ពិធីដង្ហែ និងតម្កល់ ព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ (pic)
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១១ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 11, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពិធីដង្ហែ និងតម្កល់ ព្រះបរមអដ្ឋិព្រះករុណាសម្តេចព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងព្រះចេតិយព្រះវិហារព្រះកែវមរកត ក្នុងបរិវេណព្រះបរមរាជវាំង ត្រូវបានប្រព្តឹត្តនិងដំណើរទៅ តាមព្រះរាជប្បវេណីជាតិ និងពិធីសាសនាខ្មែរ។
ពិធីដង្ហែនិងតម្កល់ ព្រះបរមអដ្ឋិព្រះមហាវីរក្សត្រ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)
ពិធីសាសនា - ពិធីដង្ហែ និងតម្កល់ ព្រះបរមអដ្ឋិនេះ ក៏បានធ្វើឡើងទៅតាមទំនៀមទំលាប់ និងដូចគ្នាទៅនឹងពិធីបុណ្យ នៃអតីតព្រះមហាក្សត្រខ្មែរបានរៀបចំឡើងនាពេលកន្លងមកដែរ។ ពិធីដង្ហែព្រះបរមអដ្ឋិនេះ បានបង្ហាញឲ្យឃើញពីគំរូវីរភាព នៃអង្គព្រះមហាវីរក្សត្រខ្មែរ ក្នុងការទាមទាឲ្យមានឯករាជ្យភាពទឹកដី ឯកភាពជាតិខ្មែរ និងការបង្រួបបង្រួមជាតិជាដើម។
ពិធីដង្ហែព្រះបរមអដ្ឋិ បានប្រព្រឹត្តិទៅយ៉ាងអធិកអធម ដោយមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋ មន្រ្តីរាជការគ្រប់ក្រសួងស្ថាប័ន។ វេលាម៉ោងជាង៧ ព្រឹកថ្ងៃទី១១ ខែកក្កដាឆ្នាំ២០១៤ ពិធីបានចាប់ផ្តើម ដោយចេញពីមុខព្រះបរមរាជវាំង ឆ្ពោះទៅតាមបណ្តោយផ្លូវសំខាន់ៗនានាជុំវិញព្រះបរមរាជវាំង ដែលនឹងធ្វើការដង្ហែរនោះ។
ក្នុងពិធីដង្ហែ និងតម្កល់ ព្រះបរមអដ្ឋិនេះ វត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះមហាក្សត្រកម្ពុជាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះវររាជមាតាជាតិខ្មែរ សម្តេចព្រះនរោត្តម មុនីនាថ សីហនុ ព្រមទាំងព្រះញាតិវង្សានុវង្ស។ មន្រ្តីថ្នាក់ដឹកនាំក្រសួងស្ថាប័នសំខាន់ៗរូមមានលោក ហេង សំរិន ប្រធានរដ្ឋសភា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មន្រ្តីរាជការ គ្រូបង្រៀន សិស្សានុសិស្ស និស្សិត និងប្រជាពលរដ្ឋ ក៏បានចូលរួមគាំទ្រយ៉ាងច្រើនកុះករក្រៃលែង។
ដោយឡែកតំណាងគណបក្សសង្គ្រោះជាតិ២៥រូប ក៏បានចូលរួមព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ នាព្រឹកថ្ងៃទី១១ ខែកក្កដានេះដែរ ដឹកនាំដោយលោកកឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។
វេទិកាកិត្តិយសមុខព្រះបរមរាជវាំង មានវត្តមានរបស់នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ប្រធានរដ្ឋសភា លោក ហេង សំរិន មន្ត្រីរាជការ និងតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជានៅខាងស្ដាំ។ ឯលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងតំណាងរាស្ត្រ ក៏មានវត្តមាននៅជួរខាងឆ្វេង ដោយអមព្រះអាសនៈព្រះមហាក្សត្រដូចគ្នា។
ព្រះរាជពិធី ក្នុងរយៈពេលបីថ្ងៃនេះ រួមមានកម្មវិធីគោរពព្រះវិញ្ញាណក្ខន្ធ កម្មវិធីបាញ់កាំជ្រួច និងបាញ់កាំភ្លើងធំ នាពេលដង្ហែ និងពេលបញ្ចុះព្រះបរមអដ្ឋិ។ វេលាម៉ោងជាង៨ ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤នេះ ការដង្ហែ ព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ បានមកដល់វិមានឯករាជ្យ ដែលមានព្រះសង្ឃជាង ៩០អង្គសូត្រមន្ត ដើម្បីឧទ្ទិកុសលទៅដល់ ព្រះបរមរតនកោដ្ឋម្តង។
នៅម៉ោងជិត៩ ការក្បួនដង្ហែ ព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ ក៏បានមកដល់មុខព្រះបរមរាជវាំងវិញ។ ព្រះមហាក្សត្រកម្ពុជាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះវររាជមាតាជាតិខ្មែរ សម្តេចព្រះនរោត្តម មុនីនាថ សីហនុ ព្រមទាំងព្រះញាតិវង្សានុវង្ស បានយាងចូលវាំងជ័យ នៅម៉ោង៩ ព្រឹក។
វេលាម៉ោងជាង៩ ព្រឹកក្បួនដង្ហែព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ បានមកដល់ព្រះវិហារព្រះកែវមរកត ក្នុងព្រះបរមរាជវាំង ឯក្បួនដង្ហែព្រះបរមអដ្ឋិក៏បានរំសាយនាពេលនោះដែរ។ ប្រជាពលរដ្ឋ ដែលបានចូលរួមនាំគ្នាលុតជង្គង់ ជាមួយនឹងការលើកដៃសំពះ យំសោក បង្ហាញនូវភាព ក្រៀមក្រំ ការក្តុកក្តួល និងអាឡោះអាល័យ។
សូមរំលឹកថា ក្នុងព្រះរាជពិធីដង្ហែ និងតម្កល់ ព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋនេះ ក៏មានការផ្សាយបន្តផ្ទាល់ ដោយស្ថានីយ៍ទូរទស្សន៍ជាតិ (ទទក)។ ក្រៅពីនោះនៅមានស្ថានីទូរទស្សន៍ និងវិទ្យុជាច្រើនទៀត ក៏បានចាក់ផ្សាយបន្តពីស្ថានីយ៍ទូរទស្សន៍ជាតិផងដែរ។
ឯស្ថានីយ៍ទូរទស្សន៍រដ្ឋ និងឯកជន ក៏នឹងចាក់ផ្សាយខ្សែភាពយន្តឯកសារ «កោះកេរ អតីតរាជធានីខ្មែរដែលបាត់បង់នាស.វទី១០» នៅក្នុងកំឡុងនៃព្រះរាជពិធីដង្ហែ និងតម្កល់ព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ រយៈពេលបីថ្ងៃនេះចាប់ពីថ្ងៃទី១០ ១១ និង១២ ខែកក្កដា ឆ្នាំ២០១៤៕