ស្រីស្អាតអ៊ុយក្រែនម្នាក់ទៀត ទាមទារតំណែង«បវរកញ្ញាតុក្កតា» (pic)
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១០ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 11, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«តុក្កតាសាច់មនុស្ស» បានកើតម្នាក់ទៀតហើយ។ កញ្ញា អាលីណា កូវ៉ាឡេស្កាវ៉ា (Alina Kovalevskaya) បានទាមទារតំណែង ជា«បវរកញ្ញាតុក្កតា»មកខ្លួនម្ដងវិញ ប៉ុន្តែនាងបានអួតអាងថា នាងមានលក្ខណៈ«ធម្មជាតិ»ច្រើនជាងបវរកញ្ញាលើកមុន។
នាង អាលីណា កូវ៉ាឡេស្កាវ៉ា ជាតិអ៊ុយក្រែន។ (រូបថត ហ្វេសប៊ុក)
សម្ផស្ស - សង្គ្រាមរវាង «បវរកញ្ញាតុក្កតា» បានកើតឡើងមែនឬ? បន្ទាប់ពីកញ្ញា វ៉ាឡេរីយ៉ា អៀកយ៉ាណូវ៉ា (Valeria Iukyanova) ដែលជាប់ក្នុងតំណែងនេះ តាំងពីប៉ុន្មានឆ្នាំមុន ឥឡូវនេះ កញ្ញាស្រស់ស្អាតម្នាក់ទៀត នាង អាលីណា កូវ៉ាឡេស្កាវ៉ា បានចេញមកទាមទារតំណែងនេះវិញ ដោយបានអួតអាងថា នាងមានលក្ខណៈធម្មជាតិសឹងតែទាំងអស់ ហើយថែមទាំងស្បថថា មិនដែលត្រូវបានគ្រូពេទ្យកែសម្ផស្សណាម្នាក់ ប៉ះខ្លួននាងឡើយ។
នាង អាលីណា ជាតិអ៊ុយក្រែន ដែលមានមុនមាត់រូបរាង មិនខុសប៉ុន្មានពីតុក្កតាជ័រ ដែលគេធ្លាប់ឃើញនៅតាមទីផ្សារ ឬរូបភាពគំនូរជីវចលនោះ បានថ្លែងថា៖ «ខ្ញុំចូលចិត្តភ្នែកធំៗ ច្រមុះតូច បបូរមាត់តូច និងសក់វែងអូសដី»។ ក្នុងកិច្ចសម្ភាសជាមួយស្ថានីយទូរទស្សន៍មួយ ស្រីស្អាតចង្កេះស្តួច បានអួតអាងទៀតថា៖ «សក់របស់នាងខ្ញុំ មានប្រវែង១ម៉ែត្រ ហើយមានពណ៌គួរឲ្យចាប់ចិត្តបេតីណាស់»។
កុំឲ្យតុក្កតា«រស់»ទាំងពីរ ជួបគ្នាឲ្យសោះ ...
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន ទាក់ទងនឹងកញ្ញា វ៉ាឡេរីយ៉ា អៀកយ៉ាណូវ៉ា ដែលទទួលតំណែងជា«តុក្កតារស់»បានមុននោះ កញ្ញា អាលីណា បាននិយាយថា៖ «ខ្ញុំមានរឿងយល់ច្រឡំបន្ដិចបន្តួច ជាមួយ វ៉ាឡេរីយ៉ា។ បន្ទាប់មក យើងក៏ឈប់និយាយរកគ្នា។ ខ្ញុំបានដឹងច្បាស់ថា នាងមិនមែនជាមនុស្ស ដែលខ្ញុំគិតថាជាមិត្តរបស់ខ្ញុំនោះទេ។» ការអះអាងរបស់ស្រីស្រស់ អាលីណា ធ្វើឲ្យគេយល់ថា «សង្គ្រាម»រវាងតុក្កតារស់ទាំងពីរ ពិតជាបានកើតមានមែន ហើយមិនត្រូវឲ្យអ្នកទាំងពីរជួបគ្នាឲ្យសោះ។
ប៉ុន្តែសម្រាប់មហាជនវិញ នៅក្នុងពេលនេះ អ្នកដែលគេចូលចិត្ត និងស្គាល់ច្រើនជាងគេ វាត្រូវតែធ្លាក់ទៅលើកញ្ញា វ៉ាឡេរីយ៉ា ដែលទទួលតំណែងនេះមុនហើយ។ គ្រាន់តែនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការ របស់នាង វ៉ាឡេរីយ៉ា មានមនុស្សចុចចូលចិត្តដល់ទៅ ជាងមួយលាននាក់ ខណៈទំព័រហ្វេសប៊ុករបស់កញ្ញា អាលីណា មានអ្នកចុចចូលចិត្ត ទើបតែជិត៥ពាន់នាក់ប៉ុណ្ណោះ។ ប៉ុន្តែជារឿងធម្មតាទេ នៅពេលដែលនាង អាលីណា ទើបនឹងបង្កើតទំព័ររបស់ខ្លួន ហើយការប្រកាសខ្លួន ចូលរួមប្រកួតប្រជែង ជា«បវរកញ្ញាតុក្កតា» ក៏ទើបនឹងចាប់ផ្ដើមដែរនោះ។ យ៉ាងណាក៏ដោយ តំណែងជា«តុក្កតារស់» ឬជា«បវរកញ្ញាតុក្កតា» នឹងត្រូវទុកឲ្យប្រិយមិត្តហើយ ជាអ្នកសម្រេច៕
សូមទស្សនារូបភាព និងវីដេអូបន្ថែម ដូចខាងក្រោម៖