ប្រទេសនៅឈូងសមុទ្រពែរ្យ៍ ស្នើឲ្យមានអន្តរាគមន៍មួកខៀវ នៅស៊ីរី
- ដោយ: សេក មនោរកុមារ ([email protected]) - បារីស ថ្ងៃទី០២ តុលា ២០១៦
- កែប្រែចុងក្រោយ: October 02, 2016
- ប្រធានបទ: វិបត្តិស៊ីរី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បណ្ដាប្រទេសទាំង៦ ដែលជាសមាជិករបស់ក្រុមប្រឹក្សាសហប្រតិបត្តិការ នៅក្នុងតំបន់ឈូងសមុទ្រពែរ្យ៍ ហៅកាត់តាមភាសាអង់គ្លេស «GCC» បានទាមទារ កាលពីថ្ងៃសៅរ៍ទី១ ខែតុលានេះ ស្នើសុំឲ្យអង្គការសហប្រជាជាតិ ធ្វើអន្តរាគមន៍នៅក្នុងប្រទេសស៊ីរី ដើម្បីឲ្យមានបទឈប់បាញ់មួយ សម្រាប់ក្រុងអាឡិប (Alep ស្ថិតក្នុងភាគពាយ័ព្យនៃប្រទេស)។ ក្រុមប្រទេសទាំងនោះ បានចាត់ទុកការវាយលុកធ្វើឡើង ពីសំណាក់កងទ័ពស្និតនឹងរដ្ឋាភិបាលស៊ីរី ដែលគាំទ្រដោយយោធារ៉ូស្ស៊ីនោះ ថាជា«ការរំលោភបំពាន ដោយជាក់ស្ដែង ផ្ទុយពីច្បាប់អន្តរជាតិ»។
ប្រទេសទាំង៦ ដែលជាសមាជិករបស់ក្រុមប្រឹក្សា «GCC» រួមមាន ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បារ៉ែន កូវ៉េត អូម៉ាន កាតា និងប្រទេសអេមៀរ៉ាតអារ៉ាប់រួម។
សេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន «SPA» របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានឲ្យដឹងថា អគ្គលេខាធិការនៃក្រុមប្រឹក្សា «GCC» សូមទាមទារឲ្យ ក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ ធ្វើអន្តរាគមន៍«ជាបន្ទាន់» ដើម្បីបញ្ឈប់នូវការ«រំលោភបំពាន» នៅលើក្រុងអាឡិប និងបញ្ចប់ការឈឺចាប់វេទនា របស់ប្រជាជនស៊ីរី។
ក្នុងសេចក្ដីប្រកាសព័ត៌មាននោះ បានស្នើសុំឲ្យអង្គការសហប្រជាជាតិ តម្រូវឲ្យគ្រប់ភាគីទាំងអស់ អនុវត្តន៍ឲ្យបាន នូវដំណោះស្រាយទាំងឡាយ របស់ក្រុមប្រឹក្សាសន្តិសុខ ដែលបានសម្រេច ក្នុងពេលកន្លងមក សម្រាប់វិបត្តិស៊ីរី។
បទឈប់បាញ់ ដែលបានប្រកាសធ្វើទាំងចម្រូងចម្រាស កាលពីពីរសប្ដាហ៍កន្លងទៅ បានជួបនឹងភាពបរាជ័យ បន្ទាប់ពីមានការផ្ទុះអាវុធ នៅថ្ងៃទី១៩ ខែកញ្ញាកន្លងមក មុននឹងការទម្លាក់គ្រាប់បែក ត្រូវបានធ្វើឡើងវិញសឹងមិនលួសពេល ទៅលើបណ្ដាសង្កាត់នៃទីក្រុង អាឡិប ដែលសម្បូរ ទៅដោយអ្នករស់នៅ ជាក្រុមប្រឆាំង។
អ្នកទទួលខុសត្រូវជាន់ខ្ពស់អាមេរិក បានថ្លែងឲ្យដឹង កាលពីដើមសប្ដាហ៍នេះថា ស្ថានភាពដ៏អាក្រក់នៅក្រុងអាឡិប អាចនឹងជំរុញឲ្យបណ្ដាប្រទេស នៅក្នុងតំបន់ឈូងសមុទ្រពែរ្យ៍ ធ្វើការឧបត្ថម្ភក្រុមប្រឆាំងស៊ីរី ដោយការបំពាក់អាវុធធុនមធ្យម ទៅឲ្យក្រុមនេះ ដើម្បីការពារខ្លួន។ អាវុធធុនមធ្យមនោះ អាចជាកាំជ្រួចរយៈខ្លី ដែលមានលទ្ធភាពល្មម នឹងបាញ់ទម្លាក់យន្ដហោះទម្លាក់គ្រាប់បែក របស់កងទ័ពស៊ីរី និងរ៉ូស្ស៊ីបាន។
ចំណែកឯប្រទេសបារាំងវិញ ដែលជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ បានថ្លែងឲ្យដឹង កាលពីប៉ុន្មានថ្ងៃមុននេះថា ខ្លួនកំពុងសិក្សាទៅលើដំណោះស្រាយ ស្ដីពីបទឈប់បាញ់មួយ សម្រាប់ក្រុងអាឡិប ដើម្បីដាក់ជូនក្រុមប្រឹក្សាសន្តិសុខអនុម័ត្រ ក្នុងពេលខាងមុខ៕