក្នុងខេត្តកំពង់ស្ពឺ កំពុងធ្វើការក្នុងករណីនេះ យ៉ាងជិតស្និតជាមួយ នឹងចៅក្រមស៊ើបអង្កេតរបស់បារាំង មកពីទីក្រុងប៉ារីស។
ធាតុពិតខ្លះៗ នៃការស៊ើបអង្កេត !
ទោះជាលោកចេញទៅរស់នៅក្នុងប្រទេសកម្ពុជា ដែលជាស្រុកកំណើតរបស់ភរិយាលោកក៏ដោយ ក៏ជនជាតិបារាំងរូបនេះ តែងអោយដំណឹង រវាងពី១៥ថ្ងៃម្ដងមកគ្រួសារគាត់ ស្ថិតក្នុងតំបន់ អូត៍ ពីរ៉េណេ (Hautes-Pyrénées) ក្នុងប្រទេសបារាំងជានិច្ច។ ប៉ុន្តែនៅខែកញ្ញាឆ្នាំ២០១១ គ្រួសាររបស់លោកនៅបារាំង បានបាត់ដំណឹងសូន្យឈឹងតែម្ដងពីលោក។ ក្រុមគ្រួសារដែលរស់នៅ លើភ្នំប៉ែកខាងត្បូងប្រទេសបារាំងទាំងនេះ យល់ថា វាជា«ការបាត់ខ្លួន ដ៏ចំលែក» របស់ជនជាតិបារាំងរូបនេះ ទាំងបើគេបានដឹងថា លោក ឡូរ៉ង់ មានវត្តមាន នៅក្នុងទឹកដីកម្ពុជានៅឡើយ។
រូបថតអាពាហ៍ពិពាហ៍ របស់លោកឡូវ៉ង់ វ៉ារីយ៉េ និងភរិយារបស់លោក។
ក្នុងពេលនោះ អាជ្ញាធរខ្មែរមិនសូវជាបានយកចិត្តទុកដាក់ នឹងការអោយដំណឹង ពី«ការបាត់ខ្លួន» របស់ស្ថានទូតបារាំង ប្រចាំនៅទីក្រុងភ្នំពេញនោះប៉ុន្មានទេ ដោយគ្រាន់តែបានចុះមកត្រួតពិនិត្យ ក្នុងភូមិគ្រឹះ«ទទេ» ដែលលោកឡូរ៉ង់ វ៉ារីយ៉េ ធ្លាប់រស់នៅជាមួយនឹងកូនទាំងបួនប៉ុណ្ណោះ។ «ការបាត់ខ្លួន» នៅតែគ្មានដំណឹង រហូតមកដល់ព្រឹត្តិការណ៍ ក្នុងខែមករាឆ្នាំ២០១២ នៃការរកឃើញរថយន្ដ«នីសាន់» ប្រភេទ៤X៤មួយគ្រឿង ត្រាំលិចទៅក្នុងទឹកត្រពាំងក្នុងភូមិគ្រឹនោះ មិនតិចជាង៣ខែមកហើយ។
អ្វីដែលគួរអោយតក់ស្លុត គឺនៅក្នុងរថយន្ដដែលចាក់សោរទ្វាជាប់នោះ មានសាកសពនៅសល់តែគ្រោងឆ្អឹង របស់មនុស្សប្រាំនាក់៖ ម្នាក់ជាមនុស្សចាស់ នឹងបួននាក់ទៀតជាកុមារ។ ហួសពីអ្វីដែលគេអាចយល់បាន គ្រោងឆ្អឹងរបស់កុមារពីរនាក់ ត្រូវបានខ្ចប់ទុកនៅក្នុងវ៉ាលីសមួយ ដាក់នៅក្នុងឃ្លុបខាងក្រោយរបស់រថយន្ដ។ រថយន្ដនេះ ត្រូវបានរកឃើញ និងអោយដំណឹង ដោយអ្នកភូមិផងរបងជាមួយ ខណៈពួកគាត់ទៅដាក់អន្ទាក់សត្វស្លាប នៅជុំវិញតំបន់នោះ។
សាកសពទាំងនេះ មានអាយុកាលមកជាច្រើនខែ ធ្វើឲ្យមានការពិបាកក្នុងការកំណត់ ពីអត្តសញ្ញាណ និងហេតុភេទអោយពិតប្រាកដ។ គេគ្រាន់តែដឹងថា មនុស្សចាស់ដែលទំនងជា លោក ឡូរ៉ង់ វ៉ារីយ៉េ អង្គុយនៅផ្នែកខាងមុខរថយន្ដ ក្បែរនឹងកៅអីពូក ដែលមានកោដដាក់ធាតុភរិយារបស់លោក នៅពីលើ។ ចំណែកឯកុមារផ្សេងទៀត គ្រោងឆ្អឹងស្ថិតនៅរាយប៉ាយ បែកខ្ញែកពីគ្នា មិនដឹងថារូបរាងរបស់អ្នកណាអោយពិតប្រាកដទេ។ ដូច្នេះរឿង មានតែម៉្យាង៖ គេត្រូវទុកសមត្ថកិច្ចនេះ អោយទៅភ្នាក់ងារនគរបាលកម្ពុជា ផ្នែកកោសល្យវិច្ច័យ ដើម្បីធ្វើការវិនិច្ឆ័យ។ តែមិនដូចការសង្ឃឹមទុកឡើយ ព្រោះនៅប៉ុន្មានថ្ងៃក្រោយមក គេនៅតែឃើញកំទេចឆ្អឹងទាំងនេះ នៅរាយប៉ាយលើដី នៅជុំវិញផ្ទះនេះដដែល។
ស្លាកស្នាមគួរអោយសង្ស័យ
តាមការទទូចសុំរបស់អាជ្ញាធរដែនដី សាកសពទាំងនេះ វិះតែនឹងត្រូវគេបញ្ចុះរួចបាត់ទៅហើយ នៅមុនកិច្ចអន្តរាគមន៍ នៃកិច្ចការទូតបារាំង ដែលបានសុំអោយផ្អាក នូវការបញ្ចុះសាកសពនោះ។ ចាត់តាំងដោយក្រសួងការបរទេស ក្រុមការងារមួយ នៃវិទ្យាស្ថានស្រាវជ្រាវឧក្រិដ្ឋកម្ម របស់នគរបាលអាវុធហត្ថជាតិបារាំង បានចុះមកកម្ពុជា ដើម្បីធ្វើកោសល្យវិច្ច័យ និងការសិក្សាលើអាដេអិន (ADN) ឡើងវិញ។
ការសិក្សាវិភាគ ដែលបានធ្វើនៅមន្ទីរពេទ្យនារាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់គ្រូពេទ្យបារាំង ជំនាញខាងការស៊ើបអង្កេត លោក ស្ដេហ្វាន ឆាប៉េន័រ (Stéphane Chapenoire) បានទម្លុះបានភ្លាមៗ នូវរាល់ការសង្ស័យទាំងឡាយ។ អត្តសញ្ញាណរបស់ជនរងគ្រោះ ត្រូវបានបញ្ជាក់ ដោយសារស្នាមប៉ះឆ្អឹងមួយ លើស្មងជើងរបស់លោក ឡូរ៉ង់ វ៉ាលីយ៉េ តាំងពីលោកបានរងគ្រោះថ្នាក់ ក្នុងការលេងស្គី កាលពីនៅក្មេង។
ដោយមានចុះហត្ថលេខាពីគ្រូពេទ្យខ្មែរចំនួនបីនាក់ផង របាយការណ៍នៃកោសល្យវិច្ច័យ បានបង្ហាញនូវចំនុចគួរអោយសង្ស័យជាច្រើន។ លលាដ៍ក្បាលរបស់កុមារពីរនាក់ ត្រូវបានគ្រូពេទ្យរកឃើញថាមានស្លាកស្នាមដ៏ចម្លែក៖ លលាដ៍របស់កុមារម្នាក់ ទំនងជាត្រូវបានទម្លុះ ដោយវត្ថមួយដែលមុតស្រួច និងម្នាក់ទៀតត្រូវបានរកឃើញ ថាមានការបែកស្រាំ។
តែទោះជាយ៉ាងនេះក៏ដោយ ក៏លោក គាត ចាន់ថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិកម្ពុជា បានសន្និដ្ឋានថា ករណីលោកឡូរ៉ង់ វ៉ាលីយ៉េ ជាការសម្លាប់ខ្លួន។ តាមអ្នកនាំពាក្យរូបនេះ ជនជាតិបារាំងទំនងជាប្រញាប់ប្រញាល បើកឡានចុះទឹក ក្រោយបន្ទាប់ពីបានសន្ដំកូនរបស់គាត់រួច។ មួយទៀតខាងនគរបាលកម្ពុជាមិនបានរកឃើញ មានស្នាមជើងមនុស្ស ណាម្នាក់ នៅមាត់ត្រពាំងនោះទេ។ អ្នកស្និតនឹងការស៊ើបអង្កេត លើកជាសំនួរថា តើនគរបាលរកឃើញស្នាមជើងយ៉ាងដូចម្ដេច ប្រសិនបើហេតុការណ៍កើតឡើង តាំងពីជិតបួនខែមកហើយ ហើយថែមទាំងមានភ្លៀងធ្លាក់ផងទៀតនោះ?
សូមអាន បទយកការណ៍ស៊ើបអង្កេតនេះ ក្នុងភាគទី២ជាបន្ត៕