«រួចពីមាត់ត្រីបាឡែន ទាំងព្រលឹងចុងសក់»
- ដោយ: ឈូករ័ត្ន ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ វិច្ឆិកា ២០១៦
- កែប្រែចុងក្រោយ: November 26, 2016
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការភ្ញាក់ខ្លួន«ព្រើត»នេះ ប្រាកដជាធ្វើឲ្យចងចាំ ពេញមួយជីវិត ជាពិសេសចំពោះលោក បាទ្រិក ឌីកស្ត្រា (Patrick Dykstra) អ្នកដឹកនាំការថតរូប តាមបែបដំណើរផ្សងព្រេងមួយរូប ដែលបានស្ថិតក្នុងហេតុការណ៍ ទាំងមិនបានត្រៀមខ្លួនមុន។ រឿងរ៉ាវនេះ បានកើតឡើង កាលពីសប្ដាហ៍មុន នៅពេលលោកត្រូវដឹកនាំ អ្នកជ្រមុជទឹកមួយក្រុម នៅក្នុងឆកសមុទ្រនៃប្រទេសណ័រវេស ដែលមានឈ្មោះថា សមុទ្រ បារ៉ែត (Barents) ដើម្បីចាប់យករូបភាព របស់ត្រីបាឡែន នៅក្នុងជម្រករបស់ពួកវា សម្រាប់រដូវទឹកកកធ្លាក់។
រូបភាពជាវីដេអូ ដែលត្រូវបានផ្សាយ តាមបណ្ដាញទូរទស្សន៍ «ABC» អាមេរិក និងត្រូវបានយកមកផ្សាយ នៅក្នុងគេហទំព័រយូធូប (YouTube) បានបង្ហាញថា លោក ប៉ាទ្រិក បានជ្រមុជចូលទៅក្នុងទឹកសមុទ្រ មុននឹងត្រីបាឡែន ដ៏ធំមួយក្បាល បានបង្ហាញខ្លួនឡើង និងបានបើកមាត់បញ្ចេញទឹក មកចំលោក ប៉ាទ្រិក ប្រៀបបានដូចជាចង់ត្របាក់រូបលោកដូច្នេះ។
លោក ប៉ាទ្រិក បានថ្លែងប្រាប់ទូរទស្សន៍ថា៖ «រូបភាពនៅក្នុងវីដេអូ មិនបានបង្ហាញឲ្យច្បាស់ទេ តែតាមពិតទៅ ត្រីបាឡែនមួយក្បាលនេះ បានគេសខ្លួនចេញ ដើម្បីកុំឲ្យប៉ះខ្ញុំ។ វាជារឿងគួរឲ្យអស្ចារ្យណាស់ ដែលបានឃើញសត្វដ៏ធំមួយ ងាកខ្លួនចេញយ៉ាងរហ័ស តែមួយពព្រិចភ្នែកដូច្នេះ។ គឺជាសត្វដ៏ឆ្លាត ដែលមិនគួរឲ្យជឿបាន។ វាស្គាល់ពីកន្លែង ដែលវាកំពុងស្ថិតនៅ យ៉ាងច្បាស់។»។
អ្នកជំនាញខាងជ្រមុជទឹករូបនេះ បានស្គាល់ និងហែលជិតត្រីបាឡែន តាំងពី២០ឆ្នាំមកហើយ។ លោកដឹងយ៉ាងច្បាស់ថា បើទោះជាត្រីបាឡែន បានត្របាក់លោកចូលទៅក្នុងមាត់វាក៏ដោយ ក៏វាមិនអាចលេបរូបលោកបានដែរ។ លោកថា ត្រីបាឡែនប្រភេទនេះ មានមាត់ធំមែន តែវាមានបំពង់ក តូចជាទីបំផុត៕
» វីដេអូពីហេតុការណ៍ដ៏កម្រ ដែលកើតមានចំពោះលោក ប៉ាទ្រិក ឌីកស្ត្រា៖