យ៉ែម បុញ្ញឫទ្ធិ ពន្យល់ឃ្លា «តុលាការជាទីគោរព លុយមិនគ្រប់គឺចាញ់»
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 15, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«តុលាការជាទីគោរព លុយមិនគ្រប់គឺចាញ់! តុលាការជាទីស្រឡាញ់ បើដឹងថាចាញ់ ដាក់លុយឲ្យគ្រប់!» នេះជាឃ្លាមួយ ដែលកំពុងត្រូវបានប្រើប្រាស់ ដោយពលរដ្ឋខ្មែរមួយចំនួន ហើយត្រូវបានលោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លើកមកពន្យល់បកស្រាយ យ៉ាងក្បោះក្បាយ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥ កន្លងមក។ លោកបានចាប់ផ្ដើមថា ពាក្យមួយ«ឃ្លា»នេះ កំពុងពេញនិយម ពីសំណាក់ប្រជាពលរដ្ឋភាគច្រើន ដែលកំពុងរងគ្រោះ ព្រោះតែ«ភាពអយុត្តិធម៌» នៃតុលាការកម្ពុជា។ លោកថា៖ «ពាក្យមួយឃ្លានេះ ប្រហែលជាមានន័យគ្រប់គ្រាន់ ក្នុងការបង្ហាញពីប្រព័ន្ធយុត្តិធម៌»។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានសរសេបន្តថា ប្រជាពលរដ្ឋ ដែលស្អប់ខ្ពើម ជាពន់ពេក ចំពោះភាពអយុត្តិធម៌នោះ ចង់បានការធ្វើកំណែទម្រង់ ដ៏ពិតប្រាកដមួយ។ ប្រជាពលរដ្ឋបានសួរសំណួរជាច្រើន ពាក់ព័ន្ធនឹងតុលាការ ដូចជា «ដុល្លារការ ឬតុលាការ?» «មានស្តង់ដារប៉ុន្មាន ឲ្យពិតប្រាកដ?» «ពេលខ្លះរកឃើញ ពេលខ្លះរកមិនឃើញ ហេតុអ្វី?» «អង្គហេតុដូចគ្នា ខុសតួអង្គ ពេលខ្លះចាត់ការ ពេលខ្លះមិនចាត់ការ ហេតុអ្វី?»។
លោកបានស្នើ ឲ្យមានការបែងចេកឲ្យដាក់ពីគ្នា ដោយពិតប្រាកដ នូវអំណាចឯករាជ្យទាំងបី (អំណាចនីតិប្រតិបត្តិ=រដ្ឋាភិបាល, អំណាចនីតិបញ្ញត្តិ=រដ្ឋសភា ព្រឹទ្ធិសភា, និងអំណាចតុលាការ=យុត្តិធម៌) តាមច្បាប់កំពូល របស់ប្រទេសជាតិ។ លោកបន្តថា បើសិនជាការគ្រប់គ្រងរដ្ឋមួយ មិនបាន«ផ្តាច់»អំណាចទាំងបី ឲ្យដាច់ពីគ្នា ដោយច្បាស់លាស់ទេ នោះអំណាចទាំងអស់ ពិតជាស្ថិតនៅ«ក្រោម អំណាចនីតិប្រតិបត្តិ ឬអំណាចបក្ស ឬអំណាចបុគ្គល និងឥទ្ធិពលនៃអំពើពុករលួយ ដែលជាឧបសគ្គធំៗមិនឲ្យមាននីតិរដ្ឋបាន»។
លោកបានពន្យល់ទៀតថា ការបែងចែកអំណាច ឲ្យស្ថិតនៅឯករាជ្យពីគ្នា ការគោរពច្បាប់ ភាពស្មើមុខគ្នា ចំពោះមុខច្បាប់ នោះទើបអាចចាត់ទុកថា កម្ពុជា មាន«នីតិរដ្ឋ»។ ផ្ទុយមកវិញ បើសិនជា «នីតិរដ្ឋ» មិនមានពេញលេញ ក៏មានន័យថា «អំពើអយុត្តិធម៌, ទំនាស់ផលប្រយោជន៍, និទណ្ឌភាព, ការធ្វើអ្វីៗតាមទំនើងចិត្ត, អំពើពុករលួយ, ការរំលោភបំពាន, អសន្តិសុខ និងការភ័យខ្លាចនៅតែបន្តកើតមានក្នុងសង្គម»។
ដើម្បីរំលេចឡើង សម្រាប់កម្ពុជា ជាប្រទេស«នីតិរដ្ឋ»នោះ លោក យ៉ែម បុញ្ញឫទ្ធិ បានសរសេរថា៖ «យើងត្រូវបន្តដោះស្រាយជាចាំបាច់ ដោយត្រូវផ្លាស់ប្ដូរផ្នត់គំនិត ចាស់ របៀបដឹកនាំ និងប្រព័ន្ធគ្រប់គ្រង ដែលមិនទាន់ល្អ។ បែងចែកអំណាចសំខាន់ៗ ឲ្យដាច់ពីគ្នា និងត្រូវលុបបំបាត់ អំពើពុករលួយជាដើម។»
លោកបានបន្ថែម នូវទស្សនៈផ្ទាល់ខ្លួនថា៖ «ក្នុងនាមជាជាតិមួយ ពេលនេះយើងត្រូវហ៊ានគិត ហ៊ានប្រាថ្នា ហ៊ានប្តេជ្ញាចិត្ត និងហ៊ានធ្វើ ហ៊ានទទួលខុសត្រូវខ្ពស់ ក្នុងគ្រប់កិច្ចការដែលយើងធ្វើ។ ទោះការងារនោះ តូចតាចក៏ដោយ ក៏យើងត្រូវធ្វើវាឲ្យល្អបំផុត ច្បាស់លាស់បំផុត និងត្រឹមត្រូវបំផុត។ ប្រទេសតូចតាច អន់ក្រ តូចទាប ជាច្រើនក្នុងពិភពលោក គេអាចប្រែក្លាយខ្លួន ទៅជានាគ ជាតោ ជាខ្លា នៅអាស៊ី ដែលប្រទេសខ្លះ មិនដែលមានជាតិផង តែគេអាចបង្កើតជាតិដ៏អស្ចារ្យ កសាងរដ្ឋដ៏ខ្លាំងក្លា។ ចុះយើង ដែលធ្លាប់កាន់ក្តាប់ភូមិភាគអាស៊ីអាគ្នេយ៍ ដីគោកទាំងមូល ពីអតីតកាល ធ្លាប់ជាជាតិ ដែលមានអារ្យធម៌ ដ៏រីកចម្រើនបំផុតមួយ នៅអាស៊ី តើមានហេតុផលអី្វ ដែលយើងមិនអាចងើបឡើង ក្នុងនាមជាអារ្យរដ្ឋដ៏អស្ចារ្យ ម្តងទៀតបាន?»៕