ហ៊ុន សែន បន្ទោសមន្ត្រីដែលគិតតែ«សុំយោបល់»ពីលោក
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៦ មិថុនា ២០១៧
- កែប្រែចុងក្រោយ: June 26, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ស្អីសុំយោបល់ ស្អីសុំយោបល់» លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងដូច្នេះ ដើម្បីរិះគន់ទៅដល់មន្ត្រីគ្រាក់ៗរបស់លោក ដែលចេះតែមកសុំយោបល់ពីលោក ក្នុងការសម្រេចកិច្ចការអ្វីមួយ ដោយមិនចេះធ្វើខ្លួនឯង។ តែលោកបានសរសើមន្ត្រីមួយចំនួន ដែលបានធ្វើការងារទាំងនោះរួចហើយ និងបានរៀបចំជារបាយការណ៍ បញ្ជូនមកលោក ដោយគ្រាន់តែសរសេរបន្ថែម នៅលើរបាយការណ៍នោះថា «រង់ចាំយោបល់ជាយថាហេតុ»។
នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ ដល់សិស្សសាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី២៦ ខែមិថុនានេះ លោក ហ៊ុន សែន បានបន្ទោសមន្ត្រីដែលថាអង្គុយ ចាំតែការណែនាំពីលោកថា៖ «ណែនាំស្អី ម៉េចក៏មិនព្រមធ្វើ(ខ្លួនឯង)? បើស្អីក៏ត្រូវសុំយោបល់ មិនបាច់ចាំមានក្រសួងទេ អញ្ចឹងនាយករដ្ឋមន្ត្រីម្នាក់ឯង ធ្វើបានហើយ»។
បុរសខ្លាំង ដែលកាន់អំណាចនៅកម្ពុជា តាំងពីបីទសវត្សន៍ជាងរូបនេះ បានពន្យល់របៀបធ្វើការ ទៅដល់មន្ត្រីរបស់លោកថា ដំបូងត្រូវ «រៀបចំផែនការឲ្យត្រូវ ហើយចាត់តាំងអនុវត្តន៍» ឲ្យចេញជារូបរាងទៅ។
យ៉ាងណា នៅក្នុងពេលកន្លងមក ប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រី បានបង្ហាញឲ្យឃើញ«ផ្សេង»ទៅវិញ ដូចជាការដកប្រធានមន្ទីរ សុខាភិបាលរាជធានីភ្នំពេញ លោក សុខ សុគន្ធ ឲ្យចេញពីតំណែងកាលពីខែសីហា ឆ្នាំទៅម៉ិញ បន្ទាប់ពីលោកអតីតប្រធានមន្ទីរ និងមន្ត្រីក្រោមឱវាទ បានឃាត់រថយន្ដគិលានសង្គ្រោះ របស់វិទ្យុសម្លេង អេប៊ីស៊ី (ABC) របស់លោកអាចារ្យ អេ។ កាលពីពេលនោះ លោកបានបន្ទោសលោក សុខ សុគន្ធ ថាមិនធ្វើរបាយការណ៍ នៃការឃាត់រថយន្ដគិលាននោះ មកជូនលោក ដែលជាថ្នាក់លើឲ្យដឹង ទើបមានកំហុសរហូតធ្លាក់តំណែងដូច្នេះ៕