ពួក ISIS ទិញទាសីកាមគុណជាកុមារ ថ្លៃតែ១៦៥ដុល្លារប៉ុណ្ណោះ!
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី០៥ សីហា ២០១៥
- កែប្រែចុងក្រោយ: August 06, 2015
- ប្រធានបទ: កាមគុណ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្ត្រីជាមន្ត្រី របស់អង្គការសហប្រជាជាតិមួយរូប បានទទួលនូវបញ្ជីតារាងតម្លៃ នៃទាសីកាមគុណ ដែលរៀបចំធ្វើឡើង ដោយក្រុមស្ម័គ្រប្រយុទ្ធ នៃរដ្ឋអ៊ីស្លាម។
ក្រុមសមាជិករដ្ឋអ៊ីស្លាម ហៅកាត់តាមភាសាអង់គ្លេស ISIS និងតាមភាសាបារាំង EI បានលក់កុមារី ដែលមានអាយុរវាងពី១ ទៅដល់៩ឆ្នាំ ក្នុងតម្លៃ១៦៥ដុល្លារ។ កុមារី ដែលមានវ័យការចូលដល់ជំទង់ នឹងមានតម្លៃ១២៤ដុល្លារ ហើយតម្លៃនឹងកាន់តែថោកទៀត បើវ័យចម្រើនការរបស់ពួកនាង ឡើងដល់ជាង២០ឆ្នាំ។ អ្នកស្រី ហ្សៃណាប បេនហ្គៀរ៉ា (Bangura) មន្ត្រីរបស់អង្គការសហប្រជាជាតិ ប្រចាំនៅប្រទេសអៀរ៉ាក់ ទាក់ទងនឹងអំពើហិង្សា ខាងផ្លូវភេទ ដែលបានចូលទៅដល់កន្លែង ដែលមានការប្រយុទ្ធគ្នា បានទទួលនូវបញ្ជីតារាងមួយ ដែលបង្ហាញពីតារាងតម្លៃ នៃទាសីកាមគុណ។
អ្នកស្រី បេនហ្គៀរ៉ា បានពន្យល់ថា ក្មេងស្រីទាំងនោះ ត្រូវបានជួញដូរ ជាថ្នូរនឹងប្រេងឥន្ទនៈជាធុងៗ។ ក្មេងស្រីម្នាក់អាចត្រូវបានលក់ និងទិញ ដោយ៥ឬ៦បុរសផ្សេងៗគ្នា។ ពេលខ្លះក្រុមយុទ្ធជន ស្ម័គ្រប្រយុទ្ធតាំងនោះ បានលក់ក្មេងស្រីទាំងនោះ ជាថ្នូរទៅនឹងប្រាក់រំលោះខ្លួន ជាច្រើនពាន់ម៉ឺនដុល្លារ។ បើតាមមន្ត្រី អ.ស.ប ដដែល បាននិយាយថា ការលក់ដូរក្មេងទាសីទាំងនោះ ត្រូវបានរៀបចំធ្វើ ទៅតាមថានត្តរស័ក្ដិ របស់អ្នកទិញ។
មេដឹកនាំជាន់ខ្ពស់ មានអាទិភាព ក្នុងការជ្រើសរើសទាសីរបស់ខ្លួនមុនគេ។ បន្ទាប់មក ដល់វេនមេដឹកនាំប្រចាំតំបន់ ដែលពួកគេនៅតែមានសិទ្ធិ ជាអាទិភាព ក្នុងការដេញថ្លៃដដែល។ អ្នកដែលមានអាទិភាពក្រោយគេបំផុត គឺយុទ្ធជន ដែលនឹងទទួលបាន នូវទាសីសេសសល់ ពីការជ្រើសរើស របស់មេៗរបស់ខ្លួន។
អ្នកស្រី ហ្សៃណាប បេនហ្គៀរ៉ា បាននិយាយឲ្យដឹងទៀតថា៖ «ពួកគេមានសៀវភៅ សម្រាប់និយាយប្រាប់ ពីវិធីសាស្ត្រ សម្រាប់ប្រើប្រាស់ទាសីកាមគុណទាំងនេះ។ ពួកគេមានភ្នាក់ងារ "មេអណ្ដើក" មួយ ក្នុងការរៀបចំចាត់ចែង ដើម្បីរកគូស្រក និងលក់មនុស្សស្រី។ អ្វីៗទាំងអស់ សុទ្ធតែមានចុះបញ្ជីការ មានអត្តលេខទាំងអស់។»៕