គ្រោះយន្ដហោះ AirAsia៖ «សង្ឃឹម​ថា លោក​អ្នក​​កំពុង​តែ​បន់​ព្រះ»

អ្នកដំណើរទាំងអស់ នៅក្នុងយន្ដហោះរបស់ក្រុមហ៊ុន «AirAsia» ដែលភ្ជាប់ជើងហោះហើរ ពីក្រុង ផើត (អូស្ត្រាលី) ទៅកាន់រាជធានី កូឡាឡំពួរ (ម៉ាឡេស៊ី) ច្បាស់ជាភ័យប្រហោងពោះមិនស្ទើរទេ នៅពេលដែលយន្ដហោះនេះ បានស្ថិតក្នុងភាពមិននឹងនរ ក្នុងពេលហោះហើររបស់ខ្លួន។
គ្រោះយន្ដហោះ AirAsia៖ «សង្ឃឹម​ថា លោក​អ្នក​​កំពុង​តែ​បន់​ព្រះ»
យន្ដហោះ ធុនអ៊ែរប៊ូស ៣២០-២០០ របស់ក្រុមហ៊ុន អ៊ែរអេសៀ។ (រូបថតក្រុមហ៊ុន)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៨ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: July 09, 2017
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យន្ដហោះរបស់ក្រុមហ៊ុន «AirAsia» របស់ប្រទេសឥណ្ឌូនេស៊ី ដែលភ្ជាប់ជើងហោះហើរ ពីក្រុង ផើត (អូស្ត្រាលី) ទៅកាន់រាជធានី កូឡាឡំពួរ (ម៉ាឡេស៊ី) កាលពីសប្ដាហ៍មុន ចាំបាច់ត្រូវហោះ ត្រឡប់ទៅកន្លែងដើមវិញ ក្រោមមូលហេតុ «បញ្ហាបច្ចេកទេស»។ អ្នកដំណើរម្នាក់ ដែលនៅក្នុងហេតុការណ៍នោះ បានរៀបរាប់ថា តួយន្ដហោះទាំងមូល បានស្ថិតក្នុងភាពរង្គើខ្លាំងក្លា ប្រៀបបានទៅនឹងម៉ាស៊ីនបោកខោអាវ។

ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលលក់សំបុត្រក្នុងតម្លៃថោក បានជួបនឹងបញ្ហាបច្ចេកទេសនេះ ក្នុងរយៈពេលពេញ មួយម៉ោងកន្លះ (៩០នាទី) បន្ទាប់ពីបានហោះងើបខ្លួន ចេញពីព្រលានយន្ដហោះ ក្រុង ផើត។ ប៉ុន្តែនៅទីបំផុត យន្ដហោះប្រភេទ អ៊ែរប៊ូស (Airbus A330) បានហោះត្រឡប់ក្រោយ និងបានចុះចតនៅព្រលានយន្ដហោះដើមវិញ ដោយគ្មានជួបឧប្បត្តិហេតុអ្វីឡើយ។

ស្រង់សំដីដោយបណ្ដាញផ្សព្វផ្សាយ «ABC News Australia» អ្នកដំណើរនៅក្នុងយន្ដហោះ បានអះអាងថា ពួកគេបានស្ដាប់ឮ នូវសម្លេងផ្ទុះដ៏ចម្លែកមួយ ពីស្លាបខាងឆ្វេង ហើយបន្ទាប់មក យន្ដហោះបានចាប់ផ្ដើមរង្គើខ្លួនរហូត និងយ៉ាងរណ្ដំ។

អ្នកស្រី «Sophie Nicolas» បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ​នោះថា៖ «យើងអាចមើលឃើញថា បុគ្គលិកបម្រើការនៅក្នុងយន្ដហោះទាំងអស់ បង្ហាញនូវកាយវិការមិនស្រួល។ ពេលនោះ គួរឲ្យរន្ធត់ណាស់។ ក្រុមបុគ្គលិកបាននិយាយមកកាន់ពួកយើងថា "សង្ឃឹមថា លោកអ្នកទាំងអស់គ្នាកំពុងតែបន់ព្រះហើយ"។ ខ្ញុំក៏បានបន់ស្រន់ដូចគ្នាដែរ ហើយជាមួយនឹងសំណាងដ៏តិចតួច ពួកយើងបានត្រឡប់មកចុះចតវិញ ដោយសុវត្ថិភាព។»។

ចំណែកឯលោក «Brenton Atkinson» វិញ បានពន្យល់ប្រាប់ទូទស្សន៍ «Australian Broadcasting Corporation» ថា តួយន្ដហោះបានរងការរលាក់ខ្លាំង ខុសប្លែក​ពីការរលាក់ ក្នុងពេលជួបខ្យល់ព្យុះ។ លោកថា៖ «ខ្ញុំជឿថា វាបណ្ដាលមកពីម៉ាស៊ីនប្រតិកម្មមួយ ដែលមានបញ្ហា។ តែមូលហេតុនេះ ក៏ជាអ្វីដែលក្រុមបុគ្គលិក បាននិយាយប្រាប់យើងដែរ។ បើនិយាយម្យ៉ាងទៀត វាហាក់ដូចជាយើងកំពុងអង្គុយ នៅក្នុងម៉ាស៊ីនបោកគក់ខោអាវយ៉ាងដូច្នេះ។»។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន «AirAsia» បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» ថា៖ «អ្នកបើកបរយន្ដហោះ បានជួបនឹងបញ្ហាបច្ចេកទេស បន្ទាប់មកបានបញ្ជាយន្ដហោះ ឲ្យហោះ​ត្រឡប់​ក្រោយ​វិញ និងបានមកចុះចត នៅព្រលានយន្ដហោះដើម ដោយសុវត្ថិភាព»។ ក្រុមហ៊ុនអាកាសចរណ៍មួយនេះ បានបញ្ជាក់ទៀតថា ក្រុមអ្នកបច្ចេកទេស បានចាត់វិធានការយ៉ាងហ្មត់ចត់ ដើម្បីត្រួតពិនិត្យមើល​យន្ដហោះ​ឡើងវិញ។

ហេតុការណ៍នេះ បានកើតឡើងចំពោះយន្ដហោះប្រភេទតែមួយ ជាលើកទីពីរហើយ  នៅក្នុងប្រទេសអូស្ត្រាលី សម្រាប់ខែមិថុនាតែមួយនេះ។ កាលពីថ្ងៃទី១១ ខែមិថុនាកន្លងទៅ យន្ដហោះ អ៊ែរប៊ូស របស់ក្រុមហ៊ុន «China Eastern» បានចុះចតជាបន្ទាន់នៅអាកាសយាន្ដដ្ឋាន ក្រុង ស៊ីដនី ដោយសារមានប្រហោងដ៏ធំ នៅនឹងគម្រប​នៃម៉ាស៊ីនប្រតិកម្មមួយចំហៀង។

ក្រុមហ៊ុន «AirAsia» បានជួបគ្រោះថ្នាក់លើកទីមួយរបស់ខ្លួន នៅក្នុងខែធ្នូ ឆ្នាំ២០១៤។ នៅពេលនោះ យន្ដហោះដែលភ្ជាប់​ជើង​ហោះហើរ លេខ «QZ8501» បានធ្លាក់ចូលក្នុងកណ្ដាលសមុទ្រ បន្ទាប់ពីបានជួប ជាមួយស្ថានភាពឧត្តុនិយមដ៏អាក្រក់។ ហេតុការណ៍នេះ បានបណ្ដាល​ឲ្យមនុស្ស១៦២នាក់ ដែលនៅក្នុងយន្ដហោះ (ទាំងអ្នកដំណើរ ទាំងបុគ្គលិក) ស្លាប់ទាំងអស់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...