បុគ្គលិកសាលាក្ដីខ្មែរក្រហម គម្រាមធ្វើកូដកម្មជាថ្មីទៀត
បុគ្គលិកធ្វើការនៅសាលាក្ដីខ្មែរក្រហម បានគម្រាមសារជាថ្មីទៀត នៅថ្ងៃព្រហស្បត្តិ៍ទី២៩ខែសីហានេះ ថាពួកខ្លួននឹងធ្វើកូដកម្ម ដើម្បីទាមទារប្រាក់ខែរបស់ពួកគេ ខណៈដែលអគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យប្រទេសម្ចាស់ជំនួយទាំងអស់ ផ្ដល់ជំនួយបន្តទៅទៀតទៅសាលាក្ដីវិសមញ្ញ ដែលទំនងជាគ្មានអនាគតច្បាស់លាស់នេះ។
សាលាក្ដី នៅពេលបើកសវនាការកាត់ទោស។ រូបថតរបស់សាលាក្ដី។
អ្នកនាំពាក្យរបស់សាលាក្ដី លោកនេត្រ ភត្រា បានថ្លែងបញ្ចាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងថា «បុគ្គលិកប្រមាណជាជាង១០០នាក់ នឹងឈប់ចូលធ្វើការនៅថ្ងៃទី១ខែសីហាខាងមុខ រហូតដល់ដំណោះស្រាយមួយត្រូវបានគេរកឃើញ និងពួកគេទទួលបានប្រាក់ខែ ដែលមិនបានបើករហូតមកដល់ពេលនេះ»។ លោកបន្ថែមថា ភាគច្រើននៅក្នុងចំណោមនោះ បានមកធ្វើការ ដោយមិនមានប្រាក់ខែតាំងពីខែមិថុនាមក។
អ្នកនាំពាក្យរូបនេះ បាននិយាយឲ្យដឹងទៀតថា ទឹកប្រាក់ដែលនៅខ្វះមានប្រមាណជា ៣លានដុល្លាអាមេរិក សម្រាប់ឲ្យសាលាក្ដីមានដំណើរការសម្រាប់ឆ្នាំ២០១៣នេះ ហើយទឹកប្រាក់ទាំងនោះ ទំនងជាសាលាក្ដីកំពុងរងចាំពីប្រទេស អូស្ត្រាលី ជប៉ុន និងពីសហគមន៍អ៊ឺរ៉ុប។
កាលពីខែមិនាកន្លងទៅ បុគ្គលិកជាតិរបស់សាលាក្ដី បានធ្វើកូដកម្មនេះម្ដងរួចហើយ ហើយថែមទាំងបានធ្វើឲ្យសាលាក្ដី ជួបនូវភាពរអាក់រអួលក្នុងរយៈពេលជិត២សប្ដាហ៍។ បុគ្គលិកជាតិដែលជួបផលប៉ះពាល់នោះ មានចំនួនប្រមាណជា២៥០នាក់ រាប់តាំងពីអ្នកបើកបររថយន្ដ អ្នកបកប្រែភាសា រហូតដល់ចៅក្រមនោះផង។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) បានថ្លែងឲ្យដឹង កាលពីថ្ងៃពុធទី២៨ខែសីហាថា «តុលាការនេះ បានស្គាល់នូវភាពជោគជ័យរបស់ខ្លួន គួរឲ្យកត់សម្គាល់ ដោយបានកាត់ទោសឧក្រិដ្ឋជននៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ តែក្នុងពេលបច្ចុប្បន្ននេះ តុលាការនេះកំពុងជួបវិបត្តិ។» លោកអគ្គលេខាធិការ ក៏បានអំពាវនាវស្វែងរកជំនួយបន្ថែមទៀត ដើម្បីឲ្យសាលាក្ដីកូនកាត់មួយនេះ អាចបន្តជីវិតបានតទៅទៀត។ តាំងពីបង្កើតឡើងនៅឆ្នាំ២០០៦ សាលាក្ដីវិសមញ្ញដែលកើតពីកិច្ចព្រមព្រៀងរវាងអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលកម្ពុជាមួយនេះ តែងតែជួបប្រទះ នូវវិបត្តិខ្វះថវិការជាញឹកញាប់។
ប្រជាជនកម្ពុជាប្រមាណជា១,៧លាននាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងរបបខ្មែរក្រហមនេះ រាប់ចាប់តាំងពីឆ្នាំ១៩៧៥ មកទល់នឹងឆ្នាំ១៩៧៩។ ប្រជាជនដែលរួចរស់ មានជីវិតពីរបបនេះ ក៏ត្រូវរងគ្រោះនឹងភាពហេវហត់ អស់កម្លាំង ខូចខាតទ្រព្យសម្បត្តិ ព្រាត់ប្រាស់គ្រួសារ និងមានវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។
ស្ថានភាពសុខភាព របស់ជនជាប់ចោទ ដែលសុទ្ធសឹងជាមេដឹកនាំគ្រាក់ៗនៃកម្ពុជាប្រជាធិបតេយ្យ និងមានវ័យកាន់តែជរាទាំងនេះ ធ្វើអោយមានការបារម្ភជាទូទៅ ពីយុត្តិធម៌ចេញការកាត់ក្ដីរបស់សាលាក្ដីនេះ។ បុរសទាំងនេះ អាចនឹងស្លាប់បាត់បង់ជីវិត មុនការកាត់ក្ដីត្រូវបញ្ចប់ ហើយនឹងយកទៅជាមួយ នូវរាល់ការពិតទាំងឡាយ ដែលកើតមាននៅក្នុងអំឡុងពេល នៃការកាន់អំណាចរបស់ខ្លួន។ តាំងពីសាលាក្ដីនេះបានកើតចេញជារូបរាងមក មានសាលក្រមតែមួយគត់ ដែលតុលាការបានសម្រេចកាត់ទោស អតីតមេគុកទួលស្លែង អោយជាប់ពន្ធនាគារអស់មួយជីវិត៕
-----------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ