ធី សុវណ្ណថា ប្រកាសផ្ដល់អាហារូបករណ៍ ១០០០កន្លែង
- ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី០៥ តុលា ២០១៦
- កែប្រែចុងក្រោយ: October 05, 2016
- ប្រធានបទ: សង្គម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សិស្ស«ក្រីក្រ»ចំនួន១០០០នាក់ ទោះប្រឡងជាប់ ឬធ្លាក់បាក់ឌុបក្ដី នឹងមានសំណាង អាចបន្តការសិក្សា នៅសាកលវិទ្យាល័យ«ធំៗ» នៅកម្ពុជាទៀតបាន។ ធ្វើដូចម្ដេច ទើបទទួលបានភ័ពសំណាងនេះ? សូមទូរស័ព្ទ ទៅកញ្ញា ធី សុវណ្ណថា ជាបន្ទាន់។
ដំណឹងខាងលើនេះ ជាអ្វីដែលគេអាចអានបាន នៅលើទំព័រហ្វេសប៊ុក របស់អតីតតារាហ្វេសប៊ុករូបនេះ ដែលរូបនាងផ្ទាល់ ធ្លាប់បរាជ័យជាច្រើនដង ក្នុងការប្រឡងបាក់ឌុប។ កញ្ញា ធី សុវណ្ណថា អតីតអ្នកប្រឆាំងរដ្ឋាភិបាលចេញមុខ បានសរសេរ នៅមុននេះបន្តិចថា៖ «នាងខ្ញុំ ផ្តល់អាហារូបករណ៍១០០០កន្លែង ជូនដល់សិស្សក្រីក្រ ដែលចង់រៀនបន្ត (ក្នុង)សាកលវិទ្យាល័យធំៗ នៅរាជធានីភ្នំពេញ»។
អតីតតារាហ្វេសប៊ុក ដែលបានផ្លាស់ប្ដូរជំហរ មកគាំទ្ររដ្ឋាភិបាលលោក ហ៊ុន សែន វិញ បានបញ្ជាក់ទៀតថា អាហារូបករណ៍នេះ មានការបែងចែក៖
- ៤៩០កន្លែង សម្រាប់សិស្សធ្លាក់បាក់ឌុប ដើម្បីអាចទៅរៀនបន្ត យកបរិញ្ញាបត្ររង ដោយប្រើរយៈពេល ២ឆ្នាំ
- ៤៩០កន្លែង សម្រាប់សិស្សជាប់បាក់ឌុប ដើម្បីអាចទៅរៀនបន្ត យកបរិញ្ញាបត្រ ដោយប្រើរយៈពេល ៤ឆ្នាំ
- និង ២០កន្លែង ទៀត សម្រាប់សិស្សដែលជាប់បាក់ឌុប មាននិទ្ទេស ABCD និងដែលមានបំណង ចង់បន្តយកបរិញ្ញាបត្រសុខាភិបាល។
កញ្ញា ធី សុវណ្ណថា បានបញ្ជាក់ទៀតថា កញ្ញា នឹងមានផ្តល់ជូន នូវកន្លែងស្នាក់នៅ ដោយឥតគិតថ្លៃថែមទៀត។
រឿងដែលគេចង់ដឹង ជាបន្តនោះ ថាតើអតីតតារាហ្វេសប៊ុក ដែលបានក្លាយជាប្រធានអង្គការ «យុវជនកិច្ចការសង្គម»រូបនេះ បានប្រកាសផ្ដល់អាហារូបករណ៍ខាងលើ ក្នុងនាមរូបនាងផ្ទាល់ ឬក្នុងនាមអង្គការរបស់នាង? ជាពិសេស ថាតើនាងមានថវិកា សម្រាប់ផ្ដល់អាហារូបករណ៍ តាមរយៈអ្វី និងមានប្រភព«ពិត»យ៉ាងដូចម្ដេច?
កញ្ញា ធី សុវណ្ណថា ត្រូវបានគេឃើញ ថាមានភាពមមាញឹកយ៉ាងខ្លាំង នៅក្នុងរយៈពេលចុងក្រោយនេះ ជាមួយនឹងវេទិកាសាធារណៈរបស់នាង ដែលតែងមានលក្ខណៈ ជាការវាយប្រហារ លើគណបក្សប្រឆាំង ដែលរូបនាងធ្លាប់គាំទ្រ។ ទាក់ទងនឹងការចំណាយធ្វើវេទិកានេះ ប្រធានអង្គការវ័យក្មេង ធ្លាប់ថ្លែងឲ្យដឹងថា នាងទទួលថវិកាពីអ្នកគាំទ្រ នៅឯបរទេស និងមួយចំនួនទៀត ជាថវិកាផ្ទាល់ខ្លួន៕
» អានឯកសារផ្ដិតពីអេក្រង់ របស់ហ្វេសប៊ុកកញ្ញា ធី សុវណ្ណថា សូមចុចនៅទំព័របន្ទាប់។