ស្រីមុំ ប្ដឹង កឹម សុខា ទារ​៣សែន​ដុល្លារ

ខណៈលោក កឹម សុខា ប្រធានស្ដីទីរបស់គណបក្សសង្គ្រោះជាតិ នៅបន្តភាពស្ងាត់ស្ងៀម មិនធ្វើការ​តបតរ​អ្វី​សោះ ប៉ុន្តែ​សំនុំរឿង​ដ៏​ប្រទាំងប្រទើស បានឈានមកដល់របត់ថ្មីមួយទៀត គឺពាក្យបណ្ដឹង របស់នាង ខុម ចាន់តារាទី ដាក់​ប្ដឹង​ដោយ​​ផ្ទាល់ ប្រឆាំងលោក កឹម សុខា តែម្ដង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
ស្រីមុំ ប្ដឹង កឹម សុខា ទារ​៣សែន​ដុល្លារ
រូបកណ្ដាល៖ នាង ខុម ចាន់តារាទី ដែលរងការចោទប្រកាន់ ថាជាស្ត្រីកំណាន់របស់លោក កឹម សុខា។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២២ មេសា ២០១៦
  • កែប្រែចុងក្រោយ: April 23, 2016
  • ប្រធានបទ: កម្ពុជា-យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«សុំតុលាការ មេត្តាជួយរកយុត្តិធម៌ ឲ្យនាងខ្ញុំ​ជានារីទន់ខ្សោយផង» នេះជាឃ្លាមួយ នៅក្នុងសេចក្ដីសរុប ជា​«សំណូមពរ»​ចុងក្រោយ នៃពាក្យបណ្ដឹង របស់នាង ខុម ចាន់តារាទី ហៅ ស្រីមុំ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ​២០១៦​នេះ តាមរយៈលោក គឹម វាសនា មេធាវីថ្មីរបស់នាង។ នៅក្នុងសំណូមពរចុងក្រោយនោះ នាង ខុម ចាន់តារាទី បានទាមទារ​ឲ្យតុលាការផ្ដន្ទាទោសលោក កឹម សុខា ដែលជាប្រធានស្ដីទីសព្វថ្ងៃ របស់​គណបក្ស​សង្គ្រោះជាតិ បន្ថែមពីលើសំណង ៣សែនដុល្លារ ដែលនាងគិតថា ជាការជួសជុល ការខាតបង់ពេលវេលា បាត់ការងារ ខាតបង់សេដ្ឋកិច្ចគ្រួសារ ការខូចខាតកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាង។

នៅក្នុងពាក្យបណ្ដឹង ដែលដាក់ចូលទៅកាន់ ព្រះរាជអាជ្ញាអម​សាលាដំបូងរាជធានីភ្នំពេញ និងដែល​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ បានទទួលមួយច្បាប់ដែរនោះ នាង ខុម ចាន់តារាទី បានសរសេរចោទលោក កឹម សុខា ថាបានធ្វើការសន្យាជាច្រើនរឿង ជាមួយនឹងរូបនាង ដូចជាសន្យាផ្ដល់លុយកាក់ ទិញផ្ទះសម្បែង និង​បើក​មុខរបរឲ្យជាដើម។ តែផ្ទុយទៅវិញ បន្ថែមពីលើការមិនគោរពសន្យាខាងលើ អំពើរបស់លោក កឹម សុខា បានធ្វើឲ្យនាង «ត្រូវបាត់បង់កិត្តិយសសេចក្តីថ្លៃថ្នុរ ខាតបង់ពេលវេលា ការបាត់ការងារ ខាតបង់​សេដ្ឋកិច្ច​គ្រួសារ»។ នេះបើតាមសេចក្ដី នៅក្នុងពាក្យបណ្ដឹងដដែល។

នាង ខុម ចាន់តារាទី ហៅស្រីមុំ បានសរសេរបន្ថែមថា៖ «ជាពិសេសនាងខ្ញុំ ជានារីដែលមិនទាន់ មាន​គ្រួសារ​នៅឡើយ (បើដូច្នេះ) សួរថា តើអ្នកណាត្រូវការ (ជ្រើសរើសយក) នាងខ្ញុំ (ជាគូអនាគត)?»

ពាក្យបណ្ដឹងរបស់នាង ខុម ចាន់តារាទី បានធ្វើឡើងតែប៉ុន្មានថ្ងៃ ក្រោយពីនាង​បានចូលទៅបំភ្លឺ ក្នុងនាម​ជា​សាក្សី​មួយរូប កាលពីថ្ងៃអង្គារកន្លងមកនេះ នៅឯសាលាដំបូងរាជធានី នៅក្នុងពាក្យបណ្ដឹង របស់នាង ធី សុវណ្ណថា ដែលជាតារាល្បីឈ្មោះ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ទាក់ទងនឹង​ខ្សែអាត់សម្លេង​បែកធ្លាយ​ជាច្រើន ដែលនាង ធី សុវណ្ណថា គិតថាខ្លួននាង បានរងគ្រោះនឹងការបរិហារកេរ្តិ៍។ នៅក្នុងខ្សែអាត់ ដែល​ត្រូវ​បាន​យកមកបង្ហោះ តាមបណ្ដាញសង្គមទាំងនោះ មានការជជែកឆ្លើយឆ្លងគ្នា ដែលគេគិតថា ទំនង​ជា​សម្លេង​របស់លោក កឹម សុខា និងនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដែលប្រព័ន្ធផ្សព្វផ្សាយ​ ក្នុងស្រុក​ជាច្រើន​ចាត់​ទុក​ថា ជា​ស្ត្រី​កំណាន់​របស់លោក។

រីឯការចោទប្រកាន់ ទៅលើលោក កឹម សុខា នេះទៀតសោធ ក៏នាង ខុមចាន់តារាទី បានធ្វើឡើងផ្ទុយ នៅ​នឹង​ការអះអាងដោយខ្លួននាងផ្ទាល់ នៅក្នុងកិច្ចសម្ភាសជាបន្តបន្ទាប់ ទៅឲ្យសារព័ត៌មានឯករាជ្យជាច្រើន ជា​ពិសេស​ទៅឲ្យវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី ៩ ខែ​មីនា ឆ្នាំ២០១៦ និងបន្ទាប់មក នៅក្នុងកម្មវិធីវេទិកាអ្នកស្ដាប់​អាស៊ីសេរី នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦។ សូម​ស្ដាប់​កិច្ចសម្ភាសទាំងនេះ នៅក្នុងវីដេអូខាងក្រោម ដូច​តទៅ៖

នៅថ្ងៃបន្តបន្ទាប់មកទៀត (ក្នុងខែមីនាដដែល)  នាង ខុម ចាន់តារាទី បានត្អូញត្អែរ សម្ដែងពីក្ដីបារម្ភរបស់ខ្លួន ទាក់ទងនឹងសុវត្ថិភាពផ្ទាល់ខ្លួនរបស់នាង ក្រោយពីនាងបានផ្ដល់កិច្ចសម្ភាសទាំងនោះ មកទៅកាន់ប្រព័ន្ធ​ផ្សព្វផ្សាយ​ខាងលើ។ ការត្អូញត្អែរ ដែលធ្វើឲ្យមានមន្ទិលនៅថ្ងៃនេះថា តើការផ្លាស់ប្ដូរចម្លើយរបស់នាង នៅ​ចំពោះ​ការសាកសួរអង្កេត របស់តុលាការរាជធានី កាលពីថ្ងៃអង្គារ អាចមានជាប់ពាក់ព័ន្ធ នឹងការគម្រាម ឬការ​លាងសម្អាតណាមួយ ដែរឬទេ។

លិខិតចំហរ បកអាក្រាតមន្ត្រីច្រើននាក់ ដែលបង្គាប់ឲ្យនាងកុហក...

មិនត្រឹមតែពាក្យបណ្ដឹង មួយខាងលើនេះប៉ុណ្ណោះទេ នៅក្នុងថ្ងៃសុក្រទី២២ ខែមេសា ឆ្នាំ២០១៦នេះដដែល នាង ខុម ចាន់តារាទី ថែមទាំងបញ្ចេញនូវលិខិតចំហរមួយទៀត បកអាក្រាតមន្ត្រីមួយចំនួន របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត ដែលនាងបានស្នើសុំ ឲ្យមានការជួយជ្រោមជ្រែងខ្លួន កាលពីអំឡុងខែមីនា នោះ​ផង។ មន្ត្រីជំនាញ ខាងការការពារសិទ្ធិមនុស្សទាំងនោះ រួមមានលោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វ៉ាន់ដា និងអ្នកស្រី លឹម មុន្នី (អ្នកទាំងបួន ជាមន្រ្តីអង្គការអាដហុក) អ្នកស្រី ធីតា ឃីៈ ប្រធាន​អង្គការ​​សីលការ  លោក ស៊ីន សាលី មន្រ្តីអង្គការសិទ្ធិមនុស្ស UN និងបន្ថែមទាំងលោក ស៊ាង ចែត ដែល​ជា​មេឃុំ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ម្នាក់នោះថែមទៀត។ ក្នុងលិខិតចំហរ នាង ស្រីមុំ បានចោទ​មន្ត្រី​ទាំង​នោះ ថា​​បាន​​បង្គាប់​ឲ្យ​នាង​និយាយ«កុហក»។

លិខិតចំហរបកអាក្រាតនេះ បានធ្វើឡើង បន្ទាប់ពីសមាគមការពារសិទ្ធិមនុស្សអាដហុក កាលពីថ្ងៃសុក្រ បាន​ប្រកាសថា សមាគមបានសម្រេច ឈប់ផ្តល់មេធាវីការពារក្ដី សម្រាប់នាង ខុម ចាន់តារាទី ទៀតហើយ។ សមាគម​អាដហុក បានអះអាងដូច្នេះ ដោយសារនៅក្រោយពេល​ចូលបំភ្លឺ នៅសាលាដំបូង កាលពីថ្ងៃអង្គារ​កន្លងមក នាង ខុម ចាន់តារាទី មិនមែនស្ថិតក្នុង​ស្ថានភាព​គំរាមកំហែងធ្ងន់ធ្ងរ និងគួរឲ្យព្រួយបារម្ភ ដូចដែល​សមាគម​យល់ឃើញ នាពេលមុននោះទេ។ សមាគមអាដហុក បានបញ្ជាក់ថា៖ “ករណីបណ្តឹងបរិហាកេរិ៍្ត វា​គ្រាន់​តែជារឿងវិវាទធម្មតា រវាងបុគ្គលសាមញ្ញ និងបុគ្គលសាមញ្ញ ដែលមិនស្ថិតនៅក្នុងអាណតិ្ត របស់​សមាគម​អាដហុក»។

សូមបញ្ជាក់ដែរថា ភ្លាមៗបន្ទាប់ពីការសាកសួរអង្កេត ទៅលើនាង ខុម ចាន់តារាទី កាលពីថ្ងៃអង្គាររួច សាលា​ដំបូងរាជធានីភ្នំពេញបានប្រកាស ថាតាមចម្លើយរបស់ស្ត្រីវ័យក្មេងរូបនេះ គឺលោក កឹម សុខា អនុប្រធាន​គណបក្សសង្រ្គោះជាតិ (និងសព្វថ្ងៃជាប្រធានស្ដីទី) បានណែនាំនាង ចាន់តារាទី មិនឲ្យនិយាយការពិត​ពី​ទំនាក់​ទំនងស្នេហា ដែលត្រូវគេទម្លាយតាមខ្សែអាត់សំឡេង។ ប្រព័ន្ធតុលាការកម្ពុជា ដែលកម្រឃើញ​ចេញ​មក​ធ្វើ​ប្រតិកម្ម ទាក់ទងនឹងសំនុំរឿង ព្រំដែន ពុករលួយ ឧក្រិដ្ឋកម្មធំៗ... ស្រាប់តែបានបង្កនូវភាពភ្ញាក់ផ្អើល នឹកស្មានមិនដល់ តាមរយៈសេចក្តីថ្លែងការណ៍មួយរបស់ខ្លួន ចេញផ្សាយនៅថ្ងៃអង្គារដដែលនោះ ដោយ​បញ្ជាក់​ថា៖ «ឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំ បានទទួលស្គាល់ថា សម្លេងក្នុងខ្សែអាត់ ជាសម្លេងរបស់ខ្លួន ហើយ​ការ​ដែលខ្លួន​បដិសេធ​សម្លេងនេះកន្លងមក ដោយសារមានការណែនាំ ពីឈ្មោះ កឹម សុខា»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...