សម្លេងពីរភាគបី ជាកត្តាគន្លឹះក្នុងកំណែទម្រង់នៃការបោះឆ្នោត
- ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១២ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 12, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមការងារបច្ចេកទេសរបស់គណបក្សទាំងពីរ បានសហការគ្នា ដើម្បីស្វែងរកដំណោះស្រាយ លើការកំណែទម្រង់ការបោះឆ្នោត តែឧបសគ្គស្នូល បានរំលេចឲ្យឃើញពីការខ្វែងគំនិតជាគ្នាជាថ្មី ព្រោះក្រុមការងារបច្ចេកទេសខាងគណបក្សសង្រ្គោះជាតិ ទាមទារសំឡេងចំនួនពីរភាគបី រីឯក្រុមការងារបច្ចេកទេស ខាងគណបក្សប្រជាជនកម្ពុជា ទាមទារសំឡេងហាសិបបូកមួយ ដើម្បីអនុម័ត សមាសភាព សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
លោក ព្រំ សុខា ប្រធានក្រុមការងារបច្ចេកទេស របស់គណបក្សប្រជាជនកម្ពុជា។ (រូបថត MONOROOM.info/ U. Bory)
គ.ជ.ប - លោក ព្រំ សុខា ប្រធានក្រុមការងារបច្ចេកទេសខាងគណបក្សប្រជាជនកម្ពុជា បានអះអាងថាគណបក្សប្រជាជនកម្ពុជា បានធ្វើសម្បទានច្រើនណាស់ ចំពោះដំណោះស្រាយនយោបាយ ហើយថាចុងក្រោយនេះគណបក្សប្រជាជនកម្ពុជា ថែមទាំងធ្វើតាមសំណើ របស់គណបក្សសង្រ្គោះជាតិ ដោយឯកភាពឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលទំនងជាចែងនៅជំពូកទី១៥ថ្មី នៅក្នុងរដ្ឋធម្មនុញ្ញ ដើម្បីបើកផ្លូវឲ្យមានបញ្ញត្តិ អំពីអង្គការរៀបចំការបោះឆ្នោត។
តែលោក គួយ ប៊ុនរឿន ប្រធានក្រុមការងារបច្ចេកទេសខាងគណបក្សសង្រ្គោះជាតិ ក្រោយជំនួបជាមួយក្រុមការងារបច្ចេកទេស ខាងគណបក្សប្រជាជនកម្ពុជា នៅវិមានព្រឹទ្ធសភា ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ បាន ថ្លែងប្រាប់អ្នកសារព័ត៌មានថា ភាពទន់ខ្សោយ និងការខ្វះភាពជឿទុកចិត្ត លើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានជំរុញឲ្យមានភាពជាប់គាំងផ្នែកនយោបាយ ដែលកើតចេញពីការបោះឆ្នោត ក្រោយការបោះឆ្នោត ជាច្រើនអាណត្តិ។
ប្រធានក្រុមការងារបច្ចេកទេស របស់គណបក្សប្រឆាំងរូបនេះ បានសង្កត់ធ្ងន់ថា៖ «យើងចង់ឲ្យស្ថាប័នរៀបចំការបោះឆ្នោតនៅកម្ពុជា ឯករាជ្យពិតប្រាកដ មានអំណាចពិតប្រាកដ ហើយមានលទ្ធភាពពិតប្រាកដ។ (...) អញ្ចឹងហើយបានទាមទារឲ្យគណបក្ស ដែលមានតំណាងប្រជាពលរដ្ឋ នៅក្នុងសភាជជែកគ្នាឲ្យបានគត់ហ្មត់ ដើម្បីយើងរៀបចំឲ្យបានល្អប្រសើរទៅថ្ងៃអនាគត។»
លោក យ៉ែម បុញ្ញប្ញទ្ឋិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ នេះថា យោងលើស្មារតីរបស់ថ្នាក់ដឹកនាំកំពូល នៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ធ្លាប់បានសម្រេចថា យកសំឡេង«ឯកឆ័ន្ទ» នៅក្នុងដំណើការកំណែទម្រង់ការបោះឆ្នោត។ លោកយ៉ែម បុញ្ញប្ញទ្ឋិ ពន្យល់ថា៖ «ខ្ញុំគិតថា អាចយល់ពី សំឡេង ឯកឆ័ន្ទបានហើយ។ ដូច្នេះពីរភាគបីហ្នឹង ជាកម្រិតមួយតូចជាងឯកឆ័នផង។ តែវាមិនមែនជារឿងផ្ទុយគ្នាទេ គ្រាន់តែយើងកំពុងពិនិត្យ លើជំពូកទី១៥ថ្មី។»
តែសម្រាប់លោក ព្រំ សុខា ប្រធានក្រុមការងារបច្ចេកទេស ខាងគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ជាបទពិសោធន ការសម្រេចយកសំឡេងពីរភាគបី បានបង្កភាពស្មុគស្មាញ ដល់ការសម្រេចចិត្ត និងជំរុញឲ្យមានភាពជាប់គាំង ដល់ការបង្កើតរដ្ឋាភិបាល ដូចមុនឆ្នាំ២០០៦។
លោក ព្រំ សុខា ដែលទំនងជាបដិសេធសំឡេងពីរភាគបី ដែលស្នើឡើងដោយគណបក្សសង្រ្គោះជាតិ បានអះអាង ថាសំឡេងពីរភាគបី មិនត្រឹមតែធ្វើឲ្យជាប់គាំងដល់ការបង្កើត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នោះទេ តែវាក៏អាចបណ្តាលឲ្យមានភាពជាប់គាំង ផ្នែកនយោបាយផងដែរ។ ប្រធានក្រុមការងារបច្ចេកទេស ខាងគណបក្សប្រជាជនកម្ពុជា រូបនេះ បញ្ជាក់ថា៖ «បើសំឡេងពីរភាគបីល្អទៅ ធ្វើ តែ(នេះ)សំឡេងពីរភាគបី ធ្វើឲ្យជាប់គាំង៕»