បាតុកម្មប្រឆាំងសម្ដីរបស់មន្ត្រីយួនលើកថ្ងៃ ទៅថ្ងៃ២១ ខែកក្កដាវិញ
- ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១១ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 11, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ម៉ៅ ពិសេស (ពាក់អាវស កណ្ដាល) ប្រធានសហព័ន្ធនិស្សិតបញ្ញវ័ន្តកម្ពុជា ឈរលើចិញ្ចើមផ្លូវ មុខក្រសួងដែនដីនគរូបនីយកម្ម។ (រូបថត MONOROOM.info/ O. Vary)
បាតុកម្ម - ការប្រកាសផ្គើនជាថ្មីថា នឹងមិនសុំទោសចំពោះពលរដ្ឋខ្មែរកម្ពុជារបស់លោក ត្រឹង វ៉ាន់ថុង មន្រ្តីអ្នកនាំពាក្សស្ថានទូតវៀតណាម ប្រចាំប្រទេសកម្ពុជា គឺជាមូលហេតុចម្បង នាំឲ្យសហព័ន្ធនិស្សិតបញ្ញាវ័ន្តកម្ពុជា និងភាគីពាក់ព័ន្ធផ្សេងទៀតចាំបាច់ ត្រូវធ្វើបាតុកម្មជាថ្មី ដើម្បីទាមទារឲ្យ មានការទទួលស្គាល់ការពិតប្រវត្តិសាស្រ្ត។ នេះជាគោលជំហរ របស់សហព័ន្ធនិស្សិតបញ្ញាវ័ន្តកម្ពុជា ដែលបានអះអាងថា សកម្មភាពរបស់ក្រុមខ្លួន មិនពាក់ព័ន្ធនឹងនយោបាយឡើយ។
បន្ទាប់ពីសហព័ន្ធនិស្សិតបញ្ញាវ័ន្តកម្ពុជា និងអ្នកពាក់ព័ន្ធផ្សេងទៀត ចូលរួមធ្វើបាតុកម្មមុខស្ថានទូតវៀតណាម ប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៤ ហើយត្រូវកម្លាំសមត្ថកិច្ចរដ្ឋាភិបាលកម្ពុជា វាយបំបែកឲ្យរត់ខ្ចាត់ខ្ចាយនោះមក លោក ត្រឹង វ៉ាន់ថុង មន្រ្តីអ្នកនាំពាក្យស្ថានទូត ប្រទេសវៀតណាមប្រចាំប្រទេសកម្ពុជា បានអះអាងជាថ្មីថា លោកនឹងមិនសុំទោស ហើយក៏មិនទទួលស្គាល់ តាមការទាមទាររបស់ក្រុមបាតុករកម្ពុជានោះដែរ។
ពោល គឺអ្នកនាំពាក្សស្ថានទូតវៀតណាម ប្រចាំប្រទេសកម្ពុជារូបនេះ នៅតែប្រកាន់ជំហរថា ទឹកដីកម្ពុជាក្រោម មិនមែនបារាំងកាត់ឲ្យប្រទេសវៀតណាមទេ តែទឹកដីនោះ (កម្ពុជាក្រោម) ជារបស់ប្រទេសវៀតណាម តាំងពីដើមរៀងមក។ លើសពីនេះ លោក ត្រឹង វ៉ាន់ថុង បានចាត់ទុកសកម្មភាព របស់ក្រុមបាតុករកម្ពុជា ថាបានល្មើសបំពាន ទាំងច្បាប់ប្រទេសកម្ពុជា និងច្បាប់អន្តរជាតិ។
ចំពោះគម្រោងការធ្វើបាតុកម្មដោយអហិង្សាជាថ្មី ដើម្បីទាមទារឲ្យប្រទេសវៀតណាម ទទួលស្គាល់ប្រវត្តិសាស្រ្តពិត ត្រូវបានសហព័ន្ធនិស្សិតបញ្ញាវ័ន្តកម្ពុជា ពន្យល់ថាពលរដ្ឋខ្មែរកម្ពុជាក្រោម មិនអាចទទួលយកបាន នូវការប្រមាថរបស់រដ្ឋាភិបាលប្រទេសវៀតណាម មកលើពលរដ្ឋខ្មែរកម្ពុជាក្រោមបានទេ ហើយថារដ្ឋាភិបាលកម្ពុជា ក៏មិនត្រូវព្រងើយកន្តើយផងដែរ។
ក្រោយពីរារាំង និងវាយបង្រ្កាបលើក្រុមបាតុករកម្ពុជានៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៤ រដ្ឋាភិបាលកម្ពុជា តាមរយៈអ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជាលោក កុយ គួង ក្រៅពីបានព្រមានក្រុមបាតុករកម្ពុជា ពីសកម្មភាពល្មើសច្បាប់ជាតិ និងអន្តរជាតិនោះ អ្នកនាំពាក្យដដែលនេះ ក៏បានសង្កត់ធ្ងន់ដែរថា៖ «ប្រទេសវៀតណាម មិនអាចក្រឡៃប្រវត្តិសាស្រ្តពិតបានទេ»៕