ចិន​និង​អាមេរិក​នឹង​រួម​គ្នា ដោះ​ស្រាយ​បញ្ហា​កូរ៉េ​ខាង​ជើង

សហរដ្ឋអាមេរិក និងចិន បានយល់ព្រមរួមគ្នា ដើម្បីស្វែងរកដំណោះស្រាយ ទល់នឹងការគម្រាម របស់​ប្រទេស​កូរ៉េ​ខាង​ជើង បន្ទាប់ពីប្រទេសមួយនេះ បានសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ ប្រភេទ«H» កាលពី​ពេល​ថ្មីៗ។ នោះ​ជា​អ្វី​ដែល​ជា​លទ្ធផល ចេញពីជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃេរី (John Kerry) និង​ដៃគូសន្ទនា​របស់​លោក ដែលជារដ្ឋមន្ត្រីការបរទេសចិន។ ប៉ុន្តែវិធានការលំអិតបែបណានោះ គេនៅមិន​ទាន់​ដឹង​នៅ​ឡើយ។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២៧ មករា ២០១៦
  • កែប្រែចុងក្រោយ: January 28, 2016
  • ប្រធានបទ: កូរ៉េខាងជើង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នា ដើម្បីស្វែងរកដំណោះស្រាយថ្មី និង​ដ៏​ចាំ​បាច់មួយ នៅអង្គការសហប្រជាជាតិ ទល់នឹងគម្រោងពង្រីកអាវុធនុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើង។ នេះ​ជាការប្រកាសរបស់លោក ចន ឃេរី (John Kerry) រដ្ឋមន្ត្រីការបរទេសអាមេរិក នៅបន្ទាប់ពីជំនួបរវាងលោក និង​រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) ក្នុងថ្ងៃទី២៧ ខែមករានេះ។ លោក ឃេរី បានអះអាង​ទៀត​ថា សហរដ្ឋអាមេរិក​ចង់​ឲ្យ​មាន នូវដំណោះស្រាយដ៏«ខ្លាំង»មួយ ជាមួយនឹងវិធានការ«ជាក់ស្ដែង» ដើម្បី​ដាក់​បញ្ចប់​ជា​ស្ថាពរ នូវ​គម្រោង​ផលិត​អាវុធនុយក្លេអ៊ែរ របស់របបកុម្មុយនីសក្រុងព្យុងយ៉ាង ដែល​កំពុង​ក្លាយ​ជា «ការ​គម្រោមមួយ សម្រាប់​ពិភពលោក»។

ទង្វើប្រកបដោយគ្រោះថ្នាក់...

ថ្លែងបន្ត នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីជំនួបនោះ លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានថ្លែង​បន្ត​ថា៖ «សកម្មភាពរបស់ គីម ជុងអ៊ុន (Kim Jong-Un) មានលក្ខណៈប្រថុយប្រថាន និងប្រកប​ដោយ​គ្រោះថ្នាក់។ រឿងដែលសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ ប្រភេទ"H" បានសម្រេចឬអត់ មិនមានអ្វីខុសគ្នា​នោះ​ទេ។ តែ​អ្វី​ដែល​ធ្វើ​ឲ្យ​យើងព្រួយបារម្ភ គឺបំណង ដែលចង់សាកល្បង ការទន្ទឹង និងការប្រកាស ថានឹង​ធ្វើការ​សាកល្បង របស់​មេ​ដឹកនាំ​រូបនេះ។»

ប្រទេសកូរ៉េខាងជើង បានប្រកាសកាលពីពេលថ្មីៗនេះ ថាខ្លួនបានសម្រេចជាស្ថាពរ នូវការសាកល្បង គ្រាប់​បែក​នុយក្លេអ៊ែរប្រភេទ«H» ដែលមានកម្លាំងខ្លាំង ជាងគ្រាប់បែកនុយក្លេអ៊ែរធម្មតា ប្រមាណជា១ពាន់ ទៅ​៣ពាន់​ដង។ ប៉ុន្តែក្រុមអ្នកជំនាញ បានបង្ហាញការសង្ស័យ ពីសមត្ថភាពរបស់កូរ៉េខាងជើង ក្នុងការផលិត​គ្រាប់​បែប​ប្រភេទ​នេះ  ដោយយោងទៅលើកម្លាំងរញ្ជួយ ដែលមានកម្រិតខ្សោយជាងការគ្រោងទុក។ រហូតមកដល់​ពេល​នេះ មានគ្រាប់បែកប្រភេទ«H»តែមួយគត់ ដែលធ្លាប់ត្រូវបានសាកល្បង ដោយអតីតសហភាពសូវៀត កាល​ពីថ្ងៃ​ទី០១ ខែតុលា ឆ្នាំ១៩៦១។ គ្រាប់បែកនោះ មានឈ្មោះថា «Tsar Bomba»។

» អានអត្ថបទដែលទាក់ទង៖ បើគ្រាប់បែកនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ធ្លាក់ចំភ្នំពេញ...

តែទោះជាគ្រាប់បែកមានពិត ឬមិនមានពិតក៏ដោយ ការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ ជាច្រើនដងរបស់​ប្រទេស​កូរ៉េ​ខាងជើង ត្រូវបានអាមេរិកចាត់ទុកថា បានគម្រាមដល់«សន្ដិសុខតំបន់» ជាពិសេស​ទៅដល់​បណ្ដា​ប្រទេស ជាសម្ព័ន្ធមិត្តរបស់អាមេរិក ដែលនៅក្បែរខាង ជាប់នឹងប្រទេសកូរ៉េខាងជើង។ នៅក្នុងដំណើរ​ទស្សនកិច្ច​មួយ​ជុំ របស់លោក ចន ឃេរី នៅ​ក្នុង​ទ្វីបអាស៊ីលើកនេះ ត្រូវបានគេមើលឃើញថា គឺជាយុទ្ធនាការ​របស់​ប្រទេសមហាអំណាច ក្នុងការ​បបួល​ចិន ដែលជាមហាអំណាចតំបន់ និងជាមិត្តចាក់ទឹក«មិនលេច»​របស់​របបក្រុងព្យុងយ៉ាង ឲ្យធ្វើការដាក់ទណ្ឌកម្ម ទៅលើប្រទេសកូរ៉េខាងជើង។

វិបត្តិមនុស្សធម៌...

សម្រាប់ប្រទេសចិនវិញ ការដាក់ទណ្ឌកម្ម ទៅលើរបបក្រុងព្យុងយ៉ាង នឹងមិនបង្កបញ្ហាអ្វីចោទ ដល់នយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួនឡើយ។ ផ្ទុយទៅវិញ មតិនានា​នៅក្នុងសារព័ត៌មានចិន បានកើតមានឡើងខុសៗគ្នា ទាក់​ទងនឹងការដាក់ទណ្ឌកម្មនេះ។ សារព័ត៌មាន «Global Times» ដែលស្និតនឹងរបបកុម្មុយនីសចិនប៉េកាំង បាន​លើក​មក​វិភាគថា វិបត្តិមនុស្សធម៌នឹងកើតមានឡើងខ្លាំង ហើយប្រទេសចិនដែលនៅជាប់ ក្បែរខាង​របស់​ប្រទេស​កូរ៉េ​ខាង​ជើង នឹងទទួលរងនូវថ្មបាក់នេះ ប្រសិនណាជាពិភពលោក ពិតជាធ្វើការរាំងខ្ទប់ ទាំងផ្នែក​នយោបាយ ទាំងផ្នែកសេដ្ឋកិច្ច ទៅលើកូរ៉េខាងជើងនោះពិតមែន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...