លេងបៀរភ្នាល់ដាក់កូនស្រី ដល់ពេលឈ្នះ ចាប់កូនស្រីទៅបាត់!
- ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី២៧ មករា ២០១៦
- កែប្រែចុងក្រោយ: January 29, 2016
- ប្រធានបទ: ចាប់ពង្រត់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កុមារី អេកាតេរីណា បាឈូរីណា (Ekaterina Bachurina) អាយុ១០ឆ្នាំ ត្រូវបានចាប់ពង្រត់យកទៅ នៅតាមផ្លូវរវាងពីផ្ទះនាង ឆ្ពោះទៅកាន់សាលារៀន នៅក្នុងក្រុង «Volochaevka» ដ៏តូចមួយ ស្ថិតនៅភាគខាងកើត នៃប្រទេសរ៉ូស្ស៊ី។ កុមារាម្នាក់អាយុ១១ឆ្នាំ ដែលនៅក្នុងហេតុការណ៍នេះ បានឃើញបុរសម្នាក់បានចាប់នាងតូច និងបានបង្ខំឲ្យនាងចូល ទៅក្នុងរថយន្ដពណ៌ក្រហមមួយគ្រឿង។ បន្ទាប់ពីកើតហេតុ កុមារាបានរត់ទៅប្រាប់គ្រូរបស់ខ្លួនភ្លាម ដែលធ្វើឲ្យរឿងនេះ ដឹងដល់នគរបាល ហើយការស្វែងរក តាមប្រមាញ់បុរសម្នាក់នោះ បានចាប់ផ្ដើមឡើង។
កុមារីបានស្នាក់នៅ ក្នុងសណ្ឋាគារចំនួនមួយយប់ ជាមួយនឹងជនដែលចាប់នាងយកទៅ។ នេះបើតាមការអះអាង របស់សារព័ត៌មានតំបន់ឈ្មោះ «The Siberian Times» របស់ប្រទេសរ៉ូស្ស៊ី។ ជនសង្ស័យដែលចាប់ពង្រត់កុមារី ត្រូវបាននគរបាលស្គាល់អត្តសញ្ញាណភ្លាមៗ ឈ្មោះ «Sergey Ponomarev» អាយុ៤០ឆ្នាំ។ នៅពេលចូលទៅសណ្ឋាគារ ដើម្បីស្នាក់អាស្រ័យនោះ ជននេះបានកុហកប្រាប់បុគ្គលិកសណ្ឋាគារថា កុមារី អេកាតេរីណា ជាកូនរបស់ខ្លួន។
លុះស្អែកឡើង ជនសង្ស័យបាននាំកុមារីចេញពីសណ្ឋាគារ និងបានទុករថយន្ដរបស់ខ្លួនចោល តែបានដើរដោយជើងទទេរ កាត់ព្រិលដ៏ក្រាស់។ ជននេះបានចូលទៅស្នាក់នៅ ក្នុងផ្ទះមួយទៀត ដែលមានចំងាយប្រមាណជា ៤៨០គីឡូម៉ែត្រ ពីក្រុង «Volochaevka»។ នៅទីនោះ កុមារីត្រូវបាននគរបាលរកឃើញមកវិញ កាលពីថ្ងៃទី២៣ ខែមករាមុននេះ ដែលបើគិតជារយៈពេល មានប្រមាណជា ៤៨ម៉ោង បន្ទាប់ពីនាងត្រូវបានចាប់ពង្រត់។
ចំពោះជនសង្ស័យវិញ ត្រូវបាននគរបាលឃាត់ខ្លួន ប៉ុន្តែបានអះអាងនៅចំពោះក្រុមអ្នកស៊ើបអង្កេតថា ខ្លួនបានឈ្នះក្មេងស្រីនេះ ពីល្បែងបៀរមួយឈុត ជាមួយឪពុករបស់កុមារី។ ឪពុករបស់នាងតូច ក៏ត្រូវបាននគរបាលឃាត់ខ្លួនដែរ ហើយកំពុងស្វែងរកមើល ថាតើបុរសជាអ្នកមានគុណរូបនេះ ដើរតួជាអ្វីឲ្យប្រាកដ នៅក្នុងការចាប់ពង្រត់កូនស្រីរបស់ខ្លួន។
ប៉ុន្តែរឿងរ៉ាវអាចមានលក្ខណៈធ្ងន់ធ្ងរ ជាងចម្លើយសារភាពរបស់ជនសង្ស័យនេះ ព្រោះអ្នកស៊ើបអង្កេតបានរកឃើញ នូវចំណុចគួរឲ្យសង្ស័យ ដ៏គួរឲ្យតក់ស្លុតផ្សេងទៀត៖ នោះគឺនាងតូច អាចនឹងត្រូវបានលក់ ឲ្យក្លាយជាទាសករខាងផ្លូវភេទ ឬលក់ទៅឲ្យក្រុមសង្គមងងឹត ដែលរកស៊ីជួញដូរ គ្រឿងក្នុងរបស់មនុស្ស។ នៅវេលានេះ ជនរងគ្រោះ កុមារី អេកាតេរីណា កំពុងស្នាក់នៅក្នុងមន្ទីរពេទ្យនៅឡើយ។ ការពិនិត្យផ្នែកវេជ្ជសាស្ត្រ ជំហានដំបូង បានអះអាងថា នាងតូចមិនបានរងគ្រោះ ដោយការបៀតបៀនខាងផ្លូវភេទណាមួយទេ ក្នុងអំឡុងពេលនៃការចាប់ពង្រត់ទៅ៕