ចូល​មក​រស់​នៅ​រួច ទើប​ដឹង​ថា បាន​ជួល​ផ្ទះ​ប្រលាក់​ដោយ​ឈាម...

នៅពេលទស្សនាឯកសារមួយ នៅតាមកញ្ចក់ទូរទស្សន៍ នារីវ័យក្មេងម្នាក់ បានភ្ញាក់ខ្លួនក្រញ៉ាងថា នាងទើប​នឹងមក​រស់នៅ ក្នុងផ្ទះជួលមួយ ដែលប្រលាក់ទៅដោយឈាម បង្កឡើងដោយឃាតករដ៏រន្ធត់មួយរូប។ នាងបានរកឃើញ​ដូចអ្វី ដែលឯកសារបាននិយាយមែន គឺនៅជាន់ក្រោមដីរបស់លំនៅដ្ឋាននោះ ធ្លាប់ត្រូវបានប្រើប្រាស់ ជាបន្ទប់​ធ្វើ​ទារុណកម្ម។
ចូល​មក​រស់​នៅ​រួច ទើប​ដឹង​ថា បាន​ជួល​ផ្ទះ​ប្រលាក់​ដោយ​ឈាម...
អ្នកជួលផ្ទះទើបនឹងដឹង ថាផ្ទះដែលខ្លួនជួលជាផ្ទះឃាតករ។ (រូបថតផ្ដិតពីវីដេអូ)
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី១១ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 11, 2014
  • ប្រធានបទ: ភ្ញាក់ផ្អើល
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានស្វែងរកព្រឹត្តិការណ៍ដ៏កម្រៗ កើតមានពីគ្រប់ទីកន្លែងក្នុងលោក មកជូន​ប្រិយ​មិត្ត​អ្នកអានរបស់ខ្លួន។

ភ្ញាក់ផ្អើល - នាង កាទ្រីណា ម៉ាកហ្គាវ (Catrina McGhaw) ប្រាកដជាជួបនូវហេតុការណ៍ ដ៏រន្ធត់មិនដែលធ្លាប់ជួប នៅក្នុងជីវិតរបស់នាង។ កាលពីខែមិនាកន្លងទៅ នាងបានជួលផ្ទះមួយខ្នងនៅភូមិ ហ្វើគើសុន (Ferguson) ក្បែរ​នឹងទីក្រុង សាំងល្វីស៍ (Saint-Louis) នៃរដ្ឋមីស៊ូរី (Missouri) សហរដ្ឋអាមេរិក។ ប៉ុន្មានខែក្រោយមក នាងបានដឹង​ដោយការភ្ញាក់ផ្អើលថា ផ្ទះដែលនាងជួលនេះ ធ្លាប់មានប្រវត្តិដ៏រន្ធត់ជាទីបំផុត។ គេហដ្ឋានដ៏ស្ងាត់ស្ងៀម ធ្លាប់ជា​កម្មសិទ្ធ របស់ឃាតករឈាមត្រជាក់មួយរូប ហើយអ្នកដែលជួលឲ្យនាង ជាម្ដាយបង្កើតរបស់ឃាតកររូបនោះ។

នាង កាទ្រីណា បានដឹងហេតុការណ៍នេះ ដោយសារនាងបានទស្សនាដោយចៃដន្យ នូវឯកសារស៊ើបអង្កេតមួយ បញ្ចាំងតាមកញ្ចក់ទូរទស្សន៍។ នាងបានថ្លែងប្រាប់គេហទំព័រ ខេមូវ (KMOV) ថា «នៅផ្នែកខាងក្រោមដីទាំងមូល ត្រូវបានប្រើប្រាស់ជាបន្ទប់ធ្វើទារុណកម្ម»។ ជាសរុបនៅពេលនោះ បុរសជាឃាតករ បានធ្វើទារុណកម្មឬសម្លាប់ យ៉ាងហោចទៅលើស្ត្រី១២នាក់។

តើនរណាមួយដែលចង់រស់នៅក្នុងផ្ទះបែបនេះ? នាងបានសម្រេចចិត្តចាកចេញ ឈប់នៅផ្ទះនោះទៀត តែម្ចាស់​ផ្ទះ​បានបដិសេធ ដោយសារនាងកិច្ចសន្យាជួលផ្ទះ មិនបានចែងពីករណីនេះ។ ជាសំណាងល្អរបស់នាង ដែល​អាជ្ញាធរ​តំបន់បានយកចិត្តទុកដាក់ពីរឿងនេះ ហើយបានជួយលប់កិច្ចសន្យានោះចោល។ អាជ្ញាធរតំបន់បានគិតថា ម្ចាស់​ផ្ទះ​គួរតែមានភាពស្មោះត្រង់ និយាយប្រាប់ទាំងប្រវត្តិអាក្រក់ ទាំងរឿងល្អ ទៅឲ្យអ្នកជួលឲ្យដឹងជាមុន បើទោះជាផ្លូវ​ច្បាប់មិនបានកំណត់ ឲ្យម្ចាស់ផ្ទះត្រូវតែធ្វើដូច្នេះក៏ដោយ។

ឃាតករឈាមត្រជាក់

ឃាតករ«ឈាមត្រជាក់» ឈ្មោះ មូរី ត្រាវីស (Maury Travis) ដែលធ្លាប់រស់នៅក្នុងផ្ទះនេះ មិនដែលត្រូវ​បាន​ផ្ដន្ទាទោស ពីបទឃាតកម្មទៅលើស្ត្រីក្មេងៗ ប្រមាណជា១២នាក់នោះឡើយ ដោយហេតុថា ឃាតករម្នាក់នេះ បាន​ធ្វើអត្តឃាតនៅក្នុងពន្ធនាគារ ៣ថ្ងៃបន្ទាប់ពីនគរបាលបានឃាត់ខ្លួន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០២កន្លងទៅ។ បុរសម្នាក់នេះ បានបដិសេធពីទង្វើអាក្រក់របស់ខ្លួន តែភស្ដុតាងនៅនឹងកន្លែងបង្ហាញយ៉ាងច្បាស់ ដូចជាស្លាក​ស្នាម​ឈាម សម្ភារៈធ្វើទារុណកម្ម និងជាពិសេសរូបភាពវីដេអូជាច្រើន ដែលបានលួចថតជនរងគ្រោះ ពីក្នុងជញ្ជាំង។ វីដេអូទាំងនេះ បានបង្ហាញយ៉ាងច្បាស់ថា មូរី ត្រាវីស បានធ្វើសកម្មភាពយ៉ាងសាហាវព្រៃផ្សៃ (ទារុណកម្ម រំលោភ និងសម្លាប់) ទៅលើជនរងគ្រោះ ដែលភាគច្រើនជាស្ត្រីរកស៊ីផ្លូវភេទ៕

សូមទស្សនាបទយកការណ៍ឯកសារ ស្ដីពីសំនុំរឿង ឧក្រិដ្ឋកម្មរបស់ មូរី ត្រាវីស ដូចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...