នៅទីបំផុត... កឹម សុខា បានចុះឈ្មោះបោះឆ្នោតរួចហើយ!
- ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៥ តុលា ២០១៦
- កែប្រែចុងក្រោយ: October 05, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទីបំផុតទៅ លោក កឺម សុខា អនុប្រធាន (បច្ចុប្បន្នប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ បានទៅចុះឈ្មោះបោះឆ្នោត រួចរាល់ជាស្ថាពរហើយ កាលពីព្រឹកថ្ងៃទី០៥ ខែតុលានេះ នៅក្នុងការិយាល័យចុះឈ្មោះ នៃសង្កាត់ចាក់អង្រែលើ។ ការចុះឈ្មោះនោះ បានធ្វើឡើងបន្ទាប់ពីលោក កឹម សុខា បានបង្ខាំងខ្លួនឯង នៅក្នុងទីស្នាក់ការគណបក្ស តាំងពីច្រើនខែមកហើយ។
ព្រមទាំងមានអ្នកគាំទ្រ ជាច្រើនរយនាក់ តាមហែហម និងតាមឃ្លាំមើលផង អនុប្រធានគណបក្សប្រឆាំង បានដើរចូល ទៅក្នុងការិយាល័យចុះឈ្មោះ ដែលបានរងការជន់លិចទឹកភ្លៀង តាមរយៈក្ដាបន្ទះ ធ្វើជាស្ពាន«បណ្ដោះអាសន្ន» នៅវេលាម៉ោងប្រមាណ ជា១០ និង១៥នាទី ព្រឹកថ្ងៃទី៥ ខែតុលានេះ។ យ៉ាងណាក៏ដោយ ក៏ការចុះឈ្មោះបោះឆ្នោតរបស់លោក បានប្រព្រឹត្តិទៅ ដោយរលូន និងគ្មានការរារាំង ឬការតាមចាប់ខ្លួន ពីសំណាក់អាជ្ញាធរនោះទេ។
លោក កឹម សុខា មានទីលំនៅពីរកន្លែង មួយស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក និងមួយទៀត នៅសង្កាត់ព្រែកឯង ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។ ប៉ុន្តែ លោកបានទៅចុះឈ្មោះ ក្នុងការិយល័យនាសង្កាត់ចាក់អង្រែលើ ដែលមិនមែនជាទីលំនៅរបស់លោកនោះ ព្រោះច្បាប់បោះឆ្នោត បានអនុញ្ញាត ដោយតម្រូវឲ្យមានត្រឺមតែសាក្សី ជួយបញ្ជាក់ប៉ុណ្ណោះ។
អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងទៅកាន់អ្នកគាំទ្រ បន្ទាប់ពីលោកបានត្រឡប់ មកដល់ទីស្នាក់ការគណបក្សវិញថា លោក និងគណបក្សរបស់លោក មានបំណងចង់ឲ្យបរិយាកាសនយោបាយ វិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ។ លោកបានពន្យល់ ពីបុព្វហេតុរបស់លោក ក្នុងការបង្ខាំងខ្លួន នៅក្នុងទីស្នាក់ការគណបក្ស ថាជា«ការតស៊ូមតិ ដើម្បីទាមទាររកដំណោះស្រាយនយោបាយ»។
លោក កឹម សុខា បានថ្លែងឲ្យដឹងថា៖ «ខ្ញុំចង់ឲ្យមានដំណោះស្រាយនយោបាយ ដោយសន្តិវិធី ដោយអហិង្សា សំណោះស្រាយនយោបាយ ដើម្បីសម្រេចឲ្យបាន នូវបរិយាកាសដែលមានភាពប្រក្រតី ស្មើភាព។ បរិយាកាសនយោបាយ ដែលយើងចង់បាននោះ គឺជាបរិយាកាស ដើម្បីឲ្យគ្រប់ភាគីនយោបាយទំាងអស់ អាចចូលរួមបោះឆ្នោតដោយសេរី ត្រឹមត្រូវ ហើយឲ្យប្រជាពលរដ្ឋ ដែលម្ចាស់ឆ្នោត គឺមានសិទ្ធិធ្វើសេចក្តីសម្រេច ដោយសេរីនិងត្រឹមត្រូវ។»។
គេនៅមិនទាន់ដឹងនៅឡើយ ថាតើការចេញទៅចុះឈ្មោះបោះឆ្នោត ប្រកដោយភាពរលូន កាលពីព្រឹកថ្ងៃនេះ នឹងបិតបញ្ចប់ នូវការបង្ខាំងខ្លួន តាំងពីជិត៥ខែកន្លងមក របស់លោក កឹម សុខា ខ្លួនលោក ឬយ៉ាងណាទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏សភាពការណ៍នយោបាយកម្ពុជា ត្រូវបានគេមើលឃើញ ថាបានធូរស្រាលមកវិញ នៅក្នុងរយៈពេលចុងក្រោយនេះ ជាពិសេស បន្ទាប់ពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា បានប្រកាសកាលពីពីរសប្ដាហ៍មុន អះអាងពី«បទឈប់បាញ់»នយោបាយ ជាបណ្ដោះអាសន្នមួយ ជាមួយគណបក្សសង្គ្រោះជាតិ៕