ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​​ការពារ ហ៊ីង ប៊ុនហៀង ថា​​ជា​​អ្នក​​ប្រតិបត្តិ​​ច្បាប់​ដ៏​ហ្មត់ចត់

បន្ទាប់ពីក្រសួងការពារជាតិ ពេលនេះជាប្រតិកម្មរបស់ខុទ្ទកាល័យ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានចេញមុខ មកការពារលោក ហ៊ីង ប៊ុនហៀង ដោយហៅមេបញ្ជាការកងអង្គរក្ស របស់នាយករដ្ឋមន្ត្រី រូបនេះ ថាជាអ្នកប្រតិបត្តិច្បាប់​ដ៏ហ្មត់ចង់ និងជាអ្នកអនុវត្តន៍កាតព្វកិច្ចដ៏ថ្លៃថ្នូរ នៅក្នុងការការពារស្ថិរភាព និងសណ្តាប់ធ្នាប់សង្គមកម្ពុជា។
ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​​ការពារ ហ៊ីង ប៊ុនហៀង ថា​​ជា​​អ្នក​​ប្រតិបត្តិ​​ច្បាប់​ដ៏​ហ្មត់ចត់
លោកឧត្ដមសេនីយ ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្ស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី១៣ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 13, 2018
  • ប្រធានបទ: សិទ្ធិមនុស្ស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«អ្វីដែលអាមេរិកធ្វើនេះ គឺជាការបំពានអធិបតេយ្យ នៃប្រទេសឯករាជ្យមួយ ដែលពុំស្ថិតនៅ ក្រោមច្បាប់របស់សហរដ្ឋអាមេរិក» មួយឃ្លានេះ មាននៅក្នុងសេចក្ដីថ្លែងការណ៍មួយទៀត របស់រដ្ឋាភិបាលកម្ពុជា បន្ទាប់ពីសេចក្ដីថ្លែងការណ៍មុន ចេញផ្សាយដោយក្រសួងការពារជាតិកម្ពុជា។

សេចក្ដីថ្លែងការណ៍លើកនេះ ចេញផ្សាយនៅប៉ុន្មាននាទីមុន ដោយខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីប្រតិកម្ម​ទៅនឹងការដាក់លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្ស របស់នាយករដ្ឋមន្ត្រី ទៅក្នុងបញ្ជីខ្មៅ នៃ​បុគ្គលដែល​ត្រូវ​រង​ទណ្ឌកម្ម ក្រោម​ច្បាប់ គ្លូប៊ល ម៉ែកនីតស្គី​ (GLOBAL MAGNITSKY) ដែលសម្រេចឡើង កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ម្សិលម៉ិញ ដោយនាយកដ្ឋានរតនាគារជាតិអាមេរិក។

សហរដ្ឋអាមេរិក បានរកឃើញថា លោក ហ៊ីង ប៊ុន​ហៀង បានចូលរួមដោយផ្ទាល់ ក្នុងការរំលោភ​សិទ្ធិមនុស្ស​​ធ្ងន់ធ្ងរ ក្នុង​​រយៈ​ពេល​ជា​ច្រើន​​ឆ្នាំ​​ចុង​ក្រោយ​នេះ រួមទាំង​អំពើ​ហិង្សា​ នៅ​ឆ្នាំ​២០១៣ នៅ​ក្បែរ​វត្ត​ភ្នំ និង​អំពើ​ហិង្សា​វាយដំ​តំណាង​រាស្ត្រ​ពីររូប មកពីគណបក្ស​ប្រឆាំង នៅ​​មុខ​​រដ្ឋសភា​ នៅ​ឆ្នាំ២០១៥។

សេចក្ដីប្រកាស របស់នាយកដ្ឋានរតនាគារជាតិអាមេរិក បានពន្យល់ថា គឺលោក ប៊ុនហៀង និងកងអង្គរក្ស​របស់លោក ហ៊ុន សែន នេះហើយ ដែលបានជាប់ពាក់ព័ន្ធដោយផ្ទាល់ នៅក្នុងការ​បង្រ្កាប​ លើ​​ក្រុម​​អ្នក​តវ៉ា និង​សកម្មជន​​បក្ស​ប្រឆាំង ដូចជា​ការ​​បោក​គ្រាប់​​បែក​​ លើ​អ្នក​តវ៉ា​អហិង្សា កាល​ពី​ឆ្នាំ​១៩៩៧ ដែល​​ធ្វើ​​ឲ្យ​​ស្លាប់​ និង​របួស​​មនុស្ស​ជា​ច្រើន​នាក់ រួមទាំង​​របួស​​ពលរដ្ឋ​​អាមេរិក ​​មួយ​រូប​​ផង។

» អត្ថបទដែលទាក់ទង៖ ហ៊ីង ប៊ុនហៀង ត្រូវ​អាមេរិក​ដាក់​ចូល​បញ្ជីខ្មៅ​ ដែល​​ត្រូវ​​បង្កក​​ទ្រព្យ​មុន​​គេ

សេចក្ដីថ្លែងការណ៍ របស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី បានសរសេរថ្កោលទោស វិធានការខាងលើរបស់អាមេរិក ដោយចាត់ទុកថា វាការ«ចោទប្រកាន់ ដោយគ្មានមូលដ្ឋាន» មកលើលោក ហ៊ីង ប៊ុនហៀង ដែលជា​«អ្នកប្រតិបត្តិច្បាប់ ដ៏ហ្មត់ចត់ និងជាអ្នកអនុវត្តន៍កាតព្វកិច្ច ដ៏ថ្លៃថ្នូរ នៅក្នុងការការពារស្ថិរភាព និងសណ្តាប់ធ្នាប់សង្គមកម្ពុជា ដែលស្ថានភាពនេះ កំពុងតែរីកចម្រើន​ជាទីគាប់ប្រសើរ»។

ខុទ្ទកាល័យនាយករដ្ឋមន្ត្រីកម្ពុជា នៅបានហៅវិធានការខាងលើ ថាធ្វើឡើង «ដោយខ្វះវិចារណញ្ញាណ និងជាអំពើបំពានទាំងកម្រោង ឥតអៀនខ្មាស» ពីសំណាក់សហរដ្ឋអាមេរិក មកលើកម្ពុជា។ សេចក្ដីថ្លែងការណ៍នោះ បានសួរវាយបក ទៅរដ្ឋាភិបាលអាមេរិកវិញថា៖ «ចុះការដែលកងទ័ពអាមេរិក មកសម្លាប់ជនជាតិកម្ពុជា រាប់លាននាក់ កាលពីទសវត្សឆ្នាំ១៩៧០ ដែលគ្រាប់បែកនៅតែរកឃើញ រហូតមកដល់សព្វថ្ងៃនោះ តើនេះ មិនមែនជាការរំលោភសិទ្ធិមនុស្ស ពីសំណាក់អាមេរិកទេឬ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...