បទយកការណ៍៖ «លារហូត លែងត្រឡប់» នៃវីរបុរសមួយរូប

អ្នកមកទទួលព្រះបរមសព សម្តេចព្រះបាទនរោត្ដម សីហនុ ស្ទើរគ្រប់គ្នា មានអាការៈ​ក្តុកក្តួល​ ឆួលក្នុងចិត្ត លាយឡំ​ នឹង ភាពក្រៀមក្រំ ខ្លោចផ្សារនោះបានទេ។ ទឹកភ្នែកដែលហូរធ្លាក់ចុះ បញ្ជាក់ពីភាពសោកស្តាយ និង​ស្រណោះ អង្គសម្តេចឪ បានកើតមានកាន់តែខ្លាំងក្រៃលែង នៅពេលដែលយន្តហោះពិសេសរបស់ប្រទេសចិន យាងព្រះបរមសពរបស់ព្រះអង្គ បានទំលាក់ខ្លួនចុះដល់ដី នៅថ្ងៃទី១៧តុលា វេលាម៉ោង ២ម៉៤៥នាទី រសៀល និងជាពិសេស នៅពេលដែលព្រះបរមសព​ ត្រូវបានរំកិលចេញពីព្រលានយន្តហោះ ហើយដង្ហែក្បួនឆ្លងកាត់មុខពួកគាត់។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: October 18, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកមកទទួលព្រះបរមសព សម្តេចព្រះបាទនរោត្ដម សីហនុ ស្ទើរគ្រប់គ្នា មានអាការៈ​ក្តុកក្តួល​ ឆួលក្នុងចិត្ត លាយឡំ​ នឹង ភាពក្រៀមក្រំខ្លោចផ្សារ និយាយសឹងមិនចេញ។ ទឹកភ្នែកដែលរមៀលធ្លាក់ចុះ បញ្ជាក់ពីភាពសោកស្តាយ និង​ស្រណោះ អង្គសម្តេចឪ ហើយវាបានកើតមានកាន់តែខ្លាំងទៅៗ នៅពេលដែលយន្តហោះពិសេសរបស់ប្រទេសចិន យាងព្រះបរមសព​របស់ព្រះអង្គ បានទំលាក់ខ្លួនចុះដល់ដី នៅថ្ងៃទី១៧តុលា វេលាម៉ោង ២ម៉៤៥នាទី រសៀល និងជាពិសេស នៅពេលដែល​ព្រះបរមសព​ ត្រូវបានរំកិលចេញពីព្រលានយន្តហោះ ហើយដង្ហែក្បួនឆ្លងកាត់មុខពួកគាត់។

នៅតាមដងផ្លូវចាប់តាំងពីព្រលានយន្តហោះ រហូតដល់ព្រះបរមរាជវាំង អ្នកចូលរូមដង្ហែព្រះបរមសព មាន​មនុស្ស ក្មេងចាស់ ប្រុសស្រី យ៉ាងច្រើនកកកុញឈរបណ្តាក់គ្នាតាមដងផ្លូវ ក្នុងដៃមានកាន់ព្រះឆាយាលក្ខ័ណ៍អតីតព្រះមហាក្សត្រ ដាក់បន្ថែម ដោយការកាន់ទុក្ខ និងមានកាន់ធូបទៀនខ្លះទៀតផង។

ការសោយទីវង្គតរបស់ព្រះមហាវីរក្សត្រ ព្រះបាទនរោត្ដម សីហនុ បង្កើតនូវភាពសោកសង្រេង ដល់ប្រជារាស្ត្រ កូនចៅ ចៅទួត ទូទាំងប្រទេស ដែលគេម្នាក់ៗគិតថា បានបាត់បង់អស់ហើយនូវក្ដីសង្ឃឹម អស់ហើយនូវភាពសប្បាយរីករាយ នៅ​សល់តែភាពសោកស្ដាយ អាលោះអាល័យ នូវម្លប់ដ៏ត្រជាក់ ដែលមហាវីរបុរសជាតិដ៏ឆ្នើមអង្គនេះ ធ្លាប់ផ្ដល់អោយ​ពួកគេ កាលដែលព្រះអង្គនៅមានព្រះជន្នាយុ។

ភាពក្ដុកក្ដួលនេះ បានបង្ហាញឡើង​យ៉ាងច្បាស់ នៅលើផ្ទៃមុខ លោកអ៊ំម្នាក់ក្នុងវ័យ៧០ឆ្នាំ ដែលគាត់មិនចង់បញ្ចេញឈ្មោះ ហើយគាត់ជាអ្នកបំរើការម្នាក់ ក្នុងព្រះបរមរាជវាំង។ លោកអ៊ំមានប្រសាសន៍រៀបរាប់ ពីការបាត់បង់វីរជនដ៏កំពូលមួយអង្គ ដែលព្រះអង្គ មានស្នាដៃយ៉ាងល្អ សំរាប់ប្រទេសជាតិ សំរាប់ប្រជាជន រាប់តាំងពីព្រះអង្គនៅក្មេងរហូតដល់សព្វថ្ងៃ ។ ចំណែក​ លោកយាយ ខូវ ចិន្តារី អាយុ៦០ឆ្នាំ អង្គុយនៅពីមុខព្រះបរមរាជវាំង តាំងពីយូរមកហើយនោះ លោកយាយក៏បាន និយាយរៀបរាប់ ពីភាពរន្ធត់នៅក្នុងអារម្មណ៍លោកយាយ ប្រហែលគ្នានេះដែរ ។ លោកយាយថា គ្មានវីរក្សត្រអង្គណាមួយ មានស្វាមីភ័ក្ត មកលើប្រជារាស្ត្រ ដូចព្រះអង្គទេ។ «ព្រះអង្គបានដណ្តើមឯករាជ្យពីបារាំង» ។

ជាមួយនឹងការសោកស្តាយចំពោះការសោយទីវង្គតនេះ អុំប្រុសម្នាក់ទៀតឈ្មោះ ស្ងួន ចាន់ធី អាយុ៥៥ឆ្នាំ មកពីអ្នកលឿង មានបំណងថា ចង់មកជូនព្រះរាជដំណើរ ជាលើកចុងក្រោយ ចំពោះអង្គសម្តេចឪ អោយទ្រង់បានទៅសោយសុខ ហើយ​លោកអុំនិយាយថា «ព្រះអង្គជាស្តេចក្រជាងគេ...»។ លោកយាយ ម៉ម សយ អាយុ៦៦ឆ្នាំ មកពីខេត្តកណ្តាល បានរៀបរាប់​ជាមួយនឹងទឹកភ្នែករលីងរលោង ខ្សិបខ្សួលអួលដើមករថា «អង្គសម្តេចឪ គឺជាវីរបុរសរបស់យើង។ ឥឡូវនេះយើងបាត់បង់​នូវព្រះមហាវីរក្សត្រ ដែលបាននាំសន្តិភាព និងការបង្រួបបង្រួមជាតិ​ សម្រាប់ប្រទេសហើយ។» លោកយាយស្រែកទ្រហោ ឡើងថា «តើឲ្យយើងទីពឹងលើអ្វីទៀត»។

នៅពេលឃើញព្រះបរមសព បានដង្ហែមកដល់នៅចំពោះមុខ មិនមាននរណាម្នាក់ឡើយ ដែលថាមិនសម្រក់ទឹកភ្នែកនោះទេ រាប់បញ្ចូលទាំង ព្រះសង្ឃ ដូនជី លោកតាអាចារ្យ និងសិស្សានុសិស្ស ក្មេងចាស់ប្រុសស្រី ។

ព្រះសង្ឃព្រះនាម ស្រី ស៊ីម ព្រះជន្ម៣០ព្រះវស្សា និមន្តមកពីខេត្តបាត់ដំបង នៅក្នុងទឹកមុខក្រៀមក្រំ ព្រះអង្គមានសង្ឃ​ដីកា​ថា «នឹកឃើញនូវគុណូបការគុណដ៏ធំធេង សំរាប់ប្រទេសជាតិ សំរាប់ប្រជាជនខ្មែរ ដែលលោកបានប្រឹងប្រែង»។ ព្រះអង្គ មានសង្ឃដីកាបន្ថែមថា «ដោយមើលឃើញពីតម្លៃ និងគុណធម៌របស់មនុស្ស ដែលគេគោរពស្រលាញ់រាប់អាន និងនឹក ឃើញ​នូវអ្វី ដែលអង្គសម្តេចឪបានប្រឹងប្រែង សំរាប់យើងគ្រប់គ្នា កូនចៅសូមឧទ្ទិសជូនដល់វិញ្ញាណខន្ត័របស់ព្រះអង្គ សូម​ទៅកាន់សុគតិសួរគ៌ ទេវលោកតទៅ។»

នៅរាធានីភ្នំពេញ ការចូលរួមដង្ហែព្រះបរមសពនេះ ត្រូវបានចាត់ទុកជាពិធីបុណ្យដ៏ធំបំផុតមួយ ក្នុងប្រវត្តិសាស្រ្តកន្លងមក។ មនុស្សម្នាមីដេរដាស បានចេញមកតាមដងផ្លូវ បើទោះនៅក្រោមកម្តៅថ្ងៃដ៏ក្ដៅហែង តែក្នុងចិត្តពួកគេហាក់ត្រជាក់ស្រេប ដោយសារតែការចាកចេញ គ្មានថ្ងៃវិលត្រឡប់ របស់វីរបុរសដ៏អស្ចារ្យម្នាក់។

ព្រះមហាវីរក្សត្រ ព្រះបាទនរោត្ដម សីហនុ ទ្រង់ទទួលបាន នូវការគោរពយ៉ាងខ្លាំងពីប្រជាជនកម្ពុជា ជាពិសេសអ្នកដែល មានវ័យ​ចាប់ពី ពាក់កណ្តាលជីវិតឡើងទៅ ដោយសារតែពួកគេធ្លាប់ស្គាល់ និងដឹង អំពីការរីកចម្រើន នៅក្នុងសម័យដែល​ព្រះអង្គទ្រង់គ្រប់គ្រង (សង្គមរាស្ត្រនិយម ពីចន្លោះឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៧០)។ រីឯអ្នកមានវ័យបឋម គឺគេបានស្គាល់ស្នា​ព្រះហស្តរបស់ព្រះអង្គ ដោយបានឃើញ នូវព្រះរាជបូជនីយកិច្ច នៅក្នុងការបង្រួបង្រួមជាតិ ដំណោះស្រាយនយោបាយ​ផ្សេងៗ និងការចារទុកក្នុងឯកសារស្រាវជ្រាវ ដែលពាក់ព័ន្ធនានា ឬតាមការចង្អុលបង្ហាញពីឪពុកម្ដាយរបស់ពួកគេ។

ប្អូនប្រុស ហៃ គីងី អាយុ២៧ឆ្នាំ ប្អូនបានកោសក់ថ្វាយ ព្រះបរមសពអតីតព្រះមហាក្សត្រ ជាមួយនឹងការបន្លឺវាចាថា «ការ​កោសក់នេះគឺដើម្បីសម្តែងនូវការដឹងគុណ ការគោរព ការស្រលាញ់ និងសូមបារមីព្រះអង្គ ជួយតាមថែរក្សាកូនចៅ​គ្រប់ៗ​គ្នា និងប្រទេសជាតិទាំងមូលឲ្យបានរីកចំរើនទៅមុខ និងឲ្យរួចផុតពីការឈ្លានពានរបស់ជនបរទេស»។ ប្អូនស្រីដា អាយុ១៨ឆ្នាំ មកពីក្រុងតាខ្មៅ ជាមួយនឹងទឹកភ្នែកដក់ជាប់នឹងផែនថ្ពាល់ បានពោលទាំងរអាក់រអួលថា «ស្នាព្រះហស្ថព្រះអង្គ គឺធំធេង​ណាស់ សំរាប់ប្រជាជនខ្មែរទូទាំងប្រទេស ព្រោះព្រះអង្គបានបន្សល់ទុក នូវស្នាដៃល្អៗជាច្រើន សំរាប់កូនចៅជំនាន់ក្រោយ» ។ ការបន្លឺវាចាខាងលើនេះ មិនខុសប៉ុន្មាន នឹងប្អូនប្រុស ហៀង មួយគា និងប្អូនស្រី ឌួង មុន្នីរដ្ឋ ដែលមានអាយុ១៩ឆ្នាំ ស្របាលគ្នា ដែលប្អូនទាំងពីរចាត់ទុក «ស្នាព្រះហស្ថព្រះអង្គ» គឺធំធេងមិនអាចកាត់ថ្លៃបាន និងមិនអាចបំភ្លេចបាន។

ការសោកស្តាយ និងក្ដីរន្ធត់ញាប់ញ័រ នឹងការបាត់បង់ដ៏ធំនេះ បានចូលមកបេះ ប្រឡេះបេះដូងពីមនុស្សរាល់គ្នា ទាំងមិន​ដឹងថានឹងស្រាកស្រាន្ដនៅពេលណា។  នរណាៗ ក៏មានបេះដូង និងអារម្មណ៍អណ្ដែតត្រសែតលើអាកាសវេហា ដោយចេះ​តែគិតថា ព្រះវីរក្សត្រជាក្សត្រដ៏អស្ចារ្យ ព្រះអង្គទ្រង់នឹង​នៅជិត ប្រជារាស្រ្តជាកូនចៅ ចៅទួតគ្រប់ៗគ្នា ជាដរាបរៀងទៅ។ គ្រប់​រឿង​អ្វីៗ ហាក់ដូចជានៅថ្មីទាំងអស់ ហើយមិន​ដែល​ទាន់មាននរណាម្នាក់គិតថា បានសង ព្រះគុណទៅព្រះអង្គវិញ នៅឡើយ បើសូម្បីគាវរកិច្ចចុងក្រោយក៏ដោយ។ សំរាប់​ប្អូនស្រី មឿង ស្រីម៉ៅ ទោះបីប្អូនស្រីដឹងថា អ្វីដែលប្អូនធ្វើសំរាប់​ព្រះអង្គក្នុងថ្ងៃនេះ មិនអាចតបស្នងសងគុណដ៏ថ្លៃថ្លា របស់​ព្រះអង្គបាន តែយ៉ាងហោចណាស់ «ក្នុងនាមជាកូនខ្មែរ ប្អូន​ត្រូវ​តែចូលរួម»៕

---------------------------------------------------------
ដោយ៖ ភ្នំធំ និងគល់រាំង - ភ្នំពេញថ្ងៃទី ១៨ តុលា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអ៊ីនហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...