ពលរដ្ឋម៉ាឡេស៊ីច្រើនម៉ឺននាក់ ទាមទារឲ្យនាយរដ្ឋមន្ត្រីចុះចេញពីតំណែង
- ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី២០ វិច្ឆិកា ២០១៦
- កែប្រែចុងក្រោយ: November 21, 2016
- ប្រធានបទ: នយោបាយម៉ាឡេ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មានទំហំប្រហាក់ប្រហែល នឹងបាតុកម្មដែលបានកើតឡើង កាលពីចុងខែសីហា ឆ្នាំ២០១៥នោះដែរ ពលរដ្ឋម៉ាឡេស៊ីច្រើនម៉ឺននាក់ បានត្រឡប់មកធ្វើការទាមទារ របស់ពួកគេឡើងវិញ ស្នើសុំឲ្យលោក ណាជីព រ៉ាហ្សាក់ (Najib Razak) ចុះចេញពីតំណែង ជានាយករដ្ឋមន្ត្រី។ ការចុះដើរតាមដងផ្លូវ ធ្វើបាតុកម្ម តាមការអំពាវនាវរបស់ចលនាមួយឈ្មោះ «Bersih» នោះ ថែមទាំងបានទាមទារ ឲ្យមានការកាត់ទោស ទៅលើលោក ណាជីព នោះផងទៀត។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីព រ៉ាហ្សាក់ កំពុងរងការចោទប្រកាន់ ពីការជាប់ពាក់ព័ន្ធដ៏អាស្រូវ ថាបានកេងបន្លំថវិកា នៅក្នុងក្រុមហ៊ុនរដ្ឋមួយឈ្មោះ «1 Malaysia Development Berhad (1MDB)» ដែលបង្កើតឡើងដោយលោក ណាជីព ផ្ទាល់ បន្ទាប់ពីលោកបានឡើងកាន់អំណាច ជាប្រមុខរដ្ឋាភិបាល របស់រាជាណាចក្រសហព័ន្ធម៉ាឡេស៊ី ក្នុងឆ្នាំ២០០៩។ រហូតមកដល់សព្វថ្ងៃ ក្រុមហ៊ុនមានប្រាក់បំណុលរបស់ខ្លួន ច្រើនជាង១០កោដដុល្លារ ខណៈលោក ណាជីព រ៉ាហ្សាក់ ត្រូវបានសង្ស័យថា បានកិបកេងទឹកប្រាក់នោះ ប្រមាណជា៦៥០លានដុល្លារ។
ជុំវិញរឿងអាស្រូវខាងលើ ភាពតានតឹងបានផ្ទុះឡើង តាំងពីច្រើនសប្ដាហ៍ហើយ ជាពិសេសបន្ទាប់ពីការគម្រាម របស់ក្រុម«អាវក្រហម» ដែលគាំទ្ររដ្ឋាភិបាលលោក ណាជីព ថាក្រុមខ្លួននឹងតបតរ ទៅក្រុម«អាវលឿង» ដែលមាននិន្នាការប្រឆាំងនោះ យ៉ាងចាស់ដៃ។ នៅប៉ុន្មានម៉ោងមុនបាតុកម្ម អាជ្ញាធរម៉ាឡេស៊ីបានប្រកាសស្វែងរកចាប់ខ្លួន មេដឹកនាំចលនា «Bersih»។ ប៉ុន្តែការចាប់ខ្លួនណាមួយនោះ អាចនឹង«ចាក់ប្រេង»ដុតបញ្ឆេះស្ថានការណ៍ ដែលកំពុងតានតឹងនេះ ឲ្យមានសភាពកាន់តែដុនដាបទៅៗ។
យ៉ាងណា គេមិនឃើញមានអំពើហិង្សាណាមួយ ត្រូវបានរាយការណ៍ឲ្យដឹង នៅក្នុងបាតុកម្ម កាលពីចុងសប្ដាហ៍នេះទេ ខណៈកងកម្លាំងប្រឆាំងកុបកម្ម ត្រូវបានដាក់ពង្រាយ សឹងនៅគ្រប់ច្រក នៃរាជធានីកូឡាឡំពួរ ហើយកំណាត់ផ្លូវជាច្រើន ត្រូវបានបិទមិនឲ្យធ្វើចរាចរណ៍។ ក្រុមបាតុករមានគម្រោងដង្ហែក្បួនរបស់ពួកគេ ឆ្ពោះទៅកាន់ទីលាន«ឯករាជ្យ» ដែលស្ថិតនៅកណ្ដាលរាជធានី តែអាជ្ញាធរបានបិតតំបន់នោះជុំជិត និងគ្មានបាតុករណាម្នាក់ បានដើរចូលទៅដល់នោះទេ។
«Bersih» មានន័យថា «ស្អាតស្អំ»...
កាលពីថ្ងៃសុក្រ លោក ណាជីព រ៉ាហ្សាក់ បានថ្លែងតាមរយៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ការអំពាវនាវឲ្យធ្វើបាតុកម្ម ពីសំណាក់ចលនា«Bersih» ជារឿងគួរឲ្យខ្មាសអៀន និងមានចរិត ជាការផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត តាមបែប«ប្រជាធិបតេយ្យ»។
«Bersih» ដែលជាភាសាម៉ាឡេ និងមានន័យជាខេមរភាសា ថា«ស្អាតស្អំ» គឺជាចលនាមួយ ដែលបានកើតឡើងពីការចងសម្ព័ន្ធភាព នៃក្រុមអង្គការសមាគមក្រៅរដ្ឋាភិបាលជាច្រើន ដែលបានធ្វើការតស៊ូមតិតាំងពីច្រើនឆ្នាំមកហើយ ស្នើសុំឲ្យមានការកែទម្រង់មួយ ទៅលើប្រព័ន្ធបោះឆ្នោត។ ប៉ុន្តែនៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ការប្រមែប្រមូលបណ្ដាជនមកធ្វើបាតុកម្ម របស់ចលនានេះ បានសង្កត់ធ្ងន់ទៅលើ តែរឿងអាស្រូវរបស់ក្រុមហ៊ុនរដ្ឋ «1MDB» ខាងលើប៉ុណ្ណោះ៕